​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២​ខែមិថុនា​មាន​១៤​លើក​ស្លាប់​៤​នាក់​របួស​២៣​នាក់​

481

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់​ឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១​ដល់​ម៉ោង​២​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ចំនួន​១៤​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​១៥​នាក់ (​ស្រី​២) និង​រងរបួស​ស្រាល​៨​នាក់​(​ស្រី​៣) ។​

​របាយការណ៍​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​៤​គ្រឿង​, ថ្មើរជើង​ម្នាក់ និង​យានយន្ត​ផ្សេងៗ​១​គ្រឿង ។​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៦​នាក់ ( យប់​១៦​នាក់ )​។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក បត់​គ្រោះថ្នាក់ ៣​លើក (​ស្លាប់​២​នាក់​), ស្រវឹង ២​លើក (​ស្លាប់​២​នាក់​) ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ មិថុនា ដល់​ថ្ងៃទី​២ មិថុនា ២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១៨​លើក ស្លាប់​ចំនួន​៥​នាក់ របួស​សរុប​ចំនួន​២៧​នាក់ របួសធ្ងន់ ១៩​នាក់ របួសស្រាល​ចំនួន​៨​នាក់ ៕S/