​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្រោម​បទ​សង្ស័យ​បង្ក​ប៉ះពាល់​កិត្តិយស​និង​ចលាចល​ក្នុងសង្គម​

514
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្រោម​បទ​សង្ស័យ​ភូតកុហក​អាជ្ញាធរ​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា​ដោយសារ​ទំនាស់​ក្នុង​គ្រួសារ​ប្តី​របស់ខ្លួន​យក​រថយន្ត​ចេញពីផ្ទះ​បែរជា​ប្តឹង​អំពី​ការបាត់​ទ្រព្យសម្បត្តិ​ទៅវិញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ក្នុងករណីនេះ​ឈ្មោះ​តូច ណាវី អាយុ ៣៩​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​រោង​ម៉ាស៊ីន​សង្កាត់​អូរ​អំបិល​ក្រុង​សេរី​សោ​ភណ្ឌ​ខេត្តបន្ទាយមានជ័យ​។

​លោកស្នងការ​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​មេឃ​វេហា៍​បញ្ជាក់ថា​នាង​ខ្ញុំ​(​តូច​ណាវី​)​បាន​បាត់​រថយន្ត​ម៉ាក​TOYOTATACOMA​ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ​2AV8367​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុង​ទឹកដី​ខេត្តកំពត​។​

​ទទួលបាន​ព័ត៌មាន​នោះ​កម្លាំង​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ស្រាវជ្រាវ​និង​រកឃើញថា​រថយន្ត​នេះ​មិនបាន​បាត់​ទេ​គឺ​ប្តី​ឈ្មោះ​ឆុន​សិលា​អាយុ​៣៥​ឆ្នាំ​ជា​អ្នកបើក​ចេញពីផ្ទះ​មកកាន់​ស្រុកកំណើត​នៅ​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្តកំពត បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​ក្នុង​គ្រួសារ​។

​ដោយសារ​ការ​បង្ហោះ​សារ​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់ក​ត្តិ​យស​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្តកំពត​ទាំងមូល​។​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ក្រោម​បទ​ភូតកុហក​ដល់​អាជ្ញាធរ​ដែលនាំឱ្យ​មានកា​រ​ស្រាវជ្រាវ​ដោយ​ឥតប្រយោជន៍ ស្របតាម​មាត្រា​៥២៤​នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/​