​ឃាត់​ជនសង្ស័យ​២​នាក់​ករណី​លួច​រថយន្ត​និង​បើករថយន្ត​បុក​មនុស្ស​ស្លាប់​ម្នាក់​

293
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​:​មនុស្ស​ចំនួន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​រថយន្ត​និង​បើករថយន្ត​បុក​មនុស្ស​ស្លាប់​ម្នាក់​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹងថា​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​កណ្តុរ​ប្រ​ម៉េះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AY-៨១៩៥ របស់​ជនរងគ្រោះ​ឈ្មោះ មាន ម៉ី​ម៉ី​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​។​ដែល​បាន​ចត​ទុក​នៅ​ចំណុច​មាត់​ស្ទឹង​ខាងកើត​ផ្សា​រអាត​ស៊ីន​ធ័​រ​ស្ថិត​ក្នុងភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​បើកបរ​យកទៅ​បាត់ ។​

​លោក​បាន​បន្តថា តាម​ការបញ្ជាក់​របស់​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ១៩ ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មក​ចត​ទុក​នៅ​ទីតាំង​ខាងលើ ដោយ​ភ្លេច​កូនសោរ​នៅក្នុង​រថយន្ត រួច​ឆ្លងស្ទឹង​ទៅលេង​ផាប់​ស្ទ្រី​ត​។​លុះ​រហូតដល់​ម៉ោង​១​រំលង​អ​ធ្រា​ត​ខ្លួន​បាន​ត្រឡប់មកវិញ​ពេលមកដល់​កន្លែង​ចត​រថយន្ត ស្រាប់តែ​ពុំ​ឃើញ​រថយន្ត​ឡើយ​។​

​លោក​បាន​ឱ្យដឹងទៀតថា​បន្ទាប់មក​ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​ស្រាវជ្រាវ​រក​។​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ក្រុង​សៀមរាប​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ដែលមាន​ម៉ាក​និង​ភិនភាគ​ដូច​រថយន្ត​ដែល​បាន​បាត់​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ​ហួត​រស្មី​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ស្រុកកំណើត​ភូមិ​ផ្សារ​ក្រោម​ឃុំ​ផ្សារ​ក្រោម​ស្រុក​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​ម្នាក់ទៀត​ឈ្មោះ​លុន​ឡៃហេង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​មាន​ទីលំនៅ​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

​ក្រោយពី​លួច​រថយន្ត​បាន​ហើយ​ជនសង្ស័យ​បាន​បើករថយន្ត​រត់គេច​ក៏​បុក​មនុស្ស​ស្លាប់​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ក្នុងភូមិ​សណ្តាន់​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​។​ចំណែក​សព​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​រូបភាព​:​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​ដែល​ជាប់​សង្ស័យ​លួច​រថយន្ត​និង​បើករថយន្ត​បុក​មនុស្ស​ស្លាប់​ម្នាក់​៕​បាយ័ន​