​ឃាត់ខ្លួន​វៀតណាម​ចំនួន ​១២​នាក់​ និង​គ្រឿងចក្រ​៦​គ្រឿង

562
ចែករម្លែក
  • 14
    Shares

ដោយៈ​សុខុម​/​ខេត្តរតនគិរីៈ​ សមត្ថកិច្ច​ខេត្តរតនគិរី​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​និង​គ្រឿងចក្រ​៦​គ្រឿង​ នៅ​ក្រុមហ៊ុន នុ​ភាព​សុ​ភី ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៦​ ខែមេសា ឆ្នាំ​២០១៩​។​

ករណីនេះ ដឹកនាំ​កម្លាំងចម្រុះ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី​ តាម​បទបញ្ជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី​។​

​បច្ចុប្បន្ននេះ ខាង​កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ជនជាតិ​វៀតណាមចំនួន​១២​នាក់ ឲ្យ​ទៅខាងនគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តរតនគិរី ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក គ្រឿងចក្រចំនួន ៦​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយមន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ខេត្តរតនគិរី​កំពុងតែគ្រប់គ្រងនៅក្នុងបរិវេណ​ក្រុមហ៊ុននុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់​នេះ​និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង គឺ​ចូលមកដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃបង្គោល​ការពារ​ព្រំដែន លេខ​១៤​ ក្នុងភូមិ​សាស្ត្រប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ 505 (​ប៉ុស្តិ៍ភូមិ​ចង )​ខេត្តរតនគិរី ជាប់​ព្រំប្រទល់ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន 711 ស្រុក ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ​សេក វិ​រៈ​ ប្រធាន​ក្រុមហ៊ុន នុ​ភាព​សុ​ភី និងវៀតណាម​ឈ្មោះ​VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 23 31 24 234 ៕S/​Ha

#