​ចម្លាក់​បង្កាន់ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​

190
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ចម្លាក់​បង្កាន់ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​បានបញ្ចប់​ការជួសជុល​ជា​ស្ថាពរ​។​នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២​ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ជិត​មួយឆ្នាំ​កន្លងមកនេះ​ដំណើរការ​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។​ក្នុង​នោះបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដោយមាន​ការចូលរួម​ពី​ស្ថាបត្យក​វិស្វករ​បុរាណវិទ្យា​ក្រុមការងារ​អភិរក្ស​ថ្ម​ពលករ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ដំណើរការ​ពិភាក្សា​ឱ្យ​ការជួសជុល​សមស្រប​ទៅតាម​តម្លៃ​បេតិកភណ្ឌ​ខ្មែរ​និង​ច្បាប់​អន្តរជាតិ​។
​មន្ត្រី​ដដែល​បាន​បន្តថា​ការជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង អនុវត្ត​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​មក បានបញ្ចប់​ជា​ស្ថាពរ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​។​

អត្ថប្រយោជន៍​ក្រោយពី​បញ្ចប់​ការជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​.​គឺជា​ទីតាំង​សំខាន់​ដែល​ភ្ញៀវទេសចរ​ឆ្លងកាត់​ឥត​ដាច់ ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​បេតិកភណ្ឌ​ដ៏​មហស្ចារ្យ​មួយ​នេះ​ឱ្យ​បានល្អ​ដើម្បី​រួមចំណែក​ក្នុង​ការលើកតម្លៃ​ក្នុង​តំបន់​នេះ និង​អាច​បង្កើន​កន្លែង​ទស្សនា​ដល់​ទេសចរ​បាន​ច្រើន​។

​ជាងនេះទៅទៀត​វា​ជាការ​ផ្តល់​ឯកសារ​ប្រវត្តិសាស្ត្រ​ជាសំខាន់​បំផុត​នៃ​ការជួសជុល​ចម្លាក់​មួយ​នេះ ដើម្បីឱ្យ​ភ្ញៀវទេសចរ​និង​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​បច្ចុប្បន្ន​និង​អនាគត​បានឃើញ​បាន​សិក្សា​ជា​ប្រយោជន៍​។​ពិសេស​គឺ​លើក​តម្លៃ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ដែល​បាន​បន្សល់​ស្នាដៃ​ដ៏​ល្អ​ឯក​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​នេះ​និង​លើក​តម្លៃ​អ្នកដឹកនាំ​ជំនាន់​ថ្មី​ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សម្បត្តិ​ដូនតា​៕S/

​រូបភាព​:​ចម្លាក់​បង្កាន់ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​៕​អប្សរា​