​ឃាត់​រថយន្តក្រុង​រប​ស់​ក្រុមហ៊ុន​”​សីលា​អង្គរ​ខ្មែរ​”​លួច​ដឹក​សត្វព្រៃ​ជិត​កន្លះ​តោន​

813
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​អធិការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​សីលា​អង្គរ​ខ្មែរ​អ៊ិ​ច​ប្រេ​ស្ស​លួចលាក់​ដឹក​សត្វព្រៃ​ជាច្រើន​ប្រភេទ​សរុប​ជិត​កន្លះ​តោន​(​ជិត​៥០០​គីឡូក្រាម​)​។

ការឃាត់​រថយន្ត​ដឹក​បទល្មើស​នោះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧០​ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​កាល​វេលា​ម៉ោង ៥​នឹង​១០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០១៨ ។​

​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​គាំ​សីហា​នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​។​ជាមួយ​នោះ​មានការ​សម្របសម្រួល​ដោយ​លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បានឱ្យដឹងថា​រថយន្ត​ដែល​បង្ក្រាបបាន​គឺជា​ប្រភេទ​រថយន្តក្រុង ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អ៊ិ​ច​ប្រេ​ស្ស ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9774 ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បាន​យក​រថយន្តក្រុង​ដែលមាន​លួច​ដឹក​សត្វព្រៃ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌចំការមន រង់ចាំ​ព្រះរាជអាជ្ញា ចុះមក​ត្រួតពិនិត្យ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អង្គការ​សត្វព្រៃ​បន្ត​។​

​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា ប្រតិបត្តិការ​គឺ​កម្លាំង​របស់លោក បានធ្វើ​ការតាមដាន​ស៊ើបអង្កេត អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ ។​ទើប​នៅ​ព្រឹក​នេះ កម្លាំង​របស់លោក​បាន​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង ដោយមាន​ការសង្ស័យ ក៏បាន​ធ្វើការ​ឃាត់​រថ​យន្ត​ឆែកឆេរ និង​រកឃើញ​សត្វព្រៃ​ជាច្រើន​កេស ដែល​លាក់​នៅក្នុង​រថយន្ត​ក្រុង​នេះ​។​

​លោក​បាន​បន្តទៀត​ថាស​ត្វ​ព្រៃ​ដែល​ធ្វើការ​បង្ក្រាបបាន​មាន​ចំនួន​១៧​កេស​។​ក្នុងនោះ​មាន​សត្វ​ចំនួន​៥​ប្រភេទ គឺ​អ​ន្ស​ង កន្ធាយ អណ្តើក ពស់ និង​សត្វ​ប្រ​វឹង សរុប​ទាំងអស់​ស្មើនឹង ៤២១​គីឡូក្រាម​។

​ក្រោយមក​ធ្វើ​របាយការណ៍​រួច​សត្វព្រៃ​ទាំងអស់នេះ​ត្រូវបាន ប្រគល់​ទៅ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដើម្បី​យកទៅ​ព្រលែង​នៅតាម​តំបន់​ព្រៃភ្នំ រីឯ​សត្វ​ដែល​ងាប់ គឺ​ក្រុមការងារ​យកទៅ​ដុត​កំទេចចោល​៕S/

​ឃាត់​រថយន្តក្រុង​រប​ស់​ក្រុមហ៊ុន​”​សីលា​អង្គរ​ខ្មែរ​”​លួច​ដឹក​សត្វព្រៃ​ជិត​កន្លះ​តោន​