​ចក្ខុវិស័យ​របស់​សហ​ភាព​អឺរ៉ុប​

3894
ចែករម្លែក
  • 35
    Shares

លោក ច​ច អេ​ដ​ហ្គា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(​រូបថត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​)

ដោយៈ លោក ច​ច អេ​ដ​ហ្គា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា
​ថ្ងៃទី​៩ ខែឧសភា​នេះ យើង​ប្រារព្ធ​ទិវា​អឺរ៉ុប​។ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ១៩៥០ រដ្ឋមន្ត្រីការបរទេស​បារាំង លោក រ៉ូបឺត ស្កូ​មេន (Robert Schuman) បាន​លើកសំណើ​ដែល​ឈានដល់​ការបង្កើត​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប ហើយ​ក្រោយមក​បាន​ឈានដល់​ការបង្កើត​សហភាព​អឺរ៉ុប​។​

​ចាប់តាំងពី​ពេល​ចាប់ផ្ដើម​បង្កើត​មក សហភាព​អឺរ៉ុប​បាន​ផ្ដោត​សំខាន់​ទៅលើ​ការចែករំលែក រួមមាន ធនធាន​រួម ផលប្រយោជន៍​រួម គុណ​តម្លៃ​រួម និង​អធិបតេយ្យភាព​រួម​។ សហភាព​អឺរ៉ុប ត្រូវបាន​បង្កើត​ចេញ​ក្រោយពី​មានការ​បំផ្លិចបំផ្លាញ​អស់​រយៈពេល​កន្លះ​សតវត្សរ៍​ទី​២០ នៅក្នុង​តំបន់​អឺរ៉ុប គឺ​ចេញពី​ចក្ខុវិស័យ​ដែល​ត្រូវតែមាន​វិធីសាស្ត្រ​កាន់តែ​ល្អប្រសើរ​ក្នុងការ​អនុវត្ត​ការងារ និង​ប្រព័ន្ធ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋ​និង​រដ្ឋ​។ សហភាព​អឺរ៉ុប​មិនមែន​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​សហគមន៍​នានា​របស់​អឺរ៉ុប និង​សហភាព​អឺរ៉ុប គឺជា​មូលដ្ឋាន​នៃ​សន្តិភាព​រយៈពេល ៧០ ឆ្នាំ មកហើយ ការបង្រួបបង្រួម​រវាង​ប្រទេស​អាល្លឺម៉ង់​និង​តំបន់​អឺរ៉ុប ការកសាង​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ព្រមទាំង​ភាពជោគជ័យ​នៅក្នុង​ការដោះស្រាយ​បញ្ហា​សង្គម និង​បរិស្ថាន​ដែល នឹង​មិនអាច​សម្រេចបាន​ដោយ​រដ្ឋ​ជា​សមាជិក​តែ​ឯកឯង​បានឡើយ ។​

​ចក្ខុវិស័យ​នៃ​សហភាព​មួយ ការ​ផ្អែកលើ​ផលប្រយោជន៍​រួម ធនធាន​រួម និង​អធិបតេយ្យភាព​រួម នៅតែ​ជា​ចក្ខុវិស័យ​ដ៏​សំខាន់ ។ ជាការ​ពិតណាស់​ខណៈដែល​តំបន់​ជាច្រើន​ក្នុង​ពិភពលោក ហាក់​បាន​ងាក​ត្រឡប់​ទៅរក​នយោបាយ​នៃ​ការប្រកួតប្រជែង​និង​ការប្រឈមមុខគ្នា ។ នៅពេលនេះ ជាជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ពិភពលោក​នៃ​សកលភាវូបនីយកម្ម យើង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន តួយ៉ាង​ដូចជា ការប្រែប្រួល​អាកាសធាតុ ភាពជ្រុលនិយម ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​យើង​អាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅបាន​ដរាបណា​យើង​ធ្វើការ​រួមគ្នា ។​

​សហភាព​អឺរ៉ុប​ក៏មាន​ចក្ខុវិស័យ​ដែល​ផ្អែកលើ​ពលរដ្ឋ និង​នីតិរដ្ឋ​ផងដែរ​។ រដ្ឋ​គួរតែ​បំពេញ​តាម​សេចក្ដីត្រូវការ​និង​ផលប្រយោជន៍​របស់​ពល​រដ្ឋ ហើយ​ពលរដ្ឋ​ទាំងអស់​គួរតែមាន​សិទ្ធិ​ស្មើៗ​គ្នា​ចំពោះ មុខ​ច្បាប់ ពោលគឺ “​ទោះបី​ខ្ញុំ​មាន​ឋានៈ​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​ស្ថិតនៅក្រោម​ច្បាប់​”​។ នៅលើ​ឆាក​អន្តរជាតិ សហភាព​អឺរ៉ុប​គាំទ្រ​ចំពោះ​គោលការណ៍​ច្បាប់ ដែល​អនុវត្ត​ទាំង​ចំពោះ​អ្នកមានអំណាច និង​អ្នកទន់ខ្សោយ ព្រមទាំង​អនុវត្ត​ចំពោះ​រដ្ឋ​ទាំងអស់​ទោះជា​រដ្ឋ​ធំ ឬ​តូច មាន ឬ​ក្រ ឬ​មានអំណាច​យោធា​ខ្លាំងក្លា​យ៉ាងណាក៏ដោយ​។​

​នៅលើ​ឆាក​អន្តរជាតិ រួមទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ សហភាព​អឺរ៉ុប​ធ្វើ​កិច្ចការ​ដើម្បី​គាំទ្រ​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​ត្រូវបាន​បង្កើតឡើង​នៅ​ជុំវិញ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែលជា​ការប្ដេជ្ញាចិត្ត​សម្រាប់​សហគមន៍​សកល​លោក​ទាំងមូល​។ គោលដៅ​របស់​យើង​មិន​ត្រឹមតែ​គាំទ្រ​ចំពោះ​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​នៅក្នុង​ស្មារតី​នៃ​ការរីកចម្រើន ដែល​រំដោះប្រជាជន​ចេញពី​ភាពក្រីក្រ និង​ធានា​ឲ្យ​បាន​នូវ​ការទទួលបាន​សេវា​សុខភាព និង​អប់រំ ការទទួលបាន​ទឹកស្អាត និង​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលដៅ​អភិវឌ្ឍន៍​ទាំងនេះ​ក៏​ចាំបាច់​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សមធម៌​សម្រាប់​ប្រជាជន​ទាំងអស់ ព្រមទាំង​រក្សា និង​ការពារ​ប្រព័ន្ធ​ធម្មជាតិ​ដែលជា​កត្តា​ទ្រទ្រង់​ដល់​ជីវិត​មនុស្ស​សត្វ​ទាំងអស់​ទៀតផង​។ យើង​សង្ឃឹមថានឹង​បាន​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​ទៅតាម​របៀបវារៈ​ដ៏​មាន​សារសំខាន់​នេះ​។​

​ទន្ទឹមនឹងនេះ យើង​ក៏​ផ្ដល់​គុណ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​សហគមន៍​អាស៊ាន ផងដែរ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​តំបន់​សមាហរណកម្ម​ប្រកបដោយ​សក្តានុពល​រប​ស់​ពិភពលោក​ទាំងពីរ​។ យើង​រៀបចំខ្លួន​ឆ្ពោះទៅ​កិច្ចប្រជុំ​កំរិត​ថ្នាក់ដឹកនាំ សហភាព​អឺរ៉ុប​-​អាស៊ាន នៅ​ចុង​ឆ្នាំនេះ​នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល ដែល​នឹង​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល ASEM៖ កិច្ចប្រជុំ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប ។ យើង​រីករាយ​ដែល​ទទួលបាន​ការអញ្ជើញ​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​កាលពី​ឆ្នាំមុន ហើយ​សង្ឃឹមថា យើង​នឹង​អាច​កសាង​ទំនាក់ទំនង​នេះ​បន្ថែមទៀត​ទាំង​នៅក្នុង​ឆ្នាំនេះ ក៏ដូចជា​ក្នុងពេល​អនាគត​ផងដែរ​។​

២០១៨ ជា​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​។ នេះ​ជា​ពេលវេលា​ដែល​យើង​អបអរ​ចំពោះ​បេតិកភណ្ឌ វប្បធម៌​ចម្រុះ​និង​អឺរ៉ុប​និង​ទូទាំង​ពិភពលោក ។ បេតិកភណ្ឌ​វប្បធម៌ គឺជា​កត្តា​កំណត់​អត្តសញ្ញាណ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ បេតិកភណ្ឌ​វប្បធម៌​នៅ​ជុំវិញ​យើង នៅ​ទីក្រុង ទីប្រជុំជន នៅ​តំបន់​ទេសភាព ធម្មជាតិ និង​ទីតាំង​បុរាណវិទ្យា​របស់​យើង​ទៀតផង​។ បេតិកភណ្ឌ​វប្បធម៌ មិន​ត្រឹម​តែមាន​នៅក្នុង អក្សរសាស្ត្រ សិល្បៈ និង​វត្ថុ​ផ្សេងៗ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅក្នុង​វិស័យ​សិប្បកម្ម ដែល​យើង​បាន​រៀនសូត្រ​ពី​ដូនតា​របស់​យើង សាច់រឿង​ដែល​យើង​ដំណាល​ប្រាប់​ដល់​កូនចៅ​របស់​យើង អាហារ​ដែល​យើង​បរិភោគ និង​ភាពយន្ត​ដែល​យើង​មើល និង​ដែល​តាមរយះ​នេះ​យើង​បាន​ស្គាល់​ខ្លួន​យើង​។​

​ការ​ស្គាល់​និង​ការយល់​អំពី​បេតិកភណ្ឌ​វប្បធម៌ គឺជា​កត្តា​សំខាន់ ព្រោះ​វា​ជួយ​ឲ្យ​ស្គាល់​ថា​យើង​ជា​នរណា​។ វា​ជា​ផ្នែក​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយទៅជា​សហគមន៍ មួយ​ដែល​មិន​គ្រាន់តែ​ជាការ​ប្រមូលផ្ដុំ​មនុស្ស​ម្នាក់ៗ​នោះទេ គឺ​វា​បាន​រំឭក​យើង​ឲ្យ​ដឹងថា គឺ​នៅមាន​គោល​គំនិត​និង​គុណ​តម្លៃ​ដែល​លើសពី​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ និង​សម្ភារ​ផ្សេងៗ​ផងដែរ​។ ការយល់ដឹង​អំពី​វប្បធម៌​របស់​គ្នា​ទៅវិញទៅមក​អាច​ឲ្យ​យើង​យល់​កាន់តែច្បាស់​អំពី​ចំណុច​ដែល​យើង​មាន​ដូចគ្នា និង​ខុសគ្នា​ផ្នែក​ប្រពៃណី និង​របៀប​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅក្នុង​ពិភពលោក​។​

​ខ្ញុំ​សង្ឃឹមថា​នៅក្នុង​ឆ្នាំ​ខាងមុខនេះ យើង​នឹងធ្វើ​ការពង្រឹង និង​ពង្រីក​នូវ​រាល់​ទំនាក់​ទង​ក្នុង​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ ពាណិជ្ជកម្ម អប់រំ ក៏ដូចជា​វប្បធម៌ រវាង​សហភាព​អឺរ៉ុប​និង​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​នឹង​សហការគ្នា​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​ពិភពលោក​ដែល​យើង​កំពុង​ជួបប្រទះ​៕ ល​