​ឃាត់ខ្លួន​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជាង​២០​កញ្ចប់​

556

(​កំពត​)៖​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​នគរបាល​ស្រុក​អង្គរជ័យ កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជាង​២០​កញ្ចប់​។​

លោក​លក​ញ៉ា​វ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ រួមមាន ១. ឈ្មោះ​ហ៊ា សំណាង ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ស្នង​សា​ហែ​ត ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។ ២. ស៊ាន រដ្ឋា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។

លោកនាយ​ការិយាល័យ​បាន​រៀបរាប់ថា​ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រភព​សម្ងាត់ និង​ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ព្រមទាំង​មាន​កិច្ច​សម្រប​សម្រប​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​អង្គរជ័យ​ចុះ​ឆែកឆេរ​លំនៅស្ថាន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី​។

​ជា​លទ្ធផល សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​មួយកញ្ចប់​ធំ និង​២១​កញ្ចប់​ដែល​គេ​លាក់ទុក​ក្នុង​លំនៅស្ថាន​នោះ​។ លោក​លក ញ៉ា​វ​បាន​បញ្ជាក់ថា​ជាមួយ​វត្ថុតាង​ទាំងនេះ សមត្ថកិច្ច​ក៏បាន​សម្រេច​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ បូកគោ​

​ឃាត់ខ្លួន​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជាង​២០​កញ្ចប់​