​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជក់​គ្រឿងញៀន​បែកធ្លាយ​ទិញ​ម៉ូតូ​ពាក់ព័ន្ធ​បទល្មើស​

283
ចែករម្លែក
  • 50
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​នាំគ្នា​ជក់​ថ្នាំញៀន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​។​តែ​បែ​ជា​បែកធ្លាយ ពាក់ព័ន្ធ​ទិញ​ម៉ូតូ​ចោរកម្ម យកមក​កែប​ន្លំ ដោះ​ស្លាក​លេខ មួយ​ករណី​ទៀត​។​ការឃាត់ខ្លួន​នៅ នៅ​ដី​វាល តាមផ្លូវ​បេតុង ក្នុងភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ព្រំ វិបុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទី​២ ឈ្មោះ ឈុន សុ​ី​ណន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ម៉ូតូ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ម៉ាក​ហុងដា សេ​១២៥ សេរី​២០០៧ បក​តែម​ចោល បិទ​តែម​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-3471 ។​

​ជនសង្ស័យ​ទាំង​២​នាក់​សារភាព​ផងដែរ ជុំវិញ​ម៉ូតូ ពួកគេ​ចូល​លុយ​គ្នា​ទិញ​ម៉ូតូ​មួយគ្រឿង​ខាងលើ តម្លៃ​២១០​ដុល្លារ ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញា នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង អស់​រយៈពេល​ជាង​១​ខែ​ហើយ​។ ពួកគេ​ក៏បាន​ដឹង​ដែរ​ជា​ម៉ូតូ​ខ្លាច​ប៉ូលិស ទើប​យកមក​ប្តូរ​តែម​ថ្មី ដោះ​ស្លាក​លេខ​ចោល គ្រាន់​ជិះ​ដើរ​ទិញ ជក់​គ្រឿងញៀន លុះ​មកដល់​ព្រឹក​ថ្ងៃទី​២០ ខែ​មិនា​នេះ កំពុង​ជក់​ថ្នាំញៀន​ប៉ូលិស​ចាប់ខ្លួនបាន​តែម្តង ។​

​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួច​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បន្ត​តាម​នីតិវិធី ៕S/​