​ឃាត់ខ្លួន​ក្រុម​ចាប់ជំរិត​៥​នាក់​និង​រំដោះ​ជនជាតិ​ថៃ​២​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ដ​

570
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់ព័ន្ធ​ករណី​ឃុំឃាំង​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់​ដើម្បី​ជំរិត​ទារប្រាក់​។​ការឃាត់ខ្លួន​ធ្វើឡើង​នៅក្នុង​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ បានឱ្យដឹងថា​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ជំរិត​ទា​ប្រាក់​ទាំង​៥​រូបនេះ ក្រោម​ការចង្អុល​ណែនាំ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​សេនីយ៍​ឆៃ​ស៊ីណា​រិ​ទ្ធ​អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​សន្តិសុខ​។​

​លោកស្នងការ បាន​បន្តថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​យន្តហោះ ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។ ក្រោយ​ស្ត្រី​រងគ្រោះ​ចុះ​ពីលើ​យន្តហោះ ក៏មាន​រ៉ឺម៉ក​កង់​បី​ដឹក​ចេញពី​ព្រលានយន្តហោះ ដែលមាន​រថយន្ត​មួយគ្រឿង ចាំ​ទទួល​យកមក​ទីតាំង​កើតហេតុ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តែម្តង​។​

​ក្រោយមក​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​នេះ បាន​បង្ខំ​ឱ្យ​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​នៅ​ប្រទេស​ថៃ​ឱ្យ​ផ្ទេរប្រាក់​ជា​ថ្នូរ​និង​ការ​ដោះ​លេង​។​បន្ទាប់ពី​ស្ត្រី​ជនជាតិ​ថៃ​ទាំងពីរ​នេះ ប្រាប់​ក្រុមគ្រួសារ និង​ផ្ញើ​រូបភាព​ទៅឱ្យ​ក្រុមគ្រួសារ​មើល​ក្រុមគ្រួសារ​រងគ្រោះ​ក៏​ប្តឹង មក​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ហើយ​ស្ថានទូត​ថៃ​ប្តឹង​បន្តម​កអគ្គ​ស្នង​ការន​គ​របាល​ជាតិ ទើប​បំបែក​បាន​សំណុំ​រឿងនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន​ចំណាន​បាន​បន្ថែមថា​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​នគរបាល​ខេត្តព្រះវិហារ ប្រមាណ​៤០​នាក់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ និង​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ មួយ​យប់​ទល់​ភ្លឺ ។​រហូត​ទទួល​បង្ក្រាបបាន​ជោគជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ព្រមទាំង​ដកហូត​សម្ភារៈ​មួយចំនួន និង​រំដោះ​នារី​ជនជាតិ​ថៃ​បាន​ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​។​ដោយឡែក​នារី​រង​គ្រោះជា​ជនជាតិ​ថៃ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​រាជធានី​ភ្នំពេញ​ផងដែរ​៕S/​

ឃាត់ខ្លួន​ក្រុម​ចាប់ជំរិត​៥​នាក់​និង​រំដោះ​ជនជាតិ​ថៃ​២​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ដ​
នារីរងគ្រោះជាជនជាតិថៃ