​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន​មួយ​ពាក់ព័ន្ធ​ករណី​បោក​រថយន្ដ​រាប់សិប​គ្រឿង​នៅ​រាជធានី​ភ្នំពេញ​

674
ចែករម្លែក
  • 127
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន អគ្គនាយក​ក្រុមហ៊ុន “​យិន​ត្រាង​”​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជន​ត្រូវ​ចោទ​ឈ្មោះ ឈិន ចាន់ថុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ អគ្គនាយក​ក្រុមហ៊ុន យិន ត្រាង ឌី​វេឡុ​ប​ម៉ិ​ន មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​៨០៦ ផ្លូវ​NTZ ក្រុមទី​០៤ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ក្រុង​ក្រចេះ ខេត្តក្រចេះ ។​

​សូមបញ្ជាក់ថា អគ្គនាយក​ក្រុមហ៊ុន​”​យិន ត្រាង ឌី​វេ​ឡប់​ម៉ិ​ន​”​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នៅ​ខេត្តស្ទឹងត្រែង ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​បោក​រថយន្ដ​រាប់សិប​គ្រឿង នៅ​រាជធានី​ភ្នំពេញ​។

ខណៈដែល​បក្ខពួក​២​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​ឃុំខ្លួន​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​។​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ពាក្យបណ្តឹង​ផ្ទាល់​របស់​ជ​ន​រងគ្រោះ ឈ្មោះ សុវណ្ណ ឈុន​វិបុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ពិន អ៊ី​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។​

​ក្រោយ​ទទួលបាន​ដីកា​នេះ​ភ្លាម កម្លាំង​អាវុធហត្ថ បាន​អនុវត្ត​ដីកា​បង្ក្រាប​ករណី​ពាក់ព័ន្ធ បទល្មើស​សមគំនិត ក្នុង​អំពើ​រំលោភ​លើ​ទំនុកចិត្ត ឃាត់ខ្លួន​ចំនួន​២​នាក់​គឺ ឈ្មោះ ឈិន ចាន់ថុល​និង​ម្នាក់ទៀត​ឈ្មោះ យ៉ាន វិ​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ត្រពាំង​ភ្លូ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ មិនមាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន​ត្រូវ​ព្រះរាជអាជ្ញា​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។​

​សមត្ថកិច្ច បញ្ជាក់ថា ក្រោយ​ចាប់ខ្លួន​ដកហូត​បាន រថយន្ត​ចំនួន​០៤​គ្រឿង​៖ ទី​១៖​រថយន្ត​ម៉ាក HAWTAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS-1787, ទី​២៖​រថយន្ត​ម៉ាក LEXUS 300 ពណ៌​ប្រផេះ​គ្មាន​ស្លាក​លេខ​, ទី​៣៖​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កំពង់ចាម​2A-2410 និង​ទី​៤៖​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​៕S/

​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន​មួយ​ពាក់ព័ន្ធ​ករណី​បោក​រថយន្ដ​រាប់សិប​គ្រឿង​នៅ​រាជធានី​ភ្នំពេញ​