​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​នឹង​គ្រឿងញៀន​២៣​កញ្ចប់​ធំ​ស្រុក​ឆ្លូង​

1966
ចែករម្លែក

​ដោយ​៖​សេង​ឃួន​
(​ក្រចេះ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តក្រចេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ជាមួយ​គ្រឿងញៀន​២៣​កញ្ចប់​ធំ​ដែល​រក្សាទុក​នឹង​វត្ថុតាង​ជាច្រើន​ទៀត​។​ការឃាត់​ជនសង្ស័យ​នៅ​ចំណុច​វាល​សំណាប​ស្ថិត​ក្នុងភូមិ​ឈើទាល​ភ្លោះ​ក្រោម​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​។​

លោក​គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​កម្លាំង​រប​ស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឆ្លូង​ក្រោម​ការបញ្ជា​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាន​បង្ក្រាប​គ្រឿង​ញៀ​ង​ទ្រុងទ្រាយ​ធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​ដកហូត​ថ្នាំញៀន ចំនួន​២៣​កញ្ចប់​ធំ (​ទំងន់​ជិត​កន្លះ​គីឡូក្រាម​)​។​

​លោក​ឆុង​តូ​រ៉ា​ន់​អធិការនគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់​នេះ​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​ឃាត់​ជនសង្ស័យ​ឈ្មោះ​លៀង​វីត​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ចំណុច​វាល​សំណាប​ស្ថិតក្នុង​ភូមិ​ឈើទាល​ភ្លោះ​ក្រោម​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​

​ក្រោយមក​ក៏​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ស្រី​១​នាក់​រួមមាន​មានឈ្មោះ​៖១៖ ឈ្មោះ លៀង វីត​ហៅ​វិ​ន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​២៖​ឈ្មោះ បាត សីហា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ពីរ​នាក់​ប្តី​ប្រព​ន្ឋ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​៣៖​ឈ្មោះ ម៉ាន ជុះ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​។​៤៖​ឈ្មោះ​ចាន់​ត្រា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​។​៥៖​ឈ្មោះ​ឡេង​ឆាយ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​៦៖​ឈ្មោះ​ចាន់​ភារ​ម្យ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​

​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​មួយចំនួនធំ​រួមមាន​គ្រឿងញៀន​២៣​កញ្ចប់​=៣២១,៨​ក្រាម​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទូរស័ព្ទ​ចំនួន​៤​គ្រឿង ម៉ូតូ​២​គ្រឿង កាំភ្លើង​ខ្យល់​៤​ដើម​នឹង ដាវ​២​ដើម​នឹង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

លោក​គង់​ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨​ឆ្នាំនេះ​ថា​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​រួម​នឹង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចះ​ដើម្បី​កសាង​សំណុំរឿង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​៕S/

​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​នឹង​គ្រឿងញៀន​២៣​កញ្ចប់​ធំ​ស្រុក​ឆ្លូង​