​ឃុំខ្លួន​ឧ​ត្ត​ម​សេនីយ៍ ប៉ិច តុង​ហេង ដែល​វាយ​កម្មក​អេតចាយ​បែកក្បាល

1331
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ករណី​យក​កាំភ្លើង​វាយ​កម្មករ​ឃ្លាំង​អេតចាយ​បែកក្បាល​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ

​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់ថា ​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ដែល​វាយ​កម្មករ​ឃ្លាំង​អេតចាយ ត្រូវបាន​សមត្ថ កិច្ច​ឃាត់​ខ្លន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា នៅពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ចូលខ្លួន​ទៅ​សារភាព នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង បាន​ប្រើ​អំពើហិង្សា ដោយ​យក​កាំភ្លើង​វាយ​ក្បាល​ជនរងគ្រោះ​ឈ្មោះ សាំង តុលា អាយុ​២១​ឆ្នាំ កម្មករ​ឃ្លាំង​អេតចាយព្រោះ​ខឹង​ជនរងគ្រោះ​មើលមុខ​។

​ករណី​ហិង្សា​នោះបានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា នៅក្បែរ​អគារ ខុន​ដូ របស់​ជនបង្ក មាន​ទីតាំង​ស្ថិត នៅ​ផ្លូវ​លេខ​៣៦៨ សង្កាត់ បឹង​កេងកង ៣ ខណ្ឌចំការមន​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ជិះ​រថយន្ត​ស្ព័​រ Chevrolet Camaro ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8989 ដោយ​រោទ៍​សម្លេង​ខ្លាំងៗ ទើប​ជនរងគ្រោះ​មើលមុខ​ជនសង្ស័យ​ដែល​នៅក្នុង​រថយន្ត​។ ពេល​ឃើញ​កម្មករ មើលមុខ បែប​នោះ ជនសង្ស័យ​បាន​បើករថយន្ត ត្រលប់​មកវិញហើយ ក៏​ចុះ​ពីលើ​រថយន្ត​ដោយមាន​កាន់​កាំភ្លើងខ្លី ទំនើប​មួយ​ដើម ទៅ​វាយ​កម្មករ​នោះ​បែកក្បាល​ជាច្រើន​ថ្នេរ​តែម្តង​។​

​យោងតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា សំណុំ​រឿងនេះ ជន​ត្រូវ​ចោទ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង បាន​សង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន ៤.០០០​ដុល្លារ ដើម្បី​ឲ្យ​ជនរងគ្រោះ​ព្រម​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​មាន​ហេតុផល​សមរម្យ​មួយ​ក្នុង​ការដោះលែង ជនសង្ស័យ​មាន​ងារ​ជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់នេះ​ឲ្យ​នៅក្រៅ​ពន្ធនាគារ ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ​៕​MN