​គ​.​ជ​.​បៈ​ការរៀបចំការបោះឆ្នោត​កំពុងដំណើរការ​យ៉ាងរ​លូន​,​គ​.​ជ​.​ប​.​ប្រាប់​ពី​ចំណុច​ដែលមាន​ទោស​

1588
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​កំពុងដំណើរការ​យ៉ាង​រលូន​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ស្របទៅតាម​ច្បាប់ និង​ធម្មនុញ្ញភាព​របស់ខ្លួន​ដូច​មានចែង​ក្នុង​មាត្រា ១៥០​ថ្មី​(​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​ចេញ​នៅ​ថ្ងៃទី​៩​ខែមេសា​នេះ​បាន​បញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ​.​ជ​.​ប​បានកត់សម្គាល់​ឃើញថា​មាន​បុគ្គល​មួយចំនួន​បាន​“​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិនឱ្យ​ចូលរួម​បោះឆ្នោត​និង​ឱ្យ​អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​ធ្វើការ​ពិចារណា​ឱ្យបាន​ហ្មត់ចត់​មុននឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ នេះ ” ។​​ក្នុង​សេចក្ដីអំពាវនាវ​នោះ គេបានលើកឡើង​ផងដែរ​ថា ការបោះឆ្នោត​ដែល​គ្មាន​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ ចូលរួម គឺ “​ជាការ​បោះឆ្នោត​មួយ​ដែល​ខុសច្បាប់ ” ។​

​គ​.​ជ​.​ប​.​បាន​បញ្ជាក់ថា​យោងតាម​មាត្រា ៧៦ ថ្មី ជំពូក​ទី​៧ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​“​តំ​ណា​រាស្ត្រ​ត្រូវ ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជាស​កល​ដោយ​សេរី​ដោយ​ស្មើភាព​ដោយ​ចំពោះ​និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់ ” ។ យោង​លើ​ស្មារតី​នៃ​មាត្រា​នេះ គ្មាន​ការបែងចែក​គណបក្សនយោបាយ​តូច ឬ​ធំ​ទេ ឬ​គណបក្សកាន់អំណាច ឬ​គណបក្សប្រឆាំង​ទេ​គ្រប់​គណបក្ស​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត ។​
​យោងតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​ច​.​ប​.​ត​.​រ​) គណបក្សនយោបាយ​ដែល​បាន ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​មាន​សិទ្ធិ​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ហើយក៏​គ្មាន​មាត្រា​ណាមួយ​ក្នុង​ច្បាប់​នេះ​ចែងថា លុះត្រា​តែមាន​គណបក្សប្រឆាំង​ចូលរួម​ក្នុងការ​បោះឆ្នោត​ទើប​ចាត់​ថា ការបោះឆ្នោត​មាន​លក្ខណៈ ស្របច្បាប់​នោះដែរ ។​

​យោងតាម​មាត្រា​៨៤ នៃ​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ ដែល​បំពេញការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ជនបរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។​
​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ​ដែល​បំពេញ ការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ទោះ​ដោយផ្ទាល់​ក្តី​ឬ​ដោយ ប្រយោល​ក្តី​តួយ៉ាង​ចេញ​សេចក្តីថ្លែងការណ៍ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​គោលបំណង​គាំទ្រ ឬ​បង្ហាញ​ភាពលម្អៀង​ទៅរក ឬ​ប្រឆាំងនឹង​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ។ ការ ចេញ​សេចក្តីថ្លែងការណ៍ ការធ្វើសកម្មភាព​គាំទ្រ ឬ​ការបង្ហាញ​ភាពលម្អៀង​គឺមាន​ជាអាទិ៍​៖
​ការសរសេរ​ជា​លាយលក្ខណ៍អក្សរ ឬ​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងន័យ​គាំទ្រ គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ។​

​យោងតាម​មាត្រា ១៤៨ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ១០.០០០.០០០ (​ដប់​លាន​)​រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​)​រៀល ដោយ គ​.​ជ​.​ប ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ក្នុងស្រុក និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​អន្តរជាតិ​ដែល​បំពេញការងារ​ក្នុង​ដែនដី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​បានធ្វើ​សកម្មភាព​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​បំពាន​លើ​បញ្ញត្តិ​នៃ​មាត្រា ៨៤ នៃ​ច្បាប់​នេះ ។ ការទទួលខុសត្រូវ​នេះ មិន​លើកលែង​ការទទួលខុសត្រូវ​រប​ស់​រូបវ័ន្ត​បុគ្គល ចំពោះ អំពើ​ដដែល​ខាងលើ ឬ​បទល្មើស​ផ្សេងទៀត​ដែល​បាន​បញ្ញត្ត​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នោះឡើយ ។​

​យោងតាម​មាត្រា ១៤២ នៃ ច​.​ប​.​ត​.​រ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​)​រៀល ដោយ គ​.​ជ​.​ប ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ៖
– រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិនឱ្យ​ទៅ​បោះឆ្នោត ។​
– ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ។​
– បង្ក​ការរំខាន​មិនឱ្យ​ដំណើរការ​បោះឆ្នោត​បាន ។​
​យោង​លើ​ខ្លឹមសារ និង​បទដ្ឋាន​ច្បាប់​ទាំងនេះ​គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងនោះ ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែល​ខុសពី​គន្លង​ច្បាប់​។​គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ អញ្ជើញ​ចូលរួម​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​ឱ្យបាន​គ្រប់គ្នា ពីព្រោះ​ជា​ឱកាស​តែមួយគត់​នៅ រៀងរាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​យើង និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់ ។​
គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​អ្ន​ក​សង្កេតការណ៍​ជាតិ អន្តរជាតិ បំពេញបែបបទ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខនេះ ។​
​ប៉ុន្តែ គ​.​ជ​.​ប សូម​រំលឹកថា “​មាត្រ​១០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អាច ចាត់​បញ្ជូន​តំណាង​របស់ខ្លួន​ឱ្យមក​ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​” មិនបាន​ចែង ត្រូវតែ​ចូលរួម នោះទេ ៕​

#