​ឃាត់​រថយន្ត​កែច្នៃ​៧​គ្រឿង​និង​៣៨​គ្រឿង​ដោះ​រាន​ចោល​នៅនឹងកន្លែង​

881
ចែករម្លែក
  • 57
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ជំនាញ​ខេត្តព្រះវិហារ​បាន​បន្ត​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​ធុន​ធំ​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​៧​គ្រឿង​។​ក្នុងនោះ​រថយន្ត​៣៨​គ្រឿង​ត្រូវបាន​ចាប់​ដោះ​រាន​ត​ខាងក្រោយ​ចោល នៅនឹងកន្លែង​។​ប្រតិបត្តិការ​នេះ ធ្វើឡើង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ ចាប់តាំងពី​វេលាយប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ រហូត​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​ថា នៅក្នុង​យុទ្ធនាការ​រឹតបន្តឹង​ត្រួតពិនិត្យ យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទូទាំង​ខេត្តព្រះវិហារ ក្នុង​រយៈពេល​១​ខែ​។​
​លោក​សំលាង​ទ្រី​បាន​បន្តថា​ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៨​នេះ បាន​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន​៤៥៧​គ្រឿ​។​ក្នុងនោះ​រកឃើញ​ត្រឹមត្រូវ​១៤៩​គ្រឿង​,​រថយន្ត​ត្រូវបាន​កាត់​ទ្រុង​៧​គ្រឿង​,​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​១៥៣​គ្រឿង​,​ខ្វះ​ឯកសារ​៩៥​គ្រឿង​, បាន​ដោះ​រាន​ត​ក្រោយ​៣៨​គ្រឿង​,​គ្មាន​ស្លាក​លេខ​៣​គ្រឿង​,​ស្លាក​លេខ​ក្លែងក្លាយ​១​គ្រឿង​, គ្មាន​ប័ណ្ណបើកបរ​១១​នាក់​។​

​លោក​បាន​បន្តថា ក្នុង​រយៈពេល​១​ខែ សរុប​យានយន្ត​ល្មើសច្បាប់​យើង​រកឃើញ​មាន​ចំនួន​៣០៨​គ្រឿង ត្រូវបានធ្វើ​ការផាកពិន័យ​និង​បាន​ចាប់​កាត់​ទ្រុង​នៅនឹងកន្លែង​ផងដែរ​។​ការចុះ​អនុវត្តន៍​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស របស់​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តព្រះវិហារ គឺ​ត្រូវ​ចុះ​ធ្វើជា​ប្រចាំ​ជា​រៀងរាល់ថ្ងៃ​តាមផ្លូវ​សំខាន់​ក្នុង​ខេត្ត និង​ស្រុក​មួយចំនួន​។​

​លោក​បញ្ជាក់ទៀតថា​តាម​ការណែនាំ​របស់លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏​ដូច​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត តែង​បាន​ជំរុញ​ណែនាំ​ឱ្យ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​តាម​ដងផ្លូវ​សំខាន់ៗ​

ក្នុង​គោលបំណង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​ដែល​បណ្តាលឱ្យ​ផ្លូវ​ឆាប់​ខូច​និង​អនុវត្តន៍​ចំពោះ​រថយន្ត​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម​។​
​ជាមួយគ្នានេះ​ផងដែរ​លោក​ប្រធាន​មន្ទីរ​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ៗ​គ្នា ពិសេស​គឺ​ការកែច្នៃ​រថយន្ត​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់ ដែល​បានអនុញ្ញាត និង​ធ្វើការ​ដឹកជញ្ជូន​ទំនិញ​កុំ​ឱ្យលើស​ទម្ងន់​កំណត់​ជាដាច់ខាត​៕S/

ឃាត់​រថយន្ត​កែច្នៃ​៧​គ្រឿង​និង​៣៨​គ្រឿង​ដោះ​រាន​ចោល​នៅនឹងកន្លែង​