​ឃុន ឌី​ម៉ា និង ឡុង សុ​ភី ជួប​ថៃ ឯ អ៊ុង វិ​រៈ ជួប​ប្រេ​ស៊ី​ល​

307
ចែករម្លែក
  • 3
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ឃុន ឌី​ម៉ា អ្នក​ប្រដាល់ ក្លិប​កង​រាជ​អា​វុ​ហត្ថ រាជធានី​ភ្នំពេញ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ស្រ៊ី សូ​រាជ (Sry Sorach) នា​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៤ កុម្ភៈ ២០១៩ ខាងមុខនេះ លើស​ង្វៀន Boostrong Fighter On Fire របស់​អាស៊ីអាគ្នេយ៍។​

​ស្រ៊ី សូ​រាជ ជា​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត នៅ​កម្ពុជា ពីមុនមក នោះទេ​។ នេះ​ជា​លើក​ទី​១ របស់ស្រ៊ី សូ​រាជ ដែល​ត្រូវបាន​គេ​ផ្គូរ​ផ្គង ឱ្យ​ជួប​ជាមួយ ឃុន ឌី​ម៉ា នោះ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ ស្រ៊ី សូ​រាជ នេះ មាន​ស្នៀត​ប្រដាល់​ល្អ និង​ខ្លាំង ហើយ​បទពិសោធន៍ លើ​រេញ​របស់គេ គួរសម​ដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​លើក ឈ្នះ​៦៣​លើក និង​ចាញ់​១៥​លើក មិនដែល​ស្មើ ។ នេះ​បើតាម​លោក ញាណ សុធី អ្នក​ផ្គូរ​ផ្គង​ប្រចាំ SEA-TV បានឱ្យដឹង​នោះ ។

ឃុន ឌី​ម៉ា និង ស្រ៊ី សូ​រាជ​

ទោះជា​យ៉ាងណា ស្រ៊ី សូ​រាជ លើក​នេះ ជួប​ជាមួយ ឃុន ឌី​ម៉ា ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ឌី​ម៉ា គេ​មាន​ផ្លែ​ល្អ ។ និយាយ​រួម បើតាម​កម្រិត​សមត្ថភាព របស់ ឃុន ឌី​ម៉ា អាច​ចាត់ទុកថា ស្រ៊ី សូ​រាជ ពុំ​អាចជា​ឧបសគ្គ សម្រាប់​ការទទួល​ជ័យជំនះ របស់ ឌី​ម៉ា នោះឡើយ ។​

​ឃុន ឌី​ម៉ា ក្នុងការ​ប្រកួត​ចំនួន ១០៥ លើក គេ​វាយ​ឈ្នះ ៩១ លើក ចាញ់​១២​លើក និង​ស្មើ ២ លើក ។ ការប្រកួតចុងក្រោយ​ជាមួយ​ថៃ ឌី​ម៉ា បាន​វាយ​ឈ្នះ អ្នកប្រដាល់​ថៃ ផាន ផា​យ៉ាក់ (PhanPhayak) ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២៧ មករា ២០១៩ ។ តែ​យ៉ាងណា ឃុន ឌី​ម៉ា ក៏ត្រូវ​ប្រយ័ត្ន​ដែរ ។ ​អ្នក​ប្រដាល់ ឃុន ឌី​ម៉ា គេ​មាន​កណ្តាប់ដៃ​ខ្លាំង និង​សន្ទុះ​ជើង​ទាត់​ខ្លាំង ហើយ​ក៏មាន​ស្នៀត​ជង្គង់ កែង​ល្អ​ដែរ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ រវាង ឃុន ឌី​ម៉ា និង ស្រ៊ី សូ​រាជ​នេះ ? ។​

​ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឱ្យ​ជួប​សាក​កណ្តាប់ដៃ​គ្នា ជាមួយ​អ្នក​ប្រដាល់​ថៃ ម៉ា​ណាវ ថុង (Manav Thong) ។ ពួកគេ​ជួបគ្នា ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម ។ នេះ​ជា​ជំនួប​លើក​ទី​១ របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ។ ម៉ា​ណាវ ថុង នេះ ជា​អ្នក​ប្រដាល់​ថៃ​ជើង​ថ្មី​ដែរ​។ គេ​មិន​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ទេ នាពេល​កន្លងមក ។

​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ មក​ប្រកួត បានឱ្យដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​កាច និង​ខ្លាំង​គួរសម​ដែរ​។ តែ​យ៉ាងណា មក​ប៉ះ​ជាមួយ ឡុង សុ​ភី មិនដឹងថា ទៅរួច​ឬ​អត់​នោះទេ ? ។​

​ឡុង សុ​ភី និង ម៉ា​ណាវ​ថុង​

​ឡុង សុ​ភី ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្តធំ ហ៊ាន​វាយ​ប្តូរ ជាមួយ​គូប្រកួត ដោយ​មិន​ញញើត​នោះឡើយ ដើម្បី​ប្តូរយកជ័យ​ជំនះ នៅពេលដែល​ស្ថានភាព ប្រកួត​របស់គេ មាន​សភាព​ចាញ់​ប្រៀប គូប្រកួត គឺ​គេ​ប្តូ​រហើយ ។ សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់ ក្នុងស្រុក គេ​រំពឹងថា ឡុង សុ​ភី នឹង​អាច​យកឈ្នះ ម៉ា​ណាវ ថុង បាន​ជាមិនខាន ព្រោះ សុ​ភី ពេលនេះ មាន​កម្លាំងកាយ សម្បទា​រឹងមាំ មិន​ដូច​ពីមុន​នោះឡើយ ។​

​ម៉ា​ណាវ ថុង មាន​ប្រវត្តិ​ប្រកួត ៨៥​លើក ឈ្នះ​៧៣​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ។ ឯ ឡុង សុ​ភី គេ​មានប្រវត្តិ​ប្រកួត ចំនួន​១៥៨​លើក ឯណោះ ក្នុងនោះ​ឈ្នះ ១២០ លើក ចាញ់​២៨​លើក ស្មើ ១០ លើក ។ ដូច្នេះ ចាំមើល តើ​ម៉ា​ណាវ ថុង អាច​តស៊ូ​ជាមួយ ឡុង សុ​ភី បាន​ប៉ុន្មាន​ទឹក​នោះ ? ។

​អ៊ុង វិ​រៈ អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​កងពលតូច ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ប្រេ​ស៊ី​ល ជាន ខា​ឡូ​ស (Jean Carlos) ដោយ​ប្រកួត​គ្នា ក្នុង​ទម្ងន់ ៨៥ គីឡូក្រាម ។​

​អ៊ុង វិ​រៈ​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ មិន​ត្រឹម​តែមាន​មាឌធំ​ទេ ថែមទាំង​វាយល្អ និង​ខ្លាំង​ទៀត ។ ទោះជា​យ៉ាងណា អ៊ុង វិ​រៈ​អះអាងថា ការ​ឈ្នះ​ចាញ់ មិនអាច​ថា​មុន​បានទេ គឺ​ទាល់តែ​ប្រកួត​គ្នា ទើប​ដឹងថា នរណា ជា​អ្នកឈ្នះ នរណា ជា​អ្នកចាញ់​បាន ។ អ៊ុង វិ​រៈ ក្នុងការ​ប្រកួត​ចុងក្រោយ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ក្រា ប៊ិក​ឡេ​ក ក្នុង​ទឹក​ទី​៣ ប៉ុណ្ណោះ ។

​គិត​ត្រឹម​ពេលនេះ អ៊ុង វិ​រៈ វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស ជិត ៥០ នាក់​ហើយ ក្នុងនោះ​មាន​ថៃ ៤០ នាក់ ។ អ៊ុង វិរៈ គេ​មាន​ផ្លែ​កណ្តាប់ដៃ និង​ជង្គង់​ល្អ​ណាស់ ហើយ​ថែមទាំង មាន​កម្លាំង​កាយសម្បទា ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ ។ បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ អ៊ុង វិ​រៈ ហាក់ដូចជា​រក​ដៃគូ មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត ។ អ៊ុង វិ​រៈ មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត និង​មាន​ល្បិចកល ក្នុងការ​ផ្តួល​គូប្រកួត​ថែមទៀត ។​

អ៊ុង វីរៈ និង ជាន កា​ឡូ​ស​

​ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ប្រេ​ស៊ី​ល ជាន ខា​ឡូ​ស មិនទាន់​ប្រាកដថា ចាញ់ អ៊ុង វិ​រៈ នោះឡើយ​។ ជាន ខា​ឡូ​ស នេះ បើតាម​លោក​ញាណ សុធី ដែលជា​អ្នក​ផ្គូរ​ផ្គង​នោះ បាន​ឲ្យ​ដឹងថា ” អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​រូបនេះ គេ​មិនដែល​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ទេ ។ ប៉ុន្តែ​នៅ​ស្រុកថៃ គេ​មានការ​ប្រកួត​ច្រើន​គួរសម ដូច្នេះ​ការប្រកួត​នេះ នឹង​ល្អមើល​មិន​ខាន ” ។ កា​ឡូ​ស មាន​ប្រវត្តិ​ប្រកួត ចំនួន​២៦​លើក ឈ្នះ​១៦​លើក និង​ចាញ់ ៥​លើក មិនដែល​ស្មើ ។​

​អ៊ុង វិ​រៈ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​លើក ដែល​ក្នុង​ចំនួន​នេះ គេ​វាយ​ឈ្នះ ៧៩ លើក ចាញ់​៩​លើក និង​ស្មើ ១​លើក ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន នៅក្នុង​ស្រុក​ខ្មែរ​នេះ ។ ចាំមើល តើ​អ៊ុង វិ​រៈ អាច​ផ្តួល ជាន ខា​ឡូ​ស បាន​ឬ​អត់ ក្នុង​ការជួប​ប្រកួត​គ្នា​នេះ ?​៕v