​ឃាតករលាក់​មុខ ដែល​សំងំ​នៅលើ​ដី ក្នុង​ដី ក្នុង​ទឹក

1394
ចែករម្លែក

ភ្នំពេញៈ​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៧​កន្លងទៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កម្ចាត់មីន​នៅ​ខេត្តសៀមរាប​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​ក៏មាន​ការផ្ទេរ​និង​ប្រគល់​សម្ភារ​បច្ចេកទេស​បោសសំអាត​មីន​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ម​ជ្ឈ​មណ្ឌល​សកម្ម​ភា​កម្ចាត់មីន​កម្ពុជា​ផងដែរ​។​ក្នុងនោះ​រួមមាន គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​៩​គ្រឿង រថយន្ត​ចំនួន​៨៨​គ្រឿង​,​ម៉ាស៊ីនរាវមីន​ចំនួន​៧៨៨​គ្រឿង​និង​អាវ​ក្រោះ​ចំនួន​៤៥០​កំ​ប្លេ​រ​។ សម្ភារៈ​ទាំងនេះ​នឹង​បង្កើន​ប្រ​សិ​ទិ្ធ​ភាព​ប្រតិ​ប​តិ្ត​ការ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ក្នុង​ការរំដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់មីន​កប់​ក្នុង​ដី​ដែល​បន្សល់ទុក​ដោយ​សង្គ្រាម​ពី​អតីតកាល​។​ជំនួយ​ទាំងនេះ​មានតម្លៃ​ជាង​១១​លាន​ដុល្លារ​អាមេរិក​។​

​ ​ផ្តើមចេញពី​ចំណុច​នេះ​បាន​បង្កើតជា​សំណួរ​ថា តើ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ​បានកើត​ឡើង​ពី​ពេលណា​? ហើយ​ពេលណា​ទើប​យក​វា​ចេញ​អស់ពី​ក្នុង​ដី​?​ពេលណា​ទើប​លែងមាន​របស់​ទាំងនេះ ដែល​ធ្វើ​ឲ្យ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​ស្លាប់​និង​របួស​ពិការ​?​ពិសេស​ប្រជាជន​ដែល​រស់នៅ​អតីត​តំបន់​ដែល​ឆ្លងកាត់​សង្គ្រាម​។​

​ ​ចាប់តាំងពី​ឆ្នាំ​១៩៩៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​២៤​ខែកុម្ភៈ​ជា​រៀងរាល់​ប្រារព្ធ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​ក្នុង​គោលបំណង​បង្ហាញ​អំពី​សមិទ្ធិ​នៃ​ការរំដោះ​យុទ្ធភណ្ឌ​និង​គ្រាប់មីន​គ្រប់​ប្រភេទ និង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​ពុំទាន់​ផ្ទុះ​ផងដែរ​។​
​ ​យុទ្ធភណ្ឌ​និង​គ្រាប់មីន​គ្រប់​ប្រភេទ​មិនទាន់​ផ្ទុះ ជា​សំណល់​នៃ​សង្គ្រាម​ពី​អតីត​កាលដែល​បង្កឡើង​ដោយ​បរទេស​ក្នុងនោះ​ក៏មាន​សហរដ្ឋអាមេរិក​ផង​បានចាប់ផ្តើម​តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០​។​សង្គ្រាម​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា បាន​បន្សល់ទុក​ឃាតក​លាក់​មុខ​នេះ​ជាច្រើន​លាន​គ្រាប់​។​

​ ​ក្នុង​ឯកសារ​ដែល​បញ្ជា​ក់ដោយ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​ឬ​ហៅ​កាត់​ថា​ស៊ីម៉ាក់​(CMAC)​បាន​កត់ត្រា​ថា សង្គ្រាម​និង​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុ​ជាមាន​រយៈពេល​ជាង​១២​ឆ្នាំ​(១៩៦៣-១៩៧៥)​ជាប់ៗ​គ្នា ហើយ​បើ​គិតពី​ចំនួន​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​គិត​ជា​មធ្យម​ជាង​៥០០​គ្រាប់​ក្នុង​មួយថ្ងៃ​(៤.៧៤៥​ថ្ងៃ​)​។ ការទម្លាក់​គ្រាប់​បោក​នៅ​កម្ពុជា មិនមែន​កម្រិត​ត្រឹមតែ​ទម្លាក់​តាម​ផ្លូវលំ​ហូជីមិញ​តាម​សម្លាប់​ពួក​វៀត​កុង​នោះទេ​ព្រោះថា​ក្នុងចំណោម​ជើងហោះហើរ​ទម្លាក់​គ្រាប់បែក​ចំនួន​ជាង​២៣០.៥៤៤​ជើង​នោះ​ការហោះហើរ​ទម្លាក់​តាម​តំបន់​ផ្លូវលំ​ហូជីមិញ​មាន​ចំនួន​ប្រមាណ​តែ ៣៨.៩០២(​ជិត​៤​ម៉ឺន​)​ប៉ុណ្ណោះ​។​រីឯ​ចំនួន​១៩១.៦៤២(​ជិត​២០​ម៉ឺន​)​ជើងហោះហើរ​ទៀត​មិន​ទម្លាក់​តាមផ្លូវ​នៃ​តំបន់​ផ្លូវលំ​ហូជីមិញ​នោះទេ ហើយ​ការទម្លាក់​ខ្លះ​សិ្ថ​ត​នៅ​តំបន់​ប្រាសាទអង្គរវត្ត តំបន់​ខេត្តបាត់ដំបង​,​ខេត្តពោធិ៍សាត់​ជាដើម​។​ល​។​តាម​ទិ​ដ្ឋ​ន័យ​ការទម្លាក់​គ្រាប់បែក​ដោយ​សហរដ្ឋអាមេរិក​គិតពី​ថ្ងៃទី​៤​តុលា​១៩៦៥​ដល់​ថ្ងៃទី​១៥​ខែសីហា​១៩៧៣ មាន​គ្រាប់បែក​ចំនួន​២.៧៥៦.៩៤១​តោន​ដែល​ហោះហើរ​ទម្លាក់​គ្រាប់​មាន​ចំនួន​២៣០.៥១៦​ជើង​(​លើក​),​ទម្លាក់​នៅ​ទីតាំង​ចំនួន​១១៣.៧១៦​កន្លែង​។​ដូចនេះ​បើ​គិតពី​ចំនួន​ជំរឿន​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៦៥-៧០​មាន​ចំនួន​ប្រមាណ​៦​លាន​៥​សែន​នាក់ មានន័យថា​ប្រជាជន​ខែ្មរ​ម្នាក់​ត្រូវ​ទទួល​ទម្ងន់​គ្រាប់បែក​ជាង​៤០០​គីឡូក្រាម​។ បើ​គិត​តាមបែប​សាមញ្ញ​វិញ​ឲ្យ​មនុស្ស​ម្នាក់​លើក​ឬ ទ្រ​ទម្ងន់​គ្រាប់​ជាង​៤០០​គីឡូក្រាម​នោះ សូម្បីតែ​សង្កត់​ក៏​ស្លាប់​ដែរ​មិនបាច់​គិតដល់​វា​ផ្ទុះ​នោះទេ​។​កម្ពុជា​រងគ្រោះ​ដោយសារ​បែក​ចង្កោម​ក្នុងសម័យ​សង្គ្រាម​នៅ​ទសវត្សរ៍​ទី​៦០​និង​ទី​៧០ ដែល​ទម្លាក់​ដោយ​កងទ័ព​អាកាស​សហរដ្ឋអាមេរិក​មាន​ចំនួន​ប្រមាណ​ជាង ២៩,៥​លាន​គ្រាប់ (29.5 millions cluster submunitions)​។​ឯកសារ​ខ្លះ​ថា​មាន​ចំនួន​២៦​លាន​គ្រាប់ ហើយ​មាន​ច្រើន​ប្រភេទ​ដូចជា BLU 17, BLU24, BLU69 ជាដើម និង​គ្រាប់បែក​ចង្កោម​។​

​ ​ខាងលើនេះ​គឺជា​មួយផ្នែកធំ​នៃ​ការ​បន្សល់ទុក​នូវ​យុទ្ធភណ្ឌ​ពុំទាន់​ផ្ទុះ​យ៉ាងច្រើន រួមជាមួយ​សង្គ្រាម​ផ្ទៃក្នុង​បន្តបន្ទាប់​មកទៀត​ផង​បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​និង​គ្រាប់មីន​យ៉ាងច្រើន​ដែល​ពុំទាន់​បាន​បន្សាប​និង​រំដោះ​។​
​ ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ​ធំៗ​គឺ​ទី​១.​គ្រាប់មីន​គ្រប់​ប្រភេទ​,​ទី​២.​គ្រាប់បែក​ចង្កោម​,​ទី​៣.​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​(​រួមមាន​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​,​គ្រាប់កាំភ្លើង​ធំ​,​គ្រាប់កាំភ្លើង​ធន់​មធ្យម​និង​ធ្ងន់​គ្រប់​ប្រភេទ​) និង​ទី​៤.​គ្រាប់បែក​គីមី​។​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនេះ​ស្ថិតនៅ​រាយប៉ាយ​លើដី​,​កប់​ក្នុង​ដី​និង​ក្នុង​ទឹក ដែល​បាន​ប្រើប្រាស់ បម្រុង​ប្រើប្រាស់ និង​ត្រូវបាន​បោះបង់ចោល​។​

​ ​យោងតាម​ឯកសា​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន​និង សង្គ្រោះ​ជនពិការ​ដោយសារ​មីន​(​អាជ្ញាធរ​មីន​)​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​(​គិតពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ ) កម្ពុជា​បានធ្វើការ​បោសសំអាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី ១ .៥៩៥ គីឡូម៉ែត្រ​ក្រឡា សម្រាប់​បង្កបង្កើនផល​សាងសង់​លំនៅដ្ឋាន ផ្លូវថ្នល់ សាលារៀន​។​ល​។​ក្នុង​នោះបាន​រកឃើញ​និង​បំផ្លាញចោល​គ្រាប់មីន​ចំនួន​ជាង​មួយ​លាន​គ្រាប់ , គ្រាប់មីន​ប្រឆាំង​រថក្រោះ​ជាង​ពីរម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​ពីរលាន​គ្រាប់​។ អត្រា​ជនរងគ្រោះ​ថ្នាក់ ក៏បាន​ធ្លាក់ចុះ​ពី​ជាង​ពីរពាន់​នាក់​ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៨៣​នាក់​នៅ​ឆ្នាំ​២០១៦ កន្លងទៅ​។​ដោយឡែក ចាប់ពី​ខែមករា មកដល់​ខែមិថុនា ឆ្នាំ​២០១៧ កម្ពុ​ជាមាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣២ នាក់​។

​របាយការណ៍​ស្រាវជ្រាវ​មូលដ្ឋាន​បង្ហាញថា កម្ពុជា​នៅមាន​ផ្ទៃដី​សង្ស័យថា​មាន​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​១. ៩៧០ គីឡូម៉ែត្រ​ក្រឡា​ទៀត​។​គួរ​បញ្ជាក់ដែរថា សកម្មភាព​រំដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រហូតមក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​ដំណើរ​បាន​ដោយ​ការជួយ​ពី​រាជរដ្ឋាភិបាល អង្គការ​ធំៗ​ជា​ដៃគូ ប្រទេស​ផ្តល់ជំនួយ​ជា​ដៃគូ និង​អង្គការ​ដោះមីន​អន្តរជាតិ​មួយចំនួនទៀត​។​
​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ផែនការ​ច្បាស់លាស់​គឺ​រយៈ​ពេល​១០​ឆ្នាំ​ទៀត​ត្រូវ​បោសសម្អាត​គ្រាប់មីន​ឱ្យអស់​នៅក្នុង​ប្រទេស​កម្ពុជា តែ​ត្រូវការ​ថវិកា​ជំនួយ​ប្រមាណ​៤០៦​លាន​ដុល្លារ​អាមេរិក​។​លោក​ហេង រតនា អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌ​សកម្មភាព​មីន​កម្ពុជា​បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ដោយ​អះអាងថា “ ស៊ីម៉ាក់​គ្រោង​នឹង​ដោះ​និង​កម្ទេច​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ផ្ទុះ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២៥​ដោយ​ត្រូវការ​ថវិកា​ប្រមាណ ៤០៦ លាន​ដុល្លារ​អាមេរិក ឬ ប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​បើ​មាន​ថវិកា​គ្រប់គ្រាន់​នោះ ស៊ីម៉ាក់ នឹង​អាច​បញ្ចប់​ការងារ​របស់ខ្លួន​នៅមុន​កាលកំណត់​ទៀតផង ព្រោះ​ស៊ីម៉ាក់ មាន​ធនធានមនុស្ស ឬ អ្នកជំនាញ​គ្រប់គ្រាន់​ហើយ​គឺ​ខ្វះ​តែ​ថវិកា​ប៉ុណ្ណោះ ។​
​គួរបញ្ជាក់​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ កម្ពុជា​បាន​កសាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​បច្ចុប្បន្ន​២០១០-២០១៩​។​នេះ​ជា​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​គ្រប់​ជ្រុងជ្រោយ​លើក​ទី​១​សម្រាប់​វិស័យ​មីន​ដែល​បាន​គាំទ្រ​ដល់​គោលដៅ​ចម្បងៗ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។ ផែនការ​យុទ្ធសាស្ត្រ​នេះ​មាន​​ទស្សនៈវិស័យ​បេសកកម្ម​គោលដៅ​៤, អនុ​គោលដៅ​១៤ សូចនាករ ស្ថាប័ន និង​ការសម្របសម្រួល​វិធានការ​អនុវត្ត​និង​តម្រូវការ​ធនធាន​ដោយ​ប្រ​មើ​មើល​ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​បរិបទ​ឆ្នាំ​២០០៨-២០០៩​ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​សំណើសុំ​ពន្យា​ពេល​១០​ឆ្នាំ​តាម មាត្រា​៥​នៃ​អនុសញ្ញា​អូ​តា​វ៉ា គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​កាតា​ហេ​ណា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៩ និង​គោលនយោបាយ​ជាតិ​នានា​។​បច្ចុប្ប្បន្ន​កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​ថ្មី គឺ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ឆ្នាំ​២០១៨-២០២៥​។​

​ ​យោងតាម​ឯកសា​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​បាន​បញ្ជាក់ថា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ត្រូវបាន​តាក់តែងឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​ទាំងឡាយ​ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​ដើម្បី​ការអភិវឌ្ឍ និង​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ ការកសាង​ផែនការ​យុទ្ធសាស្ត្រ​នេះ គឺ​ផ្អែកលើ​យុទ្ធសាស្ត្រ​ដែលមាន​ពីមុន​ក៏ដូចជា​ចំណេះដឹង​និង​បទពិសោធន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​ច្រើន​ឆ្នាំកន្លងមក​ពី​កិច្ចប្រឹងប្រែង​បោសសម្អាត​មីន​។​
​ដើម្បី​អនុវត្ត​នូវ​ផែនការ​នេះ​ឲ្យ​បាន​ជោគជ័យ​អាជ្ញាធរ​មីន​កម្ពុជា ត្រូវ​ចាត់វិធានការ​អនុវត្ត​គោលដៅ​ចំនួន​៤ គឺ​ទី​១.​កាត់បន្ថយ​គ្រោះថ្នាក់​មីន និង​ផលប៉ះពាល់​អវិជ្ជមាន​ដទៃទៀត​។​ទី​២.​រួមចំណែក​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ទី​៣.​ធានា​និរន្តរភាព​សមត្ថភាព​ជាតិ​ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​ដែល​សេសសល់ និង​ទី​៤.​លើកកម្ពស់​ស្ថិរភាព និង​ការរំសាយ​សព្វាវុធ នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។​
​ទន្ទឹមគ្នានេះ​រាជរដ្ឋាភិបាល តាមរយៈ​អាជ្ញាធរ​មីន​កម្ពុជា​ក៏បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​រួមមានៈ ធ្វើការ​ស្រាវជ្រាវ​ទិន្នន័យ​មូលដ្ឋាន​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​,​អនុវត្ត​វិធីសាស្ត្រ​កាត់បន្ថយ​ផ្ទៃដី​សង្ស័យ ដោយ​ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​មូលដ្ឋាន​,​បញ្ជ្រាប​ផែនការ​សកម្មភាព​មីន​ជាមួយនឹង​ផែនការ​ថ្នាក់ក្រោម​ជាតិ ដោយ​ធ្វើ​ការចាត់​អាទិភាព​ចម្ការមីន ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​មូលដ្ឋាន និង​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការអភិវឌ្ឍ​ដើម្បី​កំណត់​ធនធាន​បោសសម្អាត​មីន​ឲ្យ​ចំ​ទិសដៅ​ពង្រឹងសមត្ថភាព និង​ការសម្របសម្រួល​ការងា​រ​សំខាន់ៗ​មួយចំនួន​ដូចជា ការរៀបចំ​ផែនការ ,​ការសម្របសម្រួល​សក​ម្ម​ភាព​មីន​, ការបញ្ជ្រាប​យេនឌ័រ​, ការគ្រប់គ្រង​ព័ត៌មាន​និង​ការធានា​គុណភាព ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​ក្នុង​តំបន់ និង​អន្តរជាតិ ដោយ​ចូលរួម​អនុវត្ត​នូវ​អនុសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​និង​ធ្វើការ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន និង​រក្សា​និរន្តរភាព​សមត្ថភាព​ជាតិ​។​

​អាជ្ញាធរ​មីន​កម្ពុជា​ក៏បាន​លើក​ផែនការ​ថា កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​យ៉ាងហោចណាស់​ឲ្យ​បាន​ប្រមាណ​១០០ គីឡូម៉ែត្រ​ការ៉េ​ក្នុង​មួយឆ្នាំៗ​។​ដើម្បី​គាំទ្រ​ឲ្យ​សម្រេច​ផែនការ​នេះ​បាន កម្ពុជា​ត្រូវការ​ថវិកា​ប្រចាំឆ្នាំ​ជាង​១២​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​មួយឆ្នាំៗ​។ លើសពីនេះ​ទៀត​កម្រិត​ថវិកា​សម្រាប់​គាំទ្រ​សកម្មភាព​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​មីន ក៏​អាជ្ញាធរ​មីន​កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៦​សែន​ដុល្លារ ក្នុង​មួយឆ្នាំ​។​
​អាជ្ញាធរ​មីន​កម្ពុជា​ក៏បាន​ប្រកាសថា ក្នុង​រយៈពេល​ជាង ១៨ ឆ្នាំ​កន្លងទៅ សម្រាប់​វិស័យ​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា គឺ​កម្ពុជា​ទទួលបាន​ការរួម​ចំណែក​ពី​សហគមន៍​អន្តរជាតិ​ប្រមាណ​២៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​ការគំរាមកំហែង និង​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​
​ចំណែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​វិញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​អំ​នាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន យុវតី ឲ្យ​ចូលរួម​ទស្សនា​“​សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​”​នៅ​ខេត្តសៀមរាប​ដើម្បី​សែ្វ​ង​យល់​កាន់តែច្បាស់​អំពី​សង្គ្រាម និង​កាកសំណល់​ជាតិ​ផ្ទុះ​ក្រោយ​សង្គ្រាម​ដែល​ប៉ះពាល់​ដល់​ការរស់រាន​និង​ប្រកបការងារ​ផ្សេងៗ​របស់​សហគមន៍​នៅតាម​បណ្តា​ខេត្ត​នានា​។ នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕MN
ដោយៈម៉េងឆៃ ស្រីនាថ