​គ​.​ជ​.​ប ជូនដំណឹង​ពី​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨

992
ចែករម្លែក

ដោយ : វិបុល/ ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ឆ្នាំ ២០១៨​។​

​ក្នុង​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨​នេះ បានប្រកាស​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ អោយមក​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ ២០១៨ ។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើ​នៅ គ​.​ជ​.​ប ហើយ​គណបក្ស​យោ​បាយ​ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត ត្រូវ​មក​យក​គំរូ​ពាក្យសុំ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ឬ​អាច​ទាញយក​ពី​គេហទំព័រ គ​.​ជ​.​ប ហើយ​ដាក់​ពាក្យសុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​នៅ​ស្តី​ការ គ​.​ជ​.​ប ។​

​កាលបរិច្ឆេទ និង​ពេលវេលា​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គឺ​ចាប់ពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨ បញ្ចប់​នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។ ពាក្យ​សុះ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវមាន​ភ្ជាប់​មក​នូវ​ឯក​សារ​ពាក់ព័ន្ធ​ដូច​មាន​ក្នុង​ទម្រង់​បែបបទ​លេខ ១០០៨​។​

​គ​.​ជ​.​ប សង្ឃឹមថា គណបក្សនយោបាយ​ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នឹងចូលរួម​អនុវត្តតាម​សេច​ត្តី​ជូនដំណឹង​នេះ អោយមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០១៨ ខាងមុខនេះ​៕