​ឃាត់ខ្លួន​បុគ្គលិក​៣​នាក់​សង្ស័យ​នាំ​ពលករ​ខុសច្បាប់​ទៅ​ប្រទេស​ជប៉ុន

941
ចែករម្លែក

​(​ភ្នំពេញ​)៖​បុគ្គលិក​៣​នាក់​នៅ​ក្រុមហ៊ុន​”​ខ្មែរ​ស៊ឺ​វី​ស​”​ស្ថិតនៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង លោក សៀង សុខ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​។​

ក្នុង​នោះបាន​បិទ​ទីតាំង​ក្រុមហ៊ុន​នេះ ក្រោយពី​មាន​ពាក្យបណ្ដឹង និង​សង្ស័យ ពាក់ព័ន្ធ​ការកេងប្រវ័ញ្ច​ពលកម្ម​ខុសច្បាប់ ឬ​នាំ​ពលករ​ខុសច្បាប់​ទៅកាន់​ប្រទេស​ជប៉ុន​និង​ប្រទេស​មួយចំនួនទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​ចុះមក​ត្រួតពិនិត្យ​ទីតាំង​មួយ​នេះ បន្ទាប់ពី​នគរបាល​របស់លោក ទទួលបាន​ពាក្យបណ្ដឹង ពី​ពលករ​៣​នាក់​ដែល​ត្រូវបាន​ក្រុមហ៊ុន​នេះ​ជ្រើសរើស ហើយ​ប្រគល់ជូន​ក្រុមហ៊ុន​មួយទៀត ដែល​លោក​មិនទាន់​បញ្ចេញ​ឈ្មោះ និង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការដែល​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញារង សៀង សុខ និង​មានការ​ចូលរួម​ពី​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​មូលដ្ឋាន សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ឈ្មោះ សោ ស្រង់ អាយុ​២៨​ឆ្នាំ​, ឈ្មោះ សោ ថេ​ន អាយុ​២៧​ឆ្នាំ និង ឈ្មោះ តាំង អ៊ីវ​ងី អាយុ​៥៦​ឆ្នាំ ដើម្បី​យកទៅ​សួរនាំ​បន្ដ​ចាត់វិធានការ​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ជីវ ផល្លី ក៏បាន​បញ្ជាក់​ផងដែរ​ថា ទីតាំង​មួយ​នេះ​ហាក់​មិនមែនជា​ក្រុមហ៊ុន​ឡើយ ដោយសារតែ​ពុំមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ក្នុង​ការបើក​អាជីវកម្ម​នោះទេ​៕S/​ដោយៈ​ស​រិ​ទ្ធ

​ឃាត់ខ្លួន​បុគ្គលិក​៣​នាក់​សង្ស័យ​នាំ​ពលករ​ខុសច្បាប់​ទៅ​ប្រទេស​ជប៉ុន