​ឃាត់ខ្លួន​ក្រុម​ដាក់​ថ្នាំ​យក​ម៉ូតូ​និង​ទទួលផល​ចោរកម្ម​ប្រាំ​នាក់​ក្នុង​ខេត្តកំពត​

16742

(​កំពត​)៖​បុរស​ប្រាំ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៧​ក្រោម​កិច្ចសហការ​រវាង​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង និង​កម្លាំង​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​ពីបទ​សង្ស័យ​ជា​ក្រុម​ដាក់​ថ្នាំ​យក​ម៉ូតូ និង​ទទួលផល​ចោរកម្ម​ដ៏​សកម្ម​ក្នុង​បណ្តា​ខេត្ត​ជាច្រើន​។​
​លោក​លក​ញ៉ា​វ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​បានឱ្យដឹង​តាម​របាយការណ៍​នគរ​បាល​ខេត្តបាត់ដំបង​ថា​កាលពី​យប់​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​ក្នុង​ហាង​មួយ​ស្ថិតនៅ​កណ្តាល​ក្រុង បន្ទាប់ពី​តាមដាន​ស្រាវជ្រាវ​មុខសញ្ញា​ដាក់​ថ្នាំ​យក​ម៉ូតូ​។
ជាមួយនឹង​ការសួរនាំ​ក៏​លេចចេញ​នូវ​ឈ្មោះ​ជនសង្ស័យ​សមគំនិត និង​ទទួលផល​ចោរកម្ម​មួយចំនួនទៀត​កំពុង​រស់នៅក្នុង​ខេត្តកំពត​ទើប​លោកស្នងការ​ខេត្តបាត់ដំបង​ស្នើសុំ​ពន្លាត​ដែន​សមត្ថកិច្ច​ដោយ​នាំ​ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង​មកកាន់​ខេត្តកំពត​។

លោកនាយ​ការិយាល័យ​បាន​រៀបរាប់​បន្តទៀតថា​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧ ក្រោម​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ខេត្ត​ទាំងពីរ និង​មាន​កិច្ចសម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពត​ព្រមទាំង​ប្រើ​ជនសង្ស័យ​នាំ​មកពី​ខេត្តបាត់ដំបង​ម្នាក់​ធ្វើជា​ធ្នាក់ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​ជា​បន្តបន្ទាប់​ដើម្បី​នាំយក​ទៅកាន់​ខេត្ត​ម្ចាស់​សាមី​ករណី​បទល្មើស វិញ​។ លោក​លក ញ៉ា​វ​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ១. ឈ្មោះ និ​ន មាំ​ង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​, ២. ឈ្មោះ​គឹម សេង​ដុះ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។

​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។ ៣. ឈ្មោះ​ហឺ​ង គឹម​ហៃ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្តុក ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត​, ៤. ឈ្មោះ​ឃិន ណី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កសិករ ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត​, ៥. ឈ្មោះ​ម៉ម ហ៊ិ​ន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត​។

ដោយឡែក​ជនសង្ស័យ​ដែល​នាំ​មកពី​ខេត្តបាត់ដំបង​ឈ្មោះ​ស៊ឹម ច​ន្ថ​ន ហៅ​ឥណ្ឌា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង​ស្រុក​ឈូក​ខេត្តកំពត​ដោយ​ជននេះ​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​លុះ​ចេញ​មកវិញ​ក៏​បង្កើត​បក្ខពួក​ប្រព្រឹត្ត​អំពើ​ដដែល​នោះ​ទៀត​។

របាយការណ៍​របស់​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​នៅបាន​បញ្ជាក់ថា​ក្រុម​នេះ​ធ្លាប់​ប្រើល្បិច​ពិសពុល ដូចជា ហៅ​ម៉ូតូឌុប​ប្រភេទ​ល្អៗ​ជិះ រួចរ​ទម្លាក់​ទ្រព្យសម្បត្តិ​ដោយ​ពឹង​ម្ចាស់​ឱ្យ​ចុះ​រើស ហើយក៏​ជិះ​ម៉ូតូ​គេចខ្លួន​។ ការសុំ​ស្គាល់​អ្នកដទៃ​នៅ​ហាង លុះ​ផឹក​ស្រវឹង​ភ្លេចខ្លួន ឬ​រវល់​ចូល​បន្ទប់ទឹក​ក៏​ឆ្លៀត​ដាក់​ថ្នាំ​ដែល​ក្រុម​គេ​កែច្នៃ​ក្នុង​កម្រិត​គ្រោះ​ថ្នាក់ខ្ពស់ រួច​នាំចេញ​ក្រៅ​យក​ម៉ូតូ​តែម្តង​។

ពួកគេ​ប្រព្រឹត្ត​អំពើ​មាន​ក្នុង​ស្ថាន​ទម្ងន់ទោស​ទាំងនេះ​មិនតិចជាង​២០​លើក​ទេ ក្រោយពី​បង្កើតជា​បណ្តាញ ដោយបាន​ធ្វើឡើង​នៅ​ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ចាម កំពង់ស្ពឺ កំពង់ធំ និង​ខេត្តកំពត​ជាដើម​៕S/ ដោ​៖​បូកគោ​

ឃាត់ខ្លួន​ក្រុម​ដាក់​ថ្នាំ​យក​ម៉ូតូ​និង​ទទួលផល​ចោរកម្ម​ប្រាំ​នាក់​ក្នុង​ខេត្តកំពត​