​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពីបទ​យក​ខ្សែដៃ​ក្លែងក្លាយ​ទៅ​ដាក់បញ្ចាំ​៣០០​ដុល្លារ​

331

(​កណ្តាល​)៖​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​នឹង​គ្រឿងអលង្ការ​ក្លែងក្លាយ​ស្រោប​ផ្លាក​ទីន​ចំនួន​៣​ខ្សែ​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្សា​ព្រែ​កតា​មាក់​ភូមិ​ព្រែ​កតា​មាក់​ឃុំ​ព្រែក​តា​មាក់​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ជួប ដាវី ហៅ វី ភេទ ស្រី អាយុ​៤៤ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាមរ ខេត្តព្រៃវែង ។ ឈ្មោះ ជុំ សំណាង ហៅ​ទូច ភេទ ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​តុ​ហាង​លក់​គ្រឿងក្លែម​មាន​ទីលំនៅ​ភូមិ​ប្រា​ឃុំ​អង្គរជ័យ​ស្រុក​អង្គរជ័យ​ខេត្តកំពត​។​ចំណែក​ម្ចាស់​ទទួល​បញ្ចាំ​ឈ្មោះ សំ ស៊ីថា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា​មុន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​យក​ខ្សែដៃ​ក្លែងក្លាយ​ស្រោប​ផ្លាក​ទីន​ចំនួន​៣​ខ្សែ​កងដៃ​ក្លែងក្លាយ​ស្រោប​ផ្លាក​ទីន​ចំនួន មួយ​វង់​-​ចិញ្ចៀន​ក្លែងក្លាយ​មួយ​វង់​មក​បញ្ចាំ​។​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៥០​ពណ៌​ទឹក​ប៉ិច​ផ្លាកលេខ​ភ្នំពេញ​1H3808​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចូល​ផ្សារ​ព្រែក​តា​មាក់​ហើយ​បាន​យក​ខ្សែដៃ​ក្លែងក្លាយ​ស្រោប​ផ្លាក​ទីន​យកទៅដាក់​បញ្ចាំ​នៅ​តូប​លក់​មាស​ជនរងគ្រោះ​ដោយ​ដាក់បញ្ចាំ​ខ្សែដៃ​មួយ​ខ្សែ​ក្នុងតម្លៃ​៣០០​ដុល្លារ​។​

​ពេលនោះ​ម្ចាស់​ទទួល​បញ្ចាំ​មានការ​សង្ស័យ​បាន​ពិនិត្យ​មើលឃើញថា​ជា​ខ្សែដៃ​ក្លែងក្លាយ​ហើយ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​មាក់​ដែល​ប្រចាំការ​នៅ​ផ្សារ​នេះហើយ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​មាន​ខ្សែដៃ​២​ខ្សែ​កងដៃ​មួយ​វង់ចិញ្ចៀន​មួយ​វង់​ជា​របស់​ក្លែងក្លាយ​។​ករណីនេះ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់

​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពីបទ​យក​ខ្សែដៃ​ក្លែងក្លាយ​ទៅ​ដាក់បញ្ចាំ​៣០០​ដុល្លារ​