​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់​ទទួលផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ជន់​លិច

267
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​លោក​បណ្ឌិត​អ្នកឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់​និង​លោកស្រី​ម៉ន​នី​រង្សី​អភិបាលស្រុក​ក្រឡាញ់​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​ជុំវិញ​ស្រុក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​តំបន់​មួយចំនួន​ក្នុងស្រុក​ក្រឡាញ់ ដែល​រង​ផលប៉ះពាល់ ចំនួន​៣ ឃុំ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០១៩​។

លោកស្រី​ម៉ន​នី​រង្សី​អភិបាលស្រុក​ក្រឡាញ់​បានឱ្យដឹងថា​មាន​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់​បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​ដែល​បណ្ដាល​ធ្វើ​ឪ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។​ក្នុងនោះ​ខូចខាត​ផ្លូវលំ​មួយចំនួន​ក្នុងនោះ​៖​នៅ​ឃុំ​ក្រូច​គរ​បាន​ដាច់​ស្ពាន​ចំនួន​១​កន្លែង មាន​ប្រវែង ២០​ម៉ែត្រ​,​ទឹក​ហូរ​កាត់​ផ្លូវលំ​ប្រវែង​៣០០​ម៉ែត្រ និង លិច​ស្រូវវស្សា​ចំនួន​៤០០​ហិកតា​។ ២. ឃុំ​ស្នួល លិច​ស្រូវវស្សា​ប្រហែល​ចំនួន​៥៥០​ហិកតា​និង​ទឹក​ហូរ​កាត់​ផ្លូវ​ប្រវែង​១.៣០០​ម៉ែត្រ​និង​នៅ​ឃុំ​ច​ន្លា​ស់​ដៃ ទឹកជំនន់​បាន​ស្រក​ខ្លះ​វិញ​ហើយ​។​

លោកស្រី​ម៉ន​នី​រង្សី​បាន​បន្តថា​ក្នុងខណៈ​ពេលដែល​ស្រុក​ក្រឡាញ់​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ​បច្ចុប្បន្ន​រដ្ឋបាល​ស្រុក​បាន​នឹង​កំពុង​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍​គ្រោះមហន្តរាយ​នានា​ក្នុងស្រុក​។​ក្នុងនោះដែរ​លោក​ឧកញ៉ា​សៀង​ណាំ​ក៏បាន​ដឹកនាំ​ក្រុមការងារ​បាន​ចុះ​ដល់ទី​តាំង ដែល​ជន់​លិច​ផ្ទាល់​ភ្លាមៗ​ផងដែរ​។​នៅ​ភូមិ​ព្រៃ​ខ្យង​និង​ភូមិ​រើ​ល​ក្នុង​ឃុំ​ក្រូច​គរ​និង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិ​ព្រៃ​ល្ងៀង​ក្នុង​ឃុំ​ស្នួល​ដើម្បី​ពិភាក្សាគ្នា​និង​រិះរក​វិធានការ​នានា​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​ចាំបាច់ ។​

គួររំលឹកថា​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នេះ​នៅក្នុង​ស្រុក​អង្គរជុំ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​បង្កឱ្យមាន​ទឹកជំនន់​កើតឡើង​ចាប់តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០១៩ ។​ដោយបាន​ធ្វើឱ្យ​លិច​សាលារៀន​មន្ទីរពេទ្យ​ផ្សារ​ផ្ទះ​ប្រជាពលរដ្ឋ​និង​ផ្លូវ​ពិសេស​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤២០​ខ្នង​នៅក្នុង​ឃុំ​ដូន​ពេ​ង ទទួលរង​គ្រោះ​លិច​ទឹក​នេះ​។

​ក្នុងនោះ​មានផ្ទះ​ប្រមាណ​៣០០​ខ្នង​នៅក្នុង​ភូមិ​បេង​និង​ភូមិ​ខ្ចាស់​មានការ​លិច​ខ្លាំងជាងគេ​ខណៈ​អ្នកជំងឺ​ចំនួន​៤២​នាក់​ដែល​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​អង្គរជុំ​ត្រូវបាន​បញ្ជូន​ចេញទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក​។​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​អភិបាលស្រុក​កងរាជអាវុធហត្ថ​ស្រុក​ប្រធាន​មន្ទីរ​បង្អែក​អង្គរជុំ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់​នៅ​តំបន់​មួយចំនួន​ក្នុងស្រុក​អង្គរជុំ​ផងដែរ​៕S/

រូប​ថ​តៈ​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​(​គូលែន​)​