​ចម្រៀង​បដិវត្តន៍ បាន​ជួយ​ជីវិត​ខ្ញុំ​

699
ចែករម្លែក
  • 21
    Shares

ដោយ ៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ខ្ញុំ​ច្រៀង​រហូត ច្រៀង​គ្រប់ពេលវេលា ខ្ញុំ​ច្រៀង​បណ្តើរ​រែក​ដី​បណ្តើរ ច្រៀង​ពេលដែល​ខ្ញុំ​កំពុងតែធ្វើការ​ងារ​នៅតាម​វាលស្រែ និង​លើក​ទំនប់ ច្រៀង​នៅពេល​បិទ​ការដ្ឋាន ច្រៀង​នៅពេលដែល​ខ្ញុំ​កំពុងតែ​ដើរ​នៅតាម​ផ្លូវ និង​ច្រៀង​នៅតាម​ផ្ទះ ដើម្បី​បំភ្លេច​ភាព​នឿយហត់​និង​ទុក​កង្វល់​នៅក្នុង​ចិត្ត ប៉ុន្តែ​នាពេលនោះ ខ្ញុំ​មិនបាន​ដឹង​ទាល់តែសោះ​ថា​តើ​ចម្រៀង​បដិវត្តន៍​និពន្ធ​ឡើង​ដើម្បី​អ្វី​នោះទេ​។ ខ្ញុំ​ដឹង​ត្រឹម​ថា ចម្រៀង​បដិវត្តន៍​បានធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​សប្បាយរីករាយ និង​មាន​កម្លាំង​ក្នុង​ការធ្វើការងារ​។

(រូបថតៈ​តួអង្គ​សម្តែង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” កំពុងតែ​ច្រៀង​ចម្រៀង​អង្គការ​។ រូបថត​៖​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពង់ចាម​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩)

​ទោះបីជា​របប​ខ្មែរក្រហម​បាន​កន្លងផុតទៅ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ ប៉ុន្តែ​ចម្រៀង​បដិវត្តន៍​នៅតែ​វិលវល់​ក្នុង​អារម្មណ៍ និង​ការចងចាំ​របស់ខ្ញុំ​ជានិច្ច​។ ខ្ញុំ​នៅតែ​អាច​ច្រៀង​ចម្រៀង​ទាំងអស់​នោះបាន​ស្ទើរតែ​គ្រប់​បទ​ចម្រៀង​ដែល​ខ្ញុំ​បាន​ធ្លាប់​ឮ ព្រោះ​វា​បាន​ដិតដាម​ជាប់​ក្នុង​ខួរក្បាល​របស់ខ្ញុំ​ទៅហើយ​។
​ខ្មែរក្រហម​មិន​យកទោស​នោះទេ​នៅពេលដែល​យើង​ច្រៀង​ចម្រៀង​បដិវត្តន៍​។ មិនតែប៉ុណ្ណោះ ខ្មែរក្រហម​ថែមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​យើង​ច្រៀង​គ្រប់ពេល​។ នៅពេល​លើក​ទំនប់​ម្តងៗ ខ្មែរក្រហម​បាន​បំពាក់​ឧបករណ៍​បំពង​សំឡេង​ដាក់​ស្ទើរតែ​គ្រប់ទិសទី ហើយ​ចាក់​បទ​ចម្រៀង​បដិវត្តន៍​ជាច្រើន​បទ​ផ្សេងៗ​គ្នា​។ នៅពេលដែល​ខ្មែរក្រហម​ចាក់​ចម្រៀង​អំឡុងពេល​កំពុងធ្វើការ​ងារ វា​បាន​ជួយផ្តល់​កម្លាំង និង​ជួយ​ជំរុញ​ទឹកចិត្ត​ឲ្យ​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ទៅតាម​ចង្វាក់ភ្លេង​នោះដែរ​។ ប៉ុន្តែ​អត្ថន័យ​នៃ​បទ​ចម្រៀង​និង​ទង្វើ​ដែល​ខ្មែរក្រហម​បានធ្វើ វា​ហាក់បីដូចជា​ផ្ទុយស្រឡះ​ពីគ្នា​។ ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់​គឺជា​កុមារ ដែល​ត្រូវបាន​ខ្មែរក្រហម​តែងតែ​ហៅ​ឲ្យ​មក​ចូលរួម​សម្តែង​សិល្បៈ​ដូច​ជាការ​ច្រៀង​ចម្រៀង​អង្គការ​រាល់ពេល​មានកម្ម​វិធី​ម្តងៗ​។ ជារឿយៗ ខ្ញុំ​តែងតែ​ទៅ​ទស្សនា​ការសម្តែង​នោះ​។ នៅពេល​សម្តែង​កុមារ​ទាំងអស់ ច្រៀង​បណ្តើរ រាំ​បណ្តើរ​និង​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​ដែរ​។ នាពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា កុមារ​គឺ​ពិតជា​អស្ចារ្យ​ណាស់​។
​នៅពេលដែល​ខ្មែរក្រហម​ចូលមក​ដល់​ភូមិ​ស្រុក​របស់ខ្ញុំ​ដំបូង គឺ​ខ្ញុំ​មាន​អាយុ​ប្រហែល​១៣​ឆ្នាំ និង​កំពុងតែ​រៀន​នៅក្នុង​វិទ្យាល័យ​កំពង់ចាម​ក្នុងអំឡុង​ឆ្នាំ​១៩៧៣​។ នា​ព្រឹក​ថ្ងៃមួយ មាន​បុរស​៣​នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ បាន​ដើរ​ចូលមក​ក្នុងផ្ទះ​រប​ស់​ខ្ញុំ ហើយ​និយាយ​ទៅកាន់​ជីតា​របស់ខ្ញុំ​ថា ឲ្យ​ចាក​ចេញពី​ផ្ទះមួយ​រយៈពេល​សិន​ដើម្បី​ឲ្យ​អង្គ​ការរៀបចំ​កែលម្អ​ទីក្រុង​កំពង់ចាម​ឡើងវិញ​។ ជីតា​របស់ខ្ញុំ ក៏បាន​សួរ​ទៅកាន់​បុរស​៣​នាក់​នោះ​ថា តើ​យើង​អាច​យក​អ្វី​ទៅតាម​ខ្លួន​បាន​ខ្លះ​?​។ ខ្ញុំ​បាន​ក្រឡេកមើល​នៅតាម​ផ្ទះ​ប្រជាជន​ក្បែរ​ខាង​របស់ខ្ញុំ ក៏​ឃើញ​មាន​យោធា​ខ្មែរក្រហម​ដ៏ទៃទៀត​ដើរចូល​ទៅតាម​ផ្ទះ​ដែរ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ យើង​បានរៀបចំ​ឥ​វ៉ាន់​យ៉ាង​ប្រញាប់ប្រញាល់​និង​យក​សម្ភារៈ​តាម​ដែល​យើង​អាច​យកទៅ​បាន ដូចជា​ការ​វេច​ខ្ចប់​ស្បៀងអាហារ​ជាដើម​។ ខ្ញុំ​មានកូន​កង់​តូច​មួយ​បណ្តើរ​តាមផ្លូវ​ដោយមាន​ចង​ឥ​វ៉ាន់​សំពេងសំពោង​នៅ​ពី​ខាងក្រោយ​។ យើង​តែងតែ​ឈប់សម្រាក​នៅតាម​ផ្លូវ​ជា​បណ្តើរៗ​នៅពេលដែល​យើង​ហត់​។ ជីដូន​ខាង​ឪពុក​របស់ខ្ញុំ​ដែល​ពេលនោះ​គាត់​មាន​អាយុ​៧០​ឆ្នាំ​គឺ​ពិបាក​ធ្វើដំណើរ​តាមផ្លូវ​យ៉ាងខ្លាំង​។ យើង​តែងតែ​ផ្លាស់ប្តូរ​គ្នា​ដើម្បី​ក្រៀក​គាត់​នៅតាម​ផ្លូវ​ដើម្បី​ធ្វើដំណើរ​ទៅមុខ​ព្រមៗ​គ្នា​។ យើង​ដើរ​បណ្តើរ​គេច​គ្រាប់កាំភ្លើង​បណ្តើរ​។ នៅតាម​ដងផ្លូវ មាន​សុទ្ធតែ​ដានជើង ដែល​ជាន់​ស្មៅ​ឡើង​ខ្ទេចខ្ទី​រាបស្មើ​ដេក​ដួល​កប់​ទៅនឹង​ដី ថែមទាំង​សុទ្ធសឹង​ជា​ភក់ជ្រាំ​។​
​ដំបូង យើង​ចាក​ចេញពីផ្ទះ​ដើរ​សំដៅទៅ​ភូមិ​តា​មៀង និង​បន្តដំណើរ​ឆ្ពោះទៅ​ស្រុក​ពាមជីកង​តាម​ដែល​យោធា​ខ្មែរក្រហម​កៀរ​។ ជួន​ពេលខ្លះ យើង​កំពុងតែ​ដាំបាយ​មិនទាន់​ឆ្អិន​ផង ក៏ត្រូវ​លើក​ឆ្នាំងបាយ​ទៅជា​មួយ​ដើម្បី​បន្តទៅ​មុខ​ភ្លាមៗ​។ យើង​ចេះតែ​ដើរទៅ​មុខ​រហូត យប់​នៅ​កន្លែង​ណា​គឺ​ឈប់សម្រាក​នៅ​កន្លែង​នោះ​។ ផ្ទះ​នៅតាម​ដងផ្លូវ គឺ​គ្មាន​មនុស្ស​រស់នៅ​ទេ​។ អ្នក​ទាំងនោះ​ប្រហែលជា​ត្រូវ​ខ្មែរក្រហម​កៀរ​ឲ្យ​ចេញពីផ្ទះ​ដូចជា​យើង​ដែរ​។ ខ្ញុំ​និង​ក្រុមគ្រួសារ​បានបញ្ចប់​ដំណើរ​ត្រឹម​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ជា​កន្លែង​ដែល​សាច់ញាតិ​របស់ខ្ញុំ​រស់នៅ​ទីនោះ​។ ខ្ញុំ​បាន​ស្នាក់នៅ​ទីនោះ​ជាមួយ​សាច់ញាតិ​របស់ខ្ញុំ​នៅ​ទីនោះ​។ យើង​ដើរ​រើស​កស្រូវ​នៅតាម​វាលស្រែ​ដើម្បី​យកមក​បុក​ធ្វើ​អង្ករ ហើយ​ស្វែងរក​ម្ហូបអាហារ​នៅក្បែរៗ​ភូមិ​យកមក​បរិភោគ​ជាប្រចាំ​ថ្ងៃ​។ នៅក្នុង​ឆ្នាំ​១៩៧៣ ប្រជាជន​ទាំងអស់​មិនទាន់​រស់នៅ​ជា​សហករណ៍​នោះទេ​។ យើង​បានការ​ដោះដូរ ឬ​លក់ដូរ​ដោយ​ចាយ​មាស​ឬ​ប្រាក់ ប៉ុន្តែ​គ្មាន​ការ​ចាយលុយ​នោះទេ​។
​នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ចាក​ចេញទៅ​រស់នៅក្នុង​សហករណ៍​ស្ថិតក្នុង​ភូមិ​ក្របៅ​។ ខ្មែរក្រហម បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​យើង​ដាំ​ដុះ​នៅតាម​ផ្ទះ និង​ធ្វើការ​ក្នុង​សហ​រក​រណ៍​ដែរ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់​ឲ្យ​ធ្វើជា​កុមារ​ត្រៀម ដោយ​យក​ខ្ញុំ​ទៅ​រស់នៅ​ក្នុងការ​រដ្ឋា​ន ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​របស់ខ្ញុំ​។ ជីដូន​របស់ខ្ញុំ​និង​ចាស់ៗ​ដទៃទៀត ត្រូវបាន​ខ្មែរក្រហម​ឲ្យ​ទៅ​ជម្រះ​ស្មៅ​នៅក្នុង​ភូមិ និង​មើលថែរក្សា​ក្មេងៗ​ដែល​ម្តាយ​ឪពុក​បាន​ចាកចេញ​ទៅធ្វើ​ការងារ​អស់​។ នៅពេលដែល​ខ្ញុំ​រស់នៅក្នុង​កងកុមារ​ត្រៀម ខ្មែរក្រហម​បាន​ឲ្យ​ខ្ញុំ​ទៅ​លើកភ្លឺស្រែ​។ ក្រោយមក នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម បាន​យក​ខ្ញុំ​ទៅ​រស់​នៅតាម​កងចល័ត​វិញ និង​ចាត់តាំង​ឲ្យ​ទៅ​លើក​ទំនប់​២០​កុម្ភៈ​។ ខ្ញុំ​បានធ្វើ​ការងារ​នៅក្នុង​កងចល័ត​រហូត​ដល់​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ខ្ញុំ​តែងតែ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ងា​រ​ពី​ការដ្ឋាន​១​កន្លែង​ទៅមួយ​កន្លែង​ផ្សេងទៀត​ជា​បន្តបន្ទាប់​។ ខ្ញុំ​ធ្លាប់បាន​ទៅធ្វើ​ការងារ​នៅក្នុង​ចម្ការ​កប្បាស​ដែរ​។ ខ្ញុំ​គឺជា​អ្នកបាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​បំផ្លិចបំផ្លាញ​ផ្លែ​កប្បាស ដោយ​ស្ពាយ​ធុង​ថ្នាំ​ដើរ​បាញ់​នៅក្នុង​ចម្ការ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ឮ​ខ្មែរក្រហម​និយាយថា​កប្បាស​ដែល​ដាំ​បាន​នេះ​គឺ​នាំ​ចេញទៅ​លក់​ឲ្យ​ចិន​។ រីឯ​ពូជ​កប្បាស​ដែល​ដាំ​នេះ​ក៏​នាំយក​មកពី​ប្រទេស​ចិន​ដែរ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​ធ្វើ​ការងារ​មិនដែល​បាន​ឈប់សម្រាក​ឡើយ គឺ​ធ្វើ​ការងារ​ចប់​ពី​ការដ្ឋាន​១​ប្តូរ​ទៅ​ការដ្ឋាន​១​ទៀត​។
​នៅក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បានស្នើ​សុំ​អង្គការ​មក​ធ្វើ​ការងារ​នៅក្បែរ​ផ្ទះ ដើម្បី​មើលថែរក្សា​ឪពុក​របស់ខ្ញុំ​ដែល​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ ឪពុក​របស់ខ្ញុំ មាន​ជំងឺ​ហើម ដែល​ពេលខ្លះ​ខ្ញុំ​ឃើញ​មានទឹក​ជ្រាប​ចេញ​តាម​ស្បែក​របស់គាត់​។ ជំងឺ​ហើម​នេះ​កើតឡើង​ដោយសារតែ​គាត់​ខ្វះ​ជីជាតិ និង​កង្វះ​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់​។ ខ្ញុំ និង​ក្រុមគ្រួសារ​បានសម្រេច​ចិត្ត​មិន​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឡើយ ព្រោះ​យើង​ដឹងថា​គាត់​នឹង​កាន់តែ​ឆាប់​ស្លាប់​ប្រសិនបើ​គាត់​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ ខ្ញុំ​បាន​លួច​យក​មាសប្រាក់​ទៅ​ដូរ​យក​ថ្នាំសង្កូវ​ខ្លះ​ដើម្បី​ព្យាបាល​ឲ្យ​ឪពុក​របស់ខ្ញុំ​។ យើងទាំងអស់គ្នា​បាន​ខិតខំ​ថែទាំ​ជំងឺ​គាត់​ណាស់ ប៉ុន្តែ​ចុងក្រោយ​គាត់​នៅតែ​ស្លាប់ចោល​យើង​។ បន្ទាប់ពី​ឪពុក​ខ្ញុំ​ស្លាប់ ខ្ញុំ​បានស្នើ​សុំ​បន្ទះក្តារ​ពី​ថ្នាក់លើ​ដើម្បី​ធ្វើជា​មឈូស ដោយមាន​អ្នកជិតខាង​បាន​ជួយ​គ្នា​រៀបចំ​ធ្វើ​មឈូស​និង​យក​គាត់​ទៅ​កប់​នៅ​វាលស្រែ​។ នឹកឃើញ​ដល់ពេល​នោះ ខ្ញុំ​ពិតជា​មានចិត្ត​ក្លាហាន​ណាស់ ព្រោះ​អំឡុង​ពេលដែល​ឪពុក​របស់ខ្ញុំ​ឈឺ ខ្ញុំ​បាន​លួច​ធ្វើដំណើរ​ចាក​ចេញពី​ការដ្ឋាន​ធ្វើ​ការងារ​ពេលយប់​ដើម្បី​ត្រឡប់មកផ្ទះ ដោយបាន​ដើរកាត់​ព្រៃ​ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ​ដែលមាន​សភា​ព​ស្ងាត់​សូន្យឈឹង និង​ឮសូរ​តែ​សំឡេង​ឆ្កែចចក​ស្រែកយំ​។ លុះ​ព្រឹក​ឡើង ខ្ញុំ​ក៏ត្រូវ​ត្រឡប់មក​ការដ្ឋាន​ធ្វើការ​ងារ​ឲ្យ​ទាន់ពេលវេលា​វិញ​។
​បន្ទាប់ពី​ឪពុក​របស់ខ្ញុំ​ស្លាប់ ខ្មែរក្រហម​បាន​ដក​ខ្ញុំ​ឲ្យ​មក​ធ្វើ​ការងារ​នៅក្នុង​កងចល័ត​វិញ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្មែរក្រហម​បាន​យក​ប្រជាជន​ទៅ​បាត់​កាន់តែច្រើន រីឯ​ចំណីអាហារ​វិញ​គឺ​ហូប​តែ​បបរ​តែប៉ុណ្ណោះ ហើយ​ខ្ញុំ​តែងតែ​លួច​គាស់​ដំឡូង​ហូប​ជានិច្ច​។ ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​នៅពេល​រដូវ​ច្រូតកាត់​។ ខ្ញុំ​មាន​ជំងឺ​រាករូស និង​គ្រុនចាញ់ ហើយ​បាន​ឈប់សម្រាក​នៅផ្ទះ​ជិត​១​ខែ​។ ប៉ុន្តែ​នៅពេលនោះ ខ្ញុំ​ពិតជា​មាន​សំណាងល្អ​ខ្លាំងណាស់​ព្រោះ​ប្រធាន​សហករណ៍​របស់ខ្ញុំ​មាន​ក្តីមេត្តា​ចំពោះ​ខ្ញុំ​ដោយបាន​យក​ថ្នាំ​ល្អៗ​មក​ឲ្យ​ខ្ញុំ​លេប​រហូតដល់​បានជា​សះស្បើយ​។ ក្រោយមក ខ្ញុំ​បាន​ឮថា​ប្រធាន​សហករណ៍​នោះ ត្រូវបាន​ខ្មែរក្រហម​ចោទប្រកាន់ថា​គាត់​សម្លាប់​មនុស្ស និង​បាន​យក​គា​ត់ទៅ​សម្លាប់​។
​នៅក្នុង​ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចូលមក​រំដោះប្រជាជន​ពី​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​។ ក្រុមគ្រួសារ​របស់ខ្ញុំ បាន​រត់គេច​ចេញពី​ខ្មែរក្រហម​មក​ចូល​នៅក្នុង​ខ្សែត្រៀម​ដែល​កងទ័ព​កំពុងតែ​វាយប្រហារ​គ្នា​។ ខ្ញុំ​ឃើញ​មាន​យោធា​និង​ប្រជាជន​ខ្លះ​ដេកស្លាប់ ខ្លះ​ត្រូវរបួស​ដោយសារ​គ្រាប់កាំភ្លើង​។ ភាពភ័យខ្លាច​នៅក្នុង​ខ្លួន​របស់ខ្ញុំ​លែងមានទៀតហើយ គឺ​យើង​ខិតខំ​ធ្វើយ៉ាងណា​អាច​រក្សា​ជីវិត​របស់ខ្លួន​ឲ្យ​បាន​សុខ​សប្បាយ​។ ក្រោយមក​កងទ័ព​វៀតណាម បាន​ចូល​មកដល់ ខ្ញុំ​និង​ក្រុមគ្រួសារ ក៏បាន​ចាកចេញ​ត្រឡប់មក​ស្រុកកំណើត​វិញ​។​នៅក្រោម​ពន្លឺព្រះច័ន្ទ យើង​ដើរ​បណ្តើរ​គេច​ចេញពី​គ្រាប់កាំភ្លើង​និង​យោធា​ខ្មែរក្រហម​បណ្តើរ​។ យើង​ដើរ​រហូត​ទាំងយប់​ទាំង​ថ្ងៃ​អស់​រយៈពេល​ប្រហែល​១​សប្តាហ៍ ទើប​មកដល់​ស្រុកកំណើត​។​
​បន្ទាប់ពី​របប​ខ្មែរក្រហម សាច់ញាតិ​របស់ខ្ញុំ​បាន​បាត់បង់​ជីវិត​អស់​៤​នាក់​គឺ​ឪពុក​របស់ខ្ញុំ ជីដូន ជីតា និង​បងថ្លៃ​។ សាកសព​របស់គាត់​ត្រូវបាន​កប់​នៅក្បែរៗ​គ្នា​នៅពេលនោះ ប៉ុន្តែ​សព្វថ្ងៃនេះ ទីកន្លែង​កប់​សព​រប​ស់​គាត់​ត្រូវបាន​ប្រជាជន​គាស់កកាយ​ខ្ទេចខ្ទី និង​ប្រែក្លាយជា​កន្លែង​សម្រាប់​ដាំ​ដំណាំ​អស់​ទៅហើយ​។
​អ្វីដែល​ល្អ​អាក្រក់​គឺជា​កម្ម​ពៀរ​។ ខ្ញុំ​មិន​ខឹង​នឹង​ខ្មែរក្រហម​ដែល​ធ្វើបាន​នាំយក​ជីវិត​ក្រុមគ្រួសារ​របស់ខ្ញុំ​នោះទេ​។ រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាងគេ​គឺ​ការជួយ​លើកទឹកចិត្ត​ប្រជាជន​ថ្មី​ដែល​គាត់​តែងតែ​អស់សង្ឃឹម​នៅក្នុង​ជីវិត​របស់គាត់​ព្រោះ​គាត់​មិនចេះ​ធ្វើ​ការងារ​អ្វី​និង​ភ័យខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​។
​ខ្ញុំ​ជឿថា បើ​យើង​មិនអាច​អភ័យទោស​និង​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​បាន​នោះទេ វា​នឹង​នៅតែ​ជួប​បញ្ហា​ដដែលៗ​។ សេចក្តី​មេត្តា ត្រូវតែមាន​ក្នុង​ចិត្ត​ដើម្បី​បង្កើត​នូវ​សេចក្តី​ល្អ​។ គំនុំ​ទាំងឡាយ​នឹង​រលាយបាត់​លុះត្រាតែ​យើង​ចេះ​អត់ឱន​។ ទាំងអស់នេះ នឹង​នាំ​ឲ្យ​មាន​សន្តិភាព​។

(រូបថតៈ​សួង សុខ​លាង អាយុ​៥៩​ឆ្នាំ កំពុង​រៀបរាប់​អំពី​បទពិសោធន៍​នៅក្នុង​របប​ខ្មែរក្រហម​។ រូបថត ៖​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពង់ចាម​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩
​ការយល់ឃើញ​ចំពោះ​បទ​ចម្រៀង​បដិវត្តន៍​នៅក្នុង​របប​ខ្មែរក្រហម​)
​ ​១) ទេព បុ​ណ្ណ​មី ភេទ​ប្រុស សព្វថ្ងៃ​គឺជា​គ្រូឧទ្ទេស ជំនាញ​សិល្បៈ​និង​ប្រវត្តិវិទ្យា​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​កំពង់ចាម បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា​៖
​រំឭក​ដល់​ចម្រៀង​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​ចូលចិត្ត​ច្រៀង​ចម្រៀង​អង្គការ​ណាស់​។ នៅពេលដែល​បងប្រុសរ​បស់​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ​នៅក្នុង​កងកុមារ​វិញ គាត់​តែងតែ​ស្រែកច្រៀង​ចម្រៀង​អង្គការ​នៅផ្ទះ​ជានិច្ច ហើយ​ខ្ញុំ​ក៏​ស្រែកច្រៀង​តាម​គាត់​ដែរ​។ យើង​ច្រៀង​ជាមួយគ្នា​យ៉ាង​សប្បាយរីករាយ​។ ខ្ញុំ តែងតែ​ច្រៀង​ចម្រៀង​នេះ​ឲ្យ​ឪពុកម្តាយ​របស់ខ្ញុំ​ស្តាប់​បន្ទាប់ពី​គាត់​ត្រឡប់​មកពី​ធ្វើការ​ងារ​វិញ​។​ខ្ញុំ​ក៏​ធ្លាប់បាន​ស្ម័គ្រចិត្ត​ឡើង​ច្រៀង​បទ​ចម្រៀង​កុមារ​អង្គការ និង​ចម្រៀង​ផ្សេងទៀត​នៅពេលដែល​ប្រមូល​ផល​ស្រូវ​ក្នុង​បរិវេណ​បោក​ស្រូវ​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ក្មេង​ចាស់​ជាច្រើន​នាក់​។ ខ្ញុំ​មិនដឹងថា​តើ​ចម្រៀង​អង្គការ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​នោះទេ​នៅពេលនោះ​។ រហូត​បច្ចុប្បន្ននេះ​ទើប​ខ្ញុំ​យល់ថា​ចម្រៀង​អង្គការ​គឺជា​ចម្រៀង​មនោគមន៍វិជ្ជា​ដែល​ធ្វើ​ឲ្យ​កុមា​រលង់​ស្លុង​អារម្មណ៍​និង​ជឿជាក់​ទៅតាម​បទ​ចម្រៀង​នោះ ថែមទាំង​ហ៊ាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​អង្គការ​។
​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ឪពុក​របស់ខ្ញុំ​គឺជា​គ្រូបង្រៀន ហើយ​គាត់​តែងតែ​ផ្លាស់ប្តូរ​ទីលំនៅ​ជានិច្ច​។ ដំបូង គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ភ្នំពេញ និង​បន្ទាប់មក យើង​ក៏​ផ្លាស់​ទៅ​រស់នៅ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​វិញ​។ នៅ​អំឡុង​ឆ្នាំ​១៩៧៥ ខ្មែរក្រហម បាន​ចូលមក​គ្រប់គ្រង​ទីកន្លែង​ដែល​ខ្ញុំ​រស់នៅ​។ ឪពុកម្តាយ​របស់ខ្ញុំ ត្រូវ​ខ្មែរក្រហម​បញ្ចូនទៅ​ធ្វើកា​រងារ​នៅតាម​វាលស្រែ​។ ចំណែក​បងស្រី​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម ប្រាប់​ឲ្យ​ចាក​ចេញពីផ្ទះ​ទៅធ្វើ​ការ​និង​រស់នៅក្នុង​កងចល័ត​ដោយ​មិន​អនុញ្ញាត​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​ទេ​។ បងប្រុស​របស់ខ្ញុំ​ម្នាក់ទៀត បាន​ចូលរួម​ធ្វើ​ការងារ​នៅក្នុង​កងកុមារ​។ នៅពេលនោះ ខ្ញុំ​មាន​អាយុ​ប្រហែល ៤​ឆ្នាំ​។ នៅពេលដែល​ឪពុកម្តាយ​របស់ខ្ញុំ​ទៅធ្វើ​ការងារ​នៅ​ខាងក្រៅ​ផ្ទះ ខ្ញុំ​នៅផ្ទះ​តែម្នាក់ឯង​។ ខ្ញុំ​តែងតែ​អង្គុយ​ទន្ទឹង​ចាំ​ផ្លូវ​បង និង​ឪពុកម្តាយ​របស់ខ្ញុំ​ត្រឡប់​ពី​ធ្វើការ​ងារ​វិញ​ជា​រៀងរាល់​ល្ងាច​។
២) ថូ កន្និដ្ឋា ភេទ​ស្រី គឺជា​គរុ​សិស្ស​ជំនាញ​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​១​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​កំពង់ចាម បាន​ចែករំលែក​ការយល់ឃើញ​របស់គាត់​ចំពោះ​បទ​ចម្រៀង​អង្គការ​ថា​៖
​ល្ខោននិយាយ​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បាន​លើកយក​សាច់រឿង​ជាច្រើន​ដែល​អាច​ឲ្យ​ខ្ញុំ​ដឹង​នូវ​អ្វីដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ច្រើនជាង​មុន ជាពិសេស​ការស្វែងយល់​អំ​ពីបទ​ចម្រៀង​អង្គការ​ដែល​បាន​និពន្ធ​ឡើង​នៅ​អំឡុង​ពេលនោះ​។ ចម្រៀង​អង្គការ ហាក់បីដូចជា​ធ្វើ​ឲ្យ​កុមារ​សប្បាយរីករាយ ប៉ុន្តែ​ចម្រៀង​នោះ​ក៏បាន​អប់រំ​ឲ្យ​កុមារ​ចងកំហឹង​និង​មានចិត្ត​ក្លាហាន ហ៊ាន​ប្រើប្រាស់​កាំភ្លើង​តស៊ូ​បាញ់​នឹង​សត្រូវ​។ ដូច​តួរ​អង្គ​សត្វ​ស្វា​បាន​សម្តែង ដោយបាន​យក​កាំភ្លើង​មក​តម្រង់​បាញ់​សត្រូវ​យ៉ាង​ក្លាហាន​។
​ខ្ញុំ​យល់ឃើញថា បទ​ចម្រៀង​នីមួយៗ​គឺ​ល្អ​ទៅតាម​អត្ថន័យ​នៃ​ការអប់រំ​ដែល​អ្នកនិពន្ធ​បាន​ចងក្រង​ឡើង​។ ចំពោះ​ការនិពន្ធ​បទ​ចម្រៀង​អង្គការ​នេះ​គឺ​មិនមែនជា​ចេតនា​ល្អ​សម្រាប់​កុមារ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើ​ឲ្យ​កុមារ​ទទួលរង​នូវ​ឥទ្ធិពល​អាក្រក់​ទៅវិញ​។

​(គរុ​សិស្ស​ចូលរួម​ទស្សនា​ការសម្តែង​ល្ខោណនិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។ រូបថត ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពង់ចាម​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩)


​ចម្រៀង​អង្គការ​នៅក្នុង​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​”
​ចម្រៀង​អង្គការ​គឺជា​ចម្រៀង​១​បទ​ដែល​អ្នកនិពន្ធ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បានដាក់​បញ្ចូល​នៅក្នុង​ឈុត​ទី​៧​ក្នុងចំណោម​ឈុត​ទាំង​៨​នៃ​ល្ខោន​នេះ​។ នៅក្នុង​ឈុត​ទី​៧​នៃ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បាន​រៀបរាប់​អំពី​ស្ត្រី​ម្នាក់ ដែល​ធ្លាប់បាន​ស្គាល់​ក្មេងប្រុស​ម្នាក់​នៅពេល​ជិះឡាន​ជាមួយគ្នា​នៅក្នុង​អង្គភាព​យុវជន​របស់​ខ្មែរក្រហម​។ នាង​សួរ​ក្មេងប្រុស​នោះ​ថា តើ​នៅ​ចងចាំ​គាត់​ដែរឬទេ ហើយ​ហេតុអ្វី​បានជា​ក្មេងប្រុស​នោះ​បាត់បង់​ស្នាមញញឹម​ដ៏​ស្រស់ស្អាត​របស់គាត់​? បុរស​នោះ​មិន​ចង់​ស្គាល់​នាង​នោះទេ​។ ដើម្បី​ជួយ​រំឭក​ដល់​ការចងចាំ​របស់​បុរស​ម្នាក់​នោះ នាង​បាន​និយាយ​ឡើងវិញ​នូវ​បទ​ចម្រៀង​និង​ការចូលរួម​ក្នុង​អង្គភាព​យុវជន​របស់គាត់​ទាំងពីរ​នាក់​។
​ ​ក្រោយមក បុរស​នោះបាន​ទទួលស្គាល់ថា គាត់​ពិតជា​សប្បាយរីករាយ​ណាស់​នៅពេលនោះ​។ ប៉ុន្តែ​ឥឡូវនេះ គាត់​ទទួលរង​នូវ​ការឈឺ​ចាប់ពី​សុបិន​ដ៏​អាក្រក់​របស់គាត់​។ ដោយសារតែ​គាត់​គឺជា​អ្នករបាំ គាត់​បាន​វាយ​ក្មេងស្រី​ម្នាក់​រហូតដល់​ស្លាប់​ព្រោះ​ក្មេងស្រី​នោះបាន​ហូប​ផ្លែឈើ​របស់​អង្គការ ថែមទាំង​គាត់​បាន​ចាប់រំលោភ​ក្មេងស្រី​ផ្សេងទៀត​។ ស្ត្រី​ម្នាក់​នោះ​ប្រាប់​បុរស​នោះ​អំពី​វិធីសាស្ត្រ​ដែល​គាត់​បាន​បំភ្លេច​សុបិន​អាក្រក់​របស់គាត់​។ ស្ត្រី​ម្នាក់​នោះ បាន​អញ្ជើញ​គាត់​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សារៈមន្ទី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ទួលស្លែង ដែលជា​គុក​សម្រាប់​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​អ្នកទោស ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​២០០០០​នាក់​នៅក្នុង​របប​ខ្មែរក្រហម ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ ហើយ​កុំ​លាក់បាំង​ពី​អំពើ​បាប​របស់ខ្លួន​។ បុរស​នោះ​ហាក់បីដូចជា​ស្ទាក់ស្ទើរ​។​
​ប្រវត្តិ​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នៅក្នុង​ប្រទេស​កម្ពុជា
​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​តាមរយៈ​ការស្រាវជ្រាវ​និង​ការសម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។ ល្ខោន​នេះ​មាន​៨​ឈុត ដែល​ឈុត​នីមួយៗ​បាន​ឆ្លុះបញ្ចាំង​រឿងរ៉ាវ​ពិត​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម រួមជាមួយ​បទ​ចម្រៀង​ដែល​បាន​និពន្ធ​ឡើង​នៅក្នុង​ខ្មែរក្រហម​ទៀតផង​។ អ្នកនិពន្ធ​ជនជាតិ​ហូ​ឡង់​២​រូប​គឺ អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ និង​អ្នកស្រី ណាន់ វ៉ាន់ ហួត សហការ​ជាមួយ អ​ម្រឹ​តា​សិល្បៈ ដោយ​មានការ​ជ្រោមជ្រែង​លើ​កិច្ចការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ផលិត​ល្ខោន​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអនុវត្ត​ដំណើរការ​ផ្សះផ្សា និង​ចាប់ផ្តើម​ស្តា​សង្គម​កម្ពុជា​ដ៏​ខ្ទេចខ្ទាំ​ឡើងវិញ​។
​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បាន​ចាក់​បញ្ចាំង​លើក​ទី​១​នៅក្នុង​ឆ្នាំ​២០០៨ ដែលមាន​៧​ឈុត នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។ រហូតមកដល់​សព្វថ្ងៃ ប្រវត្តិ​នៃ​ការកកើត​ល្ខោននិយាយ​នេះ មាន​អាយុកាល​១០​ឆ្នាំ​គត់​។ នៅក្នុង​ឆ្នាំ​២០១៨ ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ ដោយ​ដាក់បញ្ចូល​ឈុត​ថ្មី​មួយទៀត ដែល​បន្ថែម​លើ​ខ្លឹមសារ​ចាស់​ទាក់ទង​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ដែលជា​តុលា​ការនាំយក​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នៅក្នុង​របប​ខ្មែរក្រហម​អំឡុង​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។
​នៅក្នុង​ឆ្នាំ​២០១៩​នេះ ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បានចាប់ផ្តើម​ដាក់បញ្ចាំ​ង​សារជាថ្មី​ម្តងទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង​។
​ ​គោលបំណង​របស់​ល្ខោន​ទម្លាយ​ភាព​ស្ងៀមស្ងាត់ គឺ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​ទទួលបាន​ប្រយោជន៍​ពី​ស្នាដៃ​នេះ តាមរយៈ​ការ​ប្រឈម​ចំពោះ​បញ្ហា​នានា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​ដែល​បាន​កើតមានឡើង ជាមួយ​ភាព​ច្នៃប្រឌិត និង​សេចក្តី​ភ្ញាក់រឭក​។ ល្ខោននិយាយ​នេះ គឺជា​ផ្នែក​មួយ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ស្វែងរក​វិធីសាស្ត្រ​សម្រាប់​បំពេញ​ដំណើរការ​នៃ​ការផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត ក៏ដូចជា​វិធីសាស្ត្រ​ដទៃទៀត​ក្នុងការ​បន្តដំណើរ​ឆ្ពោះទៅមុខ​។ ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” រួមចំណែក​ដល់​ភាព​ចំ​បាច់​ដ៏​វិសេសវិសាល​ក្នុងការ​បញ្ចប់​ភាព​ស្ងៀមស្ងាត់ ស្រប​ពេលដែល​ល្ខោន​នេះ​ក្លាយជា​មធ្យោបាយ​ក្នុងការ​លើកឡើង​អំពី​កិច្ចពិភាក្សា​ដើម្បី​ចាប់ផ្តើម​ការផ្សះផ្សា​៕សរន


តួអង្គសម្តែងល្ខោននិយាយ “ទម្លាយភាពស្ងៀមស្ងាត់” កំពុងច្រៀងចម្រៀងនៅវគ្គបញ្ចប់នៃការសម្តែង។ រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពង់ចាមថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩