​ចម្លើយសារភាព​របស់ ង៉ែត អឿង សមាជិក​កងអនុសេនាធំ​

410

​យោធា​ខ្មែរក្រហម​ប្រយុទ្ធ​នៅ​សមរភូមិ​

(​ភ្នំពេញ​)៖ ង៉ែត អឿង មាន​អាយុ​២៥​ឆ្នាំ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​២០ ភូមិភាគ​និរតី​។ អឿង បាន​ចូល​បដិវត្តន៍ នៅក្នុង​ឆ្នាំ​១៩៧២ និង​មាន​តួនាទី​ជា​យុទ្ធជន តំបន់​២៥​។ ឆ្នាំ​១៩៧៣ អឿង បាន​ចូលបក្ស​ពលករ​វៀតណាម​ប្រឆាំង នឹង​អង្គការ​។ អឿន បានធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​ប្រជាជន និង​យុទ្ធជន​បាត់​ជំនឿ​ទុកចិត្ត លើ​អង្គការ ដោយ​ប្រើ​វិធី​បង្ករ​ទំនាស់​ក្នុង​អង្គភាព​ទ័ព មន្ទីរពេទ្យ និង​ឃោសនា​ឲ្យ​យុទ្ធជន​ដើរហើរ​ដោយ​សេរី និង​បំផ្លិចបំផ្លាញ​សម្ភារ​ផ្សេងៗ​។ កំណត់ហេតុ​អំពី​ប្រវត្តិ​របស់ ង៉ែត អឿង មាន​ចំនួន​សរុប​៥០​ទំព័រ ដែល​បាន​រៀបរាប់​អំពី​សកម្មភាព​ប្រឆាំង​អង្គការ ចាប់តាំងពី​ឆ្នាំ​១៩៧២ រហូតដល់​ថ្ងៃ​អង្គការ​ចាប់ខ្លួន​។

ខាងក្រោម​នេះ​គឺជា​សេចក្តី​សង្ខេប​ដែល​ដកស្រង់​ចេញពី​សេចក្តី​កំណត់ហេតុ​ប្រវត្តិ​របស់ ង៉ែត អឿង ៖

​នៅ​ឆ្នាំ​១៩៧២ អឿង បាន​ចូល​បដិវត្តន៍​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​១៦ តំបន់​២៥ ដោយ​អ្នក​នាំចូល​មានឈ្មោះ ស្រ៊ន នាទី​លេខា​ស្រុក​១៦​។ ក្រោយពេល អឿង ចូល​បដិវត្តន៍​រួចមក គាត់​មាន​នាទី​ជា​មេក្រុម​កងអនុសេនាតូច ក្រោយមក​នៅ​កងអនុសេនាធំ​។ កាល អឿង ចូល​បដិវត្តន៍​ដំបូង អ្នក​ដែល​ទទួលខុសត្រូវ​លើ​គាត់​មានឈ្មោះ អុល នាទី​លេខា​អង្គភាព​ស្រុក​១៦​។ បន្ទាប់មក អង្គភាព​ស្រុក​នេះ ត្រូវបាន​អង្គការ​រៀបចំ​ជាមួយ​កងវរសេនាតូច​១២៧ ប្រចាំ​តំបន់​២៥ ដោយមាន​អ្នកដឹកនាំ​ឈ្មោះ លាត នាទី​លេខា​វរ​សេនា​តូច​១២៧​។ ក្រោយមក​អង្គភាព វរ​សេនា​តូច​១២៧​នេះ ត្រូវបាន​តំបន់​២៥ ប្រគល់​ឲ្យ​មក​នៅក្នុង​វរ​សេនា​ធំ ២៦៨ ដែលមាន​ឈ្មោះ សុន ជា​អ្នកដឹកនាំ និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងពល​១២​។​

​ប្រវត្តិ​សកម្ម​ភាពជា​ខ្សែចង្វាក់​ចាត់តាំង​ក្បត់​
​កន្លងមក អឿង ធ្លាប់​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់ សុន ប៉ុន្តែ សុន មិនដែល បាន​ទាក់ទង​ជាមួយ អឿង ទេ​។ រហូតដល់​អង្គការ​បា​ន​ចាត់តាំង​ឲ្យ​អង្គភាព​អនុ​សេនា ធំ​របស់ អឿង ទៅ​បោះ​ខ្សែត្រៀម​នៅ​សមរភូមិ​កោះក្របី​ក្រោម ទើប សុន បាន​ហៅ អឿង ទៅ​សួរ​អំពី​សភាពការណ៍​នៅក្នុង​អង្គភាព និង​សមរភូមិ​យ៉ាងដូចម្តេច​ដែរ​? ពេលនោះ អឿង បាន​ឆ្លើយថា នៅក្នុង​សមរភូមិ​មាន​សភាពការណ៍​ល្អប្រសើរ រីឯ​បងប្អូន​នៅក្នុង​ខ្សែត្រៀម មាន​សភាព​ធម្មតា ចំណែកឯ​ស្បៀងអាហារ​វិញ មានការ​ខ្វះខាត​ម្តងម្កាល​ដែរ​។ លុះ​ដល់ពេល​ល្ងាច ក្នុង​ថ្ងៃ​ដដែល សុន បាន​និយាយ​ណែនាំ និង​អូសទាញ​គោលជំហរ​របស់ អឿង ដោយបាន​លើក​ហេតុផល​ជាច្រើន​មក​និយាយ​បញ្ជាក់ប្រាប់ អឿង ថា ត្រូវខិតខំ​ពង្រឹង គោលជំហរ ប្រយុទ្ធ​ឲ្យ​ខ្លាំងក្លា និង​ខិតខំ​កសាង​ខ្លួន​ឲ្យ​បានល្អ​។ ពេលនោះ សុន បាន​សួរ អឿង បន្ថែមទៀតថា តើ​សព្វថ្ងៃ អឿង ពេញ​ចិត្តនឹង​តួនាទី​របស់ខ្លួន​ដែរឬទេ​? ប្រសិន បើ​មិនទាន់​ពេញចិត្ត​ទេ គាត់​នឹង​បញ្ចូល អឿង ឲ្យ​ចូលបក្ស​ពលករ​វៀតណាម​។ ពេលនោះ អឿង បាន​ឆ្លើយថា ប្រសិនបើ សុន ឯង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ក៏​ខ្ញុំ​ព្រមធ្វើ​ដែរ​។ នៅពេល សុន ឮដូច្នេះ ក៏​បញ្ចូល អឿង ក្នុង​បក្ស​ពលករ​វៀតណាម និង​បាន​បង្កើត​កម្មវិធី​ប្រកាស​ជា​ផ្លូវការ ហើយ​អ្នក​ដែល​ត្រូវបាន​បញ្ចូល​ជា​បក្ស​ពលករ​វៀតណាម​កាលនោះ មាន​ចំនួន​១០​នាក់​។ អឿង បាន​ចូល​ជា​បក្ស​ពលករ​វៀតណាម​ចាប់តាំងពី​ពេលនោះ​មក​។

​ក្រោយពី​បាន​បញ្ចូល​អ្នក​ទាំងនោះ ជា​សមាជិក​ពេញសិទ្ធិ​របស់​បក្ស​ពលករ​ហើយ សុន និង លាត បានប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ គឺ​ត្រូវ​បង្កប់ខ្លួន​នៅក្នុង​ជួរ​បដិវត្តន៍ កសាង និង​សម្រប​ខ្លួន​ឲ្យ​អង្គការ​មាន​ទំនុកចិត្ត​។ ក្រោយមក សុន និង លាត បាន​បង្ហាត់បង្រៀន​អ្នក​ទាំងនោះ​ឲ្យ​ចេះ​របៀបរបប​នៃ​ការអូសទាញ​សមាជិក​ថ្មី ដូចជា ៖ ត្រូវ​សង្កេតមើល​អត្ត​ច​រិ​ក​ពី​សង្គមចាស់ និង​ប្រវត្តិ​សកម្មភាព តើ​អ្នក​ទាំងនោះ​មាន​គោលជំហរ​ខ្សោយ​ឬ​ខ្លាំង​។ ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការកសាង​យុទ្ធជន ឬ​កម្មាភិបាល​ណា​ដែល​មាត់រអិល ពីព្រោះ​ខ្លាច​បែកការ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្រុម​យើង​។ បន្ទាប់ពី​បាន​ណែនាំ​រួចហើយ សមាជិក​ទាំងអស់​ក៏​បំបែក​គ្នា​ទៅតាម​កន្លែង​រៀងៗ​ខ្លួន ចំណែក អឿង ក៏​ត្រឡប់​ទៅ​អង្គភាព​របស់ខ្លួន​ដែរ​។ លុះ​ព្រឹកស្អែក អឿង បាន​ចេញទៅ​ខ្សែត្រៀម សមរភូមិ​កោះក្របី​។ រយៈពេល​បី​ថ្ងៃ​ក្រោយមក អឿង បាន​រងរបួស​ហើយ​បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​តំបន់​២៥​។ អស់​រយៈពេល​ជាង​ពីរ​ខែ​ក្រោយមក របួស​របស់ អឿង បានជា​សះស្បើយ​ហើយ​បាន​វិល​ត្រឡប់មក​អង្គភាព​វិញ​។ ក្រោយ​ពេលមកដល់​ខ្សែត្រៀម​វិញ បាន​រយៈពេល​ជាង​ដប់​ថ្ងៃ អឿង ក៏ត្រូវ​របួស​ម្តងទៀត ហើយ​បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​អស់​រយៈពេល​ជាង​បី​ខែ នៅ​អំឡុង ឆ្នាំ​១៩៧៣​។ ក្រោយពី​បានជា​សះស្បើយ​ពីរ​បួស អឿង ក៏​ត្រឡប់មក​អង្គភាព​ដើម​វិញ​។ ប៉ុន្តែ​ពេលនោះ អឿង បានមក​សម្រាក​នៅ​វត្ត​ឬ​ស្សី​ស្រុក ដោយមាន​នាទី​ជា​មេបញ្ជាការ​កងអនុសេនាតូច​។

​ក្រោយពី​សម្រាក​បាន​រយៈ​ពេល​បី​ថ្ងៃ អង្គភាព​របស់ អឿង ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ត្រៀម​វាយ​ខ្មាំង​នៅ​សមរភូមិ​វត្ត​កណ្តាល នៅ​កោះអន្លង់ចិន​។ ក្រោយពី​ចូល​វាយ​នៅ​សមរភូមិ​បាន​ប្រាំបី​ថ្ងៃ អឿង បាន​រងរបួស ហើយ​អង្គភាព​ក៏បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​សម្រាក​នៅ​ពេទ្យ​ព្រែក​ថ្មី តំបន់​២៥​។ អឿង បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​រយៈពេល​ជិត​បី​ខែ រហូតដល់​ឆ្នាំ​១៩៧៤​។ នៅ​អំឡុង​ពេលដែល អឿង សម្រាក​នៅ​ពេទ្យ​ព្រែក​ថ្មី គាត់​បាន​ទាក់ទង​ជាមួយ​ឈ្មោះ ថៃ និង ប៉េង ដែល​បាន​សម្រាក​នៅ​ពេទ្យ​ជាមួយគ្នា​។ មូលហេតុ​ដែល អឿង ទាក់ទង​ជាមួយ ថៃ និង ប៉េង បាន គឺ​នៅពេលដែល​អ្នក​ទាំងពីរ​បាន​បបួល អឿង ចេញពី​បន្ទប់​មក​អង្គុយ​នៅ​ខាងក្រៅ​ជជែក​គ្នា​លេង​អំពី​ការ​ស្នាក់នៅ និង​ការហូបចុក​នៅក្នុង​មន្ទីរពេទ្យ​ថា មិន​ដែលមាន​សម្លរ ឬ​បាយ​ហូប​ឆ្ងាញ់​ទេ​។ ចំពោះ​ថ្នាំ​ព្យាបាល​វិញ គឺមាន​ត្រឹមតែ​ថ្នាំ​អាច​ន៍​ទន្សាយ​តែប៉ុណ្ណោះ ជួនកាល​ផឹកថ្នាំ​នោះ​ហើយ ធ្វើ​ឲ្យ​ឈឺក្បាល វិលមុខ រាគ​អាចម៍ និង​ឈឺ​ធ្ងន់​លើស​ដើម​ទៅទៀត​។ ពេលនោះ អឿង​, ថៃ និង ប៉េង បានរៀបចំ​ផែនការ និង​ធ្វើ​សកម្មភាព​ឲ្យ​ចលាចល​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​ឲ្យ​បក្ស​ពិបាក​ដោះស្រាយ​។ បន្ទាប់មក អឿង ត្រូវបាន​ប្រធាន​មន្ទីរពេទ្យ​ព្រែក​ថ្មី បញ្ជូន​គាត់​ឲ្យ​ទៅ​សម្រាក​នៅ​ពេទ្យ​តា​កុក​វិញ ទើប​ការទាក់ទង​ជាមួយ ថៃ និង ប៉េង បាន​ដាច់​ខ្សែរយៈ​។

​ក្រោយពេល​ចេញពី​មន្ទីរពេទ្យ អឿង បាន​វិល​ត្រឡប់មក​អង្គភាព​វិញ​។ អឿង សម្រាក​នៅ​អង្គភាព​បាន​ប្រហែល​បួន​ថ្ងៃ ក៏ត្រូវ​បាន​ឈ្មោះ មុយ នាទី​ប្រធាន​អនុ​សេនា​ធំ ចាត់តាំង​គាត់​ឲ្យ​ទៅ​សមរភូមិ​ម្តងទៀត​។ ក្រោយពេល អឿង បាន​ចូល​សមរភូមិ​រយៈពេល​ជាង​ដប់​ថ្ងៃ​មក វរ​សេនា​តូច​១២៧ បាន​ផ្លាស់​មក​ស្នាក់នៅ​ខាងក្រោយ​វត្ត​ចំពុះក្អែក​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ព្រែកប្រា​វិញ​។ អឿង បាន​សម្រាក​នៅ​ទីនោះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ ប៉េង បាន​ណាត់ជួប​គាត់ រួមជាមួយ​បក្ខពួក​ប្រាំបួន​នាក់​ទៀត ដើម្បី​ដាក់​ផែនការ​លប​បាញ់​អង្គភាព​រាយ​មីន​។ បន្ទាប់ពី​បានដាក់​ផែនការ​រួចរាល់​ហើយ ប៉េង​, អឿង និង គ្រុយ (​នាទី​ស្នងការ​កងអនុសេនាតូច​) បានចេញ​ដំណើរ​ទៅតាម​កងទ័ព​។ ពេលនោះ អឿង​, ប៉េង និង គ្រុយ បានរៀបចំ​ខ្សែត្រៀម ហើយ​មិនយូរប៉ុន្មាន​អង្គភាព​រាយ​មីន​ក៏​មកដល់ និង​បាន​វាយ​ប្រយុទ្ធ​គ្នា​មួយសន្ទុះ​បណ្តាល​ឲ្យ​អង្គភាព​រាយ​មីន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ចំណែក​បក្ខពួក​របស់ អឿង ក៏ត្រូវ​របួសស្រាល​ម្នាក់​ដែរ​។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួចហើយ អឿង ក៏បាន​វិល​ត្រឡប់មក​អង្គភាព​វិញ​។ សម្រាក​បាន​មួយ​យប់ អង្គការ​បាន​ចាត់តាំង អឿង និង​សមាជិក​ក្នុង​អង្គភាព​ទាំងមូល​ឲ្យ​រៀប​ខ្សែត្រៀម​នៅ​សមរភូមិ​កោះក្របី​លើ (​ជាប់​ទន្លេបាសាក់​)​។ បន្ទាប់ពី អឿង ចូល​ប្រយុទ្ធ​នៅ​សមរភូមិ​បាន​រយៈពេល​ពីរ​ថ្ងៃ គាត់​ក៏​រងរបួស ហើយ​បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ព្រែ​កតា​កុក​។

​អឿង បាន​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ព្រែក​តា​កុក​អស់​រយៈពេល​ជាង​មួយខែ ទើប​គណៈ​មន្ទីរពេទ្យ​បានប្រកាស​ជ្រើសរើស​អ្នករបួស​ណា​ដែលមាន​លទ្ធភាព​អាច​ដើរ​បាន ឲ្យ​ទៅ​ចូលរួម​កម្ម​ពិធីបុណ្យ​នៅ​កោះធំ​។ ក្រោយពី​ប្រកា​សរួច អង្គការ​បាន​យក​កាណូត​មក​ដឹក​អុ្ន​ករ​បួស​មួយចំនួន​ទៅ​ចូលរួម​ពិធីបុណ្យ​នោះ​។ ពេលទៅដល់​កន្លែង អឿង បានឮ​អង្គការ​ឧទ្ទេសនាម​ថា អង្គភាព​វរ​សេនា​តូច​១២៧ នឹង​ប្រគល់​ឲ្យ​កងពល​១២ ជា​អ្នកគ្រប់គ្រង​វិញ​។ ក្រោយពី​អង្គការ​ប្រកាស​ឧទ្ទេសនាម​រួចហើយ ពិធីបុណ្យ​នោះ​ក៏ត្រូវ​បានបញ្ចប់ រីឯ​អ្នក​ដែល​ទៅ​ចូលរួមបាន​វិល​ត្រឡប់មក​មន្ទីរពេទ្យ​វិញ​។

​ក្នុងអំឡុងពេល អឿង សម្រាក​នៅ​ពេទ្យ​រយៈពេល​ជាង​ដប់​ថ្ងៃ អឿង បាន​ទាក់ទង​ជាមួយ​ឈ្មោះ វ៉ែន និង សូត្រ ដើម្បី​ប្រជុំ​ដាក់​ផែនការ​ប្រឆាំង​បដិវត្តន៍ នៅក្នុង​មន្ទីរពេទ្យ​។ ខ្លឹមសារ​ប្រជុំ ៖ គឺ​ធ្វើ​សកម្មភាព​បំផុសបំផុល​អ្នកជំងឺ​ទាំងអស់​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ឲ្យ​មានទំនាស់​ជាមួយ​បុគ្គលិក​ពេទ្យ ឬ​គណៈ​ពេទ្យ និង​លើក​ជា​បញ្ហា​ចំពោះ​បុគ្គលិក​ពេទ្យ អំពី​កង្វះ​អនាម័យ និង​មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ ចំណែក​ម្ហូបអាហារ​វិញ គឺ​មិន​ដែលមាន​ម្ហូប​ឆ្ងាញ់​ទេ​។ ចំពោះ​ផែនការ​ខាងលើនេះ អ្នក​ទាំង​បីនាក់​អនុវត្ត​បានសម្រេច ហើយ​បានធ្វើ​សកម្មភាព​អុកឡុក នៅក្នុង​មន្ទីរពេទ្យ​នេះ​ជា​បន្តបន្ទាប់​។

​រហូតដល់​ខែសីហា ឆ្នាំ​១៩៧៤ ជំងឺ​របស់ អឿង បានជា​សះស្បើយ ហើយ​បាន​វិល​ត្រឡប់មក​អង្គភាព​វិញ​។ អឿង សម្រាក​នៅ​អង្គភាព​បាន​មួយរយៈ ក៏ត្រូវ​បាន​ឈ្មោះ ប៉ាវ នាទី​សមាជិក​វរ​សេនា​តូច​១២៧ បាន​ចាត់តាំង​គាត់​ឲ្យ​ទៅ​សមរភូមិ​វត្ត​ឬ​ស្សី​ស្រុក​។ ក្រោយពី​ចូល​សមរភូមិ​បាន​រយៈពេល​ប្រាំពីរ​ថ្ងៃ អឿង បាន​ត្រូវរបួស ហើយ​អង្គភាព​ពេទ្យ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ព្រែក​ថ្មី​។ អឿង បាន​សម្រាក​នៅ​ទីនោះ រយៈពេល​ជិត​បី​ខែ នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៥​។ បន្ទាប់ពី​របួស​បានជា​សះស្បើយ​ហើយ អឿង ក៏​វិលត្រឡប់​ទៅ​អង្គភាព​វិញ​។ អង្គការ​បានរៀបចំ អឿង ឲ្យ​ឡើង​នាទី​ជា​សមាជិក​កងអនុសេនាធំ​។ បន្ទាប់មក អង្គការ​បាន​ចាត់តាំង អឿង ឲ្យ​ចូលទៅ​សមរភូមិ​ដង​ទន្លេមេគង្គ​។ ក្រោយពេល​ទៅដល់​សមរ​ភូមិ អឿង និង​អង្គភាព​ទាំងមូល​បាន​ចូល​វាយ​ខ្មាំង​ជា​បន្តបន្ទាប់ រហូត​បាន​រំដោះ​សមរភូមិ​ដង​ទន្លេមេគង្គ​នេះ​បានជា​ស្ថាពរ​។

​លុះដល់​ខែមីនា ឆ្នាំ​១៩៧៥ អង្គភាព​បាន​ចាត់តាំង អឿង ឲ្យ​ទៅ​រៀន​នៅ​សាលា​បច្ចេកទេស​របស់​ក​ង​ពល​១២ នៅ​ម្តុំ​ភូមិ​កំពង់ស្វាយ​កណ្តាល និង​វត្ត​ទួល​សង្កែ (​ស្រុក​កោះធំ​)​។ ក្រោយពេល អឿង រៀន​នៅ​សាលា​បច្ចេកទេស​នេះ​បាន​មួយខែ អង្គការ​បាន រំសាយ​សាលា​នេះ រីឯ​អ្នក​ដែល​ទៅ​ចូលរៀន​ក៏​វិល​ត្រឡប់មក​អង្គភាព​រៀងៗ​ខ្លួន​វិញ​។ នៅ​ខែឧសភា ឆ្នាំ​១៩៧៥ ឈ្មោះ សុន បានធ្វើ​ការណែនាំ អឿង និង​សមាជិក​បក្ស​ពលករ​វៀតណាម​៤១​នាក់​ទៀត ឲ្យ​ស្គាល់គ្នា​ដើម្បី​ធ្វើការ​ទាក់ទង​នៅ​ថ្ងៃ​ខាងមុខ​។ ក្រោយពេល​ធ្វើការ​ណែនាំ​រួចហើយ សុន បានប្រកាស​បិទ​អង្គប្រជុំ​។​
​សកម្មភាព​ជាក់ស្តែងរ​បស់ អឿង និង​បក្ខពួក​ពេលនោះ​
​សកម្មភាព​មុន​រំដោះ ៖
១) បំផុស​ទំនាស់​នៅក្នុង​មន្ទីរពេទ្យ​
២) បង្ករ​បក្ខពួក​បំផុស​ទំនាស់​នៅក្នុង​អង្គ​ភាពជា​បន្តបន្ទាប់​
៣) សេរី ប្រើ​អាជ្ញា​ដាក់​យុទ្ធជន និង​កម្មាភិបាល​ខាងក្រោម​ជា​ញឹកញាប់​
​សកម្មភាព​ក្រោយ​រំដោះ ៖
១) បំផុស​យុទ្ធជន និង​កម្មាភិបាល​ថ្នាក់ក្រោម ឲ្យ​សេរី ភ្លើតភ្លើន​ទៅតាម​សម្ភារ​ល្អៗ លើស​របប​អង្គការ​កំណត់​
២) បំផុស​ទំនាស់​ជាមួយ​អង្គភាព​នារី និង​ឃាត់​ចាប់​គេ​ទុកជា​ញឹកញាប់​
៣) សើរ​រើ​ដើរហើរ ទាក់ទង បង្ករ​បក្ខពួក បង្ករ​ទំនាស់ ធ្វើ​ឲ្យ​បក្ស​ពិបាក​ដោះស្រាយ​ជា​បន្ត បន្ទាប់​។​
​ក្រោយ​ពេលធ្វើ​សកម្មភាព​ដូចខាងលើ​រួចមក សុន បាន​ចាត់តាំង អឿង និង​បក្ខពួក ឲ្យ​ទៅ​នៅក្នុង​អង្គ​ភាពវរ​សេនា​តូច​៣១៣ វរ​សេនា​ធំ​៣១ កងពល​៧០៣​ថ្មី​វិញ​។ ប៉ុន្តែ​មុននឹង​ទៅ​អង្គភាព​ថ្មី សុន បាន​ហៅ អឿង និង​បក្ខពួក​មក​ណែនាំ​ជាសម្ងាត់ ដែលមាន​ខ្លឹមសារ​ដូចតទៅ ៖ ត្រូវ​ក្តាប់​សកម្មភាព​ឲ្យ​បាន​ណែន​មុន​នឹងធ្វើ​សកម្មភាព​អ្វីមួយ ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​យុទ្ធជន ឬ​កម្មាភិបាល​ខ្មែរក្រហម ព្រោះ​អង្គការ​កំពុង​តាមដាន​បក្ខ​ពួកយើង​។ ក្រោយពេល​ធ្វើការ​ណែនាំ​រួចហើយ សុន បាន​ឧទ្ទេសនាម អឿង និង​បក្ខពួក​ទៅកាន់​អង្គភាព​ថ្មី​ដើម្បី​ធ្វើការ​ទាក់ទង​ស្គាល់គ្នា​។ កាលនោះ​មានឈ្មោះ អុល គ្រប់គ្រង​នៅ​អង្គភាព​វរ​សេនា​តូច​៣១៣​។ ក្រោយពេល អឿង បានរស់នៅ​ក្នុង​អង្គភាព​ថ្មី​នេះ​បាន​មួយរយៈ ក៏​ស្រាប់តែ​បាន​ជួប សុន នៅ​ម្តុំ​វិមានឯករាជ្យ និង​បាន​ពិភាក្សា​អំពី​សភាព​ការ​ផ្ទៃក្នុង​ខ្លះៗ​។ ពេលនោះ សុន បាន​ប្រាប់ អឿង ថា នៅ​ខែតុលា ឆ្នាំ​១៩៧៥ ខាងមុខនេះ នឹង​រៀបចំ​ធ្វើបាតុកម្ម និង​វាយ​បដិវត្តន៍ ហើយ​បច្ចុប្បន្ននេះ​កំពុង​រៀបចំ​របប​ថ្មី​មួយទៀត​។ បន្ទាប់ពី​ពិភាក្សាគ្នា​ចប់ អឿង បាន​វិល​ត្រឡប់មក​អង្គភាព​វិញ រួចហើយ​បានរៀបចំ​អាវុធ និង​កម្លាំង​បក្ស​ពលករ​នៅក្នុង​អង្គភាព​ឲ្យ​ត្រៀមលក្ខណៈ​ដើម្បី​ចូលរួម​បាតុកម្ម​។ រយៈពេល​ជិត​មួយ​សប្តាហ៍​ក្រោយមក អង្គការ​បាន​ចាត់តាំង​អង្គ​ភាពវរ​សេនា​ធំ​របស់ អឿង ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ភូមិ​បា​គូរ នៅ​ខាងត្បូង​ភ្នំពេញ​។ រីឯ​កងអនុសេនាធំ​មួយទៀត ឲ្យ​ឈរជើង​នៅ​ទីក្រុង​ភ្នំពេញ​ដដែល​។ ចំពោះ​ការទាក់ទង​រវាង អឿង និង​បក្ខពួក ក៏បាន​ដាច់​ខ្សែរយៈ​ចាប់តាំងពី​ពេល​នោះមក​។ មិនយូរប៉ុន្មាន អឿង បានឮ​ដំណឹង​ថា​បក្ខពួក​មួយចំនួន ត្រូវបាន​អង្គការ​ចាប់ខ្លួន ដោយ​អង្គការ​ស៊ើប​ដឹងថា ជា​បក្ស​ពលករ​វៀតណាម ដែល​មក​បង្កប់ខ្លួន​ស៊ី​រូង​ផ្ទៃក្នុង​។ អឿង ចាប់ផ្តើម​មានការ​ព្រួយបារម្ភ​អំពី​ខ្លួនឯង​ផ្ទាល់ និង​បក្ខពួក ហើយ​បាន​ហៅ​សមាជិក​បក្ស​ពលករ​ទាំងអស់​មកជួប​ជុំ និង​ពិភាក្សាគ្នា​។ ក្នុង​ខ្លឹមសារ​ប្រជុំ​នោះ អឿង បាន​និយាយថា សមាជិក​ទាំងអស់​ត្រូវ​តាមដាន និង​ក្តាប់​សភាព​ការ​ឲ្យ​ជាប់​នៅក្នុង​ដៃ ប្រសិនបើ​មាន​សភាព​ការ​អ្វី​ប្លែក ត្រូវ​រាយការណ៍​ឲ្យ​គាត់​ជាបន្ទាន់​។ ភ្លាមនោះ មាន​សមាជិក​ម្នាក់​បាន​លើកឡើងថា រយៈពេល​កន្លងមកនេះ គាត់​ពិតជា​ខំ​ពុះពារ​រាល់​ឧបសគ្គ​តូចធំ​ដើម្បី​បំពេញភារកិច្ច​ជូន​បក្ស​ពលករ ដូចជា បំផុស​ទំនាស់​នៅក្នុង​អង្គភាព​រវាង​យុទ្ធជន និង​កម្មាភិបាល ឲ្យ​កុហកថា​ឈឺ ហើយ​សព្វថ្ងៃនេះ គាត់​បាន​បំផុស​ឲ្យ​យុទ្ធជន​រត់​ទៅផ្ទះ​បាន​បីនាក់ ប៉ុន្តែ​ត្រូវបាន​អង្គការ​ចាប់យក​មកវិញ​។ ពេលនោះ អឿង បាន​បន្ថែមថា សមាជិក​ទាំងអស់​ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​បដិវត្តន៍ ពីព្រោះ​សភាព​ការ​បច្ចុប្បន្ននេះ អង្គការ​កំពុងតែ​តាមដាន​បក្ខ​ពួកយើង ដូច្នេះហើយ​សមាជិក​ទាំង​អស់​ត្រូវ​បង្កប់ខ្លួន​ឲ្យ​ជ្រៅ​នៅក្នុង​ចលនា​បដិវត្តន៍ ហើយ​ខំ​កសាង​ខ្លួន​ឲ្យ​បានល្អ​កុំ​ឲ្យ​អង្គ​ការចាប់​ថ្នាក់​បាន​។ រីឯ​ចលនា​ក្នុង​បដិវត្តន៍​កាន់តែ​វិ​វត្ត​ទៅមុខ​ជាប្រចាំ ចំពោះ​មហាជន និង​កម្មាភិបាល​គឺ​កាន់តែ​ខ្លាំងក្លា​ក្នុងការ​វាយ​កម្ចាត់​កម្មសិទ្ធិឯកជន ជាពិសេស​មាន​គោលជំហរ​រឹងមាំ​ក្នុង​សមូហភាព​។ រយៈពេល​ជាង​ដប់​ថ្ងៃក្រោយ​ប្រជុំ សុន ក៏ត្រូវ​បាន​អង្គការ​ចាប់ខ្លួន​បានធ្វើ​ឲ្យ​បក្ខពួក​របស់ អឿង ចាប់ផ្តើម​ភ័យខ្លាច រួច​នាំគ្នា​រត់​បែកខ្ញែក​អស់​។ រីឯ អឿង ក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​បដិវត្តន៍​ខ្លាំងក្លា​ទេ គ្រាន់តែ​ធ្វើ​សកម្មភាព​បំ​ភ្លើ​ស​មាគ៌ា​របស់​បក្ស​បន្តិចបន្តួច និង​សកម្មភាព​ផ្សេងៗ​ដែល​គាត់​អាចធ្វើ​ទៅបាន​រហូតដល់​ថ្ងៃ​អង្គការ​ចាប់ខ្លួន នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​១៩៧៧៕ L ដោយ​: ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​ដកស្រង់​ចេញពី​ឯកសារ​លេខ J០០០៦១)

​យោធា​ខ្មែរក្រហម​ប្រយុទ្ធ​នៅ​សមរភូមិ​