​ចម្លើយសារភាព​របស់ ហ៊ា​ក វួ​ន អនុ​លេខា​វរ​សេនា​តូច​២១៧ កងពល​ទី​១

286

ទិដ្ឋភាព​មន្ទីរ​សន្តិសុខ​ស​-២១ ថត​ដោយ ហូ វ៉ាន់​តៃ អ្នក​ថតរូប​ជនជាតិ​វៀតណាម និង​ក្រុមការងារ​របស់គាត់ ឌិ​ញ ហ្វុ​ង កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​១៩៧៩​។ (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ហ៊ា​ក វួ​ន មាន​អាយុ​២៦​ឆ្នាំ (​ឆ្នាំ​១៩៧៧) កើត​នៅ​ភូមិ ដំឡូងទឹក ឃុំ​ម្កាក់ ស្រុក​សិរី​សោ​ភណ្ឌ តំបន់​៥ (​ខេត្តបាត់ដំបង​)​។ ឪពុក​ឈ្មោះ ហ៊ា​ក ម្តាយ​ឈ្មោះ គឹម អ្នក​ទាំងពីរ​ប្រកប​របរ​ធ្វើស្រែ​។ មុន​អង្គការ​ចាប់ខ្លួន វួ​ន មាន​នាទី​ជា​អនុ​លេខា​វរ​សេនា​តូច លេខ​២១៧ កងពល​ទី​១​។ វួ​ន ត្រូវបាន​អង្គការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៧៧​។ នៅក្នុង​ចម្លើយសារភាព​របស់ វួ​ន ចែកចេញជា​បី​ផ្នែក​ទី​១ រៀបរាប់​ពី​ប្រវត្តិ និង​ឈ្មោះ​របស់​បក្ខពួក​ក្បត់​ម្នាក់ៗ (​សង្ខេប​ខ្លីៗ​) រួម​និង​សេចក្តី​កំណត់ហេតុ​មាន​ចំនួន​២០​ទំព័រ ធ្វើ​ចប់​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​១៩៧៧ ដែលមាន​ស្នាម​ផ្តិតមេដៃ​របស់ ហ៊ា​ក វួ​ន និង​បាន​ចុះហត្ថលេខា​អ្នក​សួរចម្លើយ​ចំនួន​ពីរ​នាក់​មានឈ្មោះ ជឹម ខន និង ខន​។​ ផ្នែក​ទី​២ ជា​ចម្លើយ សារភាព​របស់ វួ​ន ដែល​បាន​សរសេរ​ពី​សកម្មភាព​ក្បត់​របស់ខ្លួន​មាន​ចំនួន​២៩​ទំព័រ ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៧៧ និង​ធ្វើ​ចប់​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​១៩៧៧ ដែលមាន​ចុះហត្ថលេខា របស់​អ្នក​ធ្វើឯកសារ​ឈ្មោះ ទិ​ត នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​១៩៧៧​។ ផ្នែក​ទី​៣ ជា​ចម្លើយសារភាព​លើក​ទី​២ របស់ ហ៊ា​ក វួ​ន ដែល​អត្ថន័យ​នៅក្នុង​នោះ បាន​រៀបរាប់​ពី​សកម្មភាព​របស់ខ្លួន​ក្រោយ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ មាន​ចំនួន​១៤​ទំព័រ ធ្វើ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៧៧​។ ខាងក្រោម​នេះ ជា​សេចក្តី​សង្ខេប​ដកស្រង់​ចេញពី​ចម្លើយសារភាព​របស់ ហ៊ា​ក វួ​ន ៖

​ឆ្នាំ​១៩៦៧ វួ​ន បានមក​ធ្វើស្រែ​ជាមួយ​ឪពុកម្តាយ​នៅ​ភូមិ​អន្លង់​ស្នរ ឃុំ​សំរោង ស្រុក​សេរី​សោ​ភណ្ឌ ខេត្តបាត់ដំបង​។ នៅពេល វួ​ន កំពុង​ឃ្វាលគោ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់​ទៀត ប៉ូលីស​ឈ្មោះ ឈឿ បាន​ដើរ​មករក​អ្នក​ទាំងបី ហើយ​បាន​អប់រំ​អ្នក​ទាំងបី​ឲ្យ​ចូល​ធ្វើជា​គិញ ដោយបាន​និយាយ​បញ្ចុះបញ្ចូល​ថា “​យើង​ត្រូវ​ស្រឡាញ់​ជាតិខ្មែរ យើង​កុំ​ឲ្យ​ខ្មែរក្រហម​ចូលមកក្នុង​ភូមិ​យើង​បាន​ឲ្យ​សោះ ពួក​នោះ​ជា​ចោរព្រៃ បើ​យើង​ឲ្យ​វា​ចូលមក ប្រយ័ត្ន​វា​លួច​គោ​-​ក្របី​ក្នុងភូមិ​អស់​” ឈឿ បាន​បន្ថែមថា បើ​ប្អូន​ចូលធ្វើ​គិញ នឹង​បានជា​ប្រាក់ខែ​។ ក្មេងៗ​ដូច​ប្អូនឯង មាន​អនាគត​ទៅមុខទៀត វែងឆ្ងាយ​ណាស់​។ បន្ទាប់មក ឈឿ បាន​ចាត់​ឲ្យ​អ្នក​ទាំងបី​ចូលធ្វើ​គិញ​”​។ ពេលនោះ វួ​ន និង​មិត្តភក្តិ​ពីរ​នាក់​ទៀត ក៏​យល់​ព្រមធ្វើ​គិញ​ឲ្យ​ប៉ូលីស ឈឿ នៅ​ខែមេសា ឆ្នាំ​១៩៦៧ ចាប់ពីពេលនោះ​មក​។ បន្ទាប់មក ឈឿ បានដាក់​ភារកិច្ច​ឲ្យ​អនុវត្ត​គឺ ៖
១) ពិនិត្យ​ចាំមើល​ខ្មែរក្រហម​ដែល​ចូលមក​ក្នុងភូមិ​
២) ពិនិត្យ​ប្រជាជន​ក្នុងភូមិ ថា​តើនរ​ណាខ្លះ ចូលចិត្ត​ឲ្យ​បាយ ឲ្យ​ទឹក​ខ្មែរក្រហម​ស៊ី​?​។​

​ឆ្នាំ​១៩៦៨ វួ​ន បានឃើញ​ខ្មែរក្រហម​ចំនួន​៦​នាក់​ចូល​ភូមិ​ទទា ពេលនោះ វួ​ន បាន​រាយការណ៍​ប្រាប់​ទៅ​ប៉ូលីសៗ ក៏បាន​មក ចាប់បាន​ពីរ​នាក់ រីឯ​បួន​នាក់​ទៀត បាន​រត់​ចូល​ព្រៃ​អស់​។ នៅក្នុង​ខែវិច្ឆិកា វួ​ន បាន​ពិនិត្យឃើញ​ខ្មែរក្រហម​ចូល​សំដៅទៅ​ផ្ទះ​របស់​ឈ្មោះ ប្រ៉ា​ង ចាត់តាំង​ជាសម្ងាត់​ដើម្បី​ទាក់ទង​ជា​ខ្សែរយៈ​នៅក្នុង​ភូមិ​ទទា​។ ពេលនោះ វួ​ន ក៏បាន​រាយការណ៍​ទៅ​ប៉ូលីស ឈឿ​។ ប៉ូលីស ក៏បាន​នាំគ្នា​មក​ព័ទ្ធចាប់ តែ​ចាប់​មិនបាន​ព្រោះ​យប់​ងងឹត​ពេក ហើយ​ខ្មែរក្រហម​ក៏បាន​រត់​ចូល​ព្រៃ​អស់​។ ដល់​ខែឧសភា ឆ្នាំ​១៩៦៩ ប៉ូលីស​ក៏បាន​មក​ចាប់​ឈ្មោះ ប្រ៉ា​ង យកទៅ​សាលាស្រុក​សេរី​សោ​ភណ្ឌ​ចំនួន​១៥​ថ្ងៃ ហើយ​ក៏បាន​ដោះលែង​ឲ្យ​ត្រឡប់ មក​ផ្ទះ​វិញ​។ ខែតុលា ប៉ូលីស ឈឿ បាន​ផ្លាស់​ចេញពី​បន្ទាយ​តាន​ង់ នៅពេលនោះ វួ​ន កសាង​កម្លាំង​បាន​ម្នាក់​ឈ្មោះ ម៉ាន បច្ចុប្បន្ន​ជា​មេក្រុម​យោធា​វរ​២០៧ ហើយ​បាន​ឲ្យ ម៉ាន ជួយ​ពិនិត្យ​តាមដាន​មើល​ខ្មែរក្រហម​ដែល​ចូលមក​ក្នុងភូមិ​។​

​ឆ្នាំ​១៩៧០ ខែឧសភា វួ​ន បាន​ទៅ​ភ្ជាប់​ខ្សែ​ជាមួយ ភើ​ន ស័​ក្កិ​ពីរ និង រៀម អា​ស្តង់​សែ​ហ្វ នៅ​បន្ទាយ​និមិត្ត​។ ពេលនោះ ភើ​ន និង រៀម បាន​អប់រំ វួ​ន ដោយបាន​និយាយថា “​របប​សាធារណរដ្ឋ ខ្មែរ មានការ​ឧបត្ថម្ភ​ពី​អាមេរិក​គ្រប់បែបយ៉ាង​ទាំងអស់ តាម​សេចក្តីត្រូវការ​របស់​ខ្មែរ ហើយ​អាមេរិក​ជា​ប្រទេស​មហាអំណាច​ក្នុង​សកលលោក​ទាំងមូល និង​ជា​អ្នកមាន​ធំជាងគេ​បំផុត តើ​ប្អូន​ពេញចិត្ត​ទេ​? យើង​នឹង​បញ្ចូល​ប្អូនឯង​ជា​ខ្សែ សេ​.​អ៊ី​.​អា សម្រាប់​ទៅ​បង្កប់ខ្លួន​នៅក្នុង​ជួរ​បដិវត្តន៍ ព្រោះ​ប្អូន​ធ្លាប់​ធ្វើជា​គិញ​ស្រាប់​។ ពេលនោះ វួ​ន ក៏បាន​ឆ្លើយថា ពេញចិត្ត​ណាស់ ហើយ​អ្នក​ទាំងពីរ (​ភើ​ន និង រៀម​) បាន​អប់រំ​ឲ្យ វួ​ន មានការ​ងារ​ធ្វើ​ទៀត ព្រោះ ប៉ូលីស ផ្លាស់​ចេញទៅ​អស់ហើយ​ដែល វួ​ន នៅពេលនោះ​ក៏​ដាច់​ខ្សែ​ទាក់ទង​ដែរ​។ បន្ទាប់មក កម្មវិធី​បញ្ចូល​ជា​សមាជិក សេ​.​អ៊ី​.​អា ក៏បាន​ចាប់ផ្តើម ដោយ​ឈ្មោះ ភើ​ន ជា​អ្នកទទួល​ស្គាល់ និង​ឈ្មោះ រៀម ជា​អ្នក​ឧទ្ទេសនាម ហើយ​អ្នក​ត្រូវបាន​បញ្ចូល​ជា​សមាជិក សេ​.​អ៊ី​.​អា មាន​ចំនូ​ន​បីនាក់ គឺ វួ​ន​, ស្រួច និង ម៉ុ​ន​។ កម្មវិធី​បញ្ចូល​សមាជិក សេ​.​អ៊ី​.​អា នេះ ធ្វើ​នៅ​ភូមិ​គោគ​ល្វា ឃុំ​មោង ស្រុក​ក្រឡាញ់ ខេត្តសៀមរាប តំបន់​១០៦​។ បន្ទាប់ពី​ចូល​ជា​សមាជិក សេ​.​អ៊ី​.​អា រួចហើយ វួ​ន​, ស្រួច និង ម៉ុ​ន បានទទួល​ផែនការ​ឲ្យ​កសាង​កម្លាំង សេ​.​អ៊ី​.​អា ថែមទៀត ដើម្បី​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​នៅក្នុង​ជួរ​បដិវត្តន៍​។ ក្រោយមក វួ​ន កសាង​កម្លាំង​បាន​៦​នាក់ ហើយក៏​បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ ណៃ និង រេ​ន ដើម្បី​បញ្ចូល​ជា​ខ្សែ សេ​.​អ៊ី​.​អា​។ នៅ​ខែតុលា ឆ្នាំ​១៩៧០ អ្នក​ទាំង​ប្រាំមួយ​ត្រូវបាន​បញ្ចូល​ជា សេ​.​អ៊ី​.​អា ហើយ​បាន​ចាត់​ឲ្យ​មក​បង្កប់ខ្លួន​ក្នុង​ជួរ​បដិវត្តន៍​។ ពេលនោះ វួ​ន ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​ក្នុងឋានៈ​ជា​ភ្ញៀវ ដើម្បី​ជួយផ្តល់​មតិ​ណែនាំ​បន្ថែម​ងាយស្រួល​ឲ្យ​សមាជិក សេ​.​អ៊ី​.​អា បាន​យល់​កាន់តែច្បាស់ នៅពេល​នោះដែរ ណៃ ជា​អ្នកទទួល​ស្គាល់ និង រេ​ន ជា​អ្នក​ឧទ្ទេសនាម​បញ្ចូល​។​

​បន្ទាប់ពី​កម្មវិធី​បាន​បញ្ចប់ទៅ ណៃ បានដាក់​ផែនការ ដោយ​ធ្វើការ​ពន្យល់​សមាជិក សេ​.​អ៊ី​.​អា ដែល​ទើប​បញ្ចូល​ថ្មី​អស់​រយៈពេល​មួយថ្ងៃ​កន្លះ ឲ្យ​ដើម្បី​យកទៅអនុវត្ត​រៀងៗ​ខ្លួន​។ នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៧០ អ្នក​ទាំង​ប្រាំមួយ បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់ និង​បាន សម្លាប់​កម្មាភិបាល​អស់​ពីរ​នាក់ ដោយ​កម្មាភិបាល​ទាំងនេះ​មិន​ព្រម អនុវត្តតាម ណៃ បញ្ជា​។​

​ខែមករា ឆ្នាំ​១៩៧១ វួ​ន បាន​ទាក់ទង​ទៅ​ទាហាន​នៅ​បន្ទាយ​និមិត្ត ឲ្យ​មក​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ប្រជាជន ដេញចាប់​ប្រជាជន​យកទៅ​ឃុំខ្លួន​នៅ​បន្ទាយ​និមិត្ត​។ ផ្ទះ​របស់​អ្នកភូមិ ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី អស់ ចំណែក​ស្រូវ អង្ករ ជ្រូក មាន់ ទា ត្រូវ​ពួក​ទាហាន​យក​គ្មាន​សល់​។ បន្ទាប់មក វួ​ន បាន​ភ្ជាប់​ខ្សែ​ជាមួយ ណៃ លុះដល់​ខែឧសភា ឈ្មោះ​រិ​ទ្ធិ បាន​យក វួ​ន ទៅ​សៀមរាប​ជាមួយ ចំណែក ណៃ បាន ឡើងទៅ​រៀនសូត្រ​។ ពេលនោះ វួ​ន ក៏បាន​ភ្ជាប់​ខ្សែ​ជាមួយ​ឈ្មោះ នៅ បច្ចុប្បន្ន​ជា​អនុ​លេខា​កងពល​ទី​១​។ ខែមិថុនា វួ​ន បាន​កសាង កម្លាំង​បាន​បួន​នាក់​បន្ថែមទៀត​នៅ​ខេត្តសៀមរាប ហើយ​បាន​បញ្ជូន អ្នក​ទាំង​បួន​ឲ្យ​ទៅ​ឈ្មោះ នៅ និង រេ​ន ដើម្បី​បញ្ចូល​ជា​សមាជិក សេ​.​អ៊ី​.​អា​។ ក្រោយពី​បញ្ចូល​ជា​សមាជិក សេ​.​អ៊ី​.​អា រួចមក រេ​ន និង នៅ បាន​ចាត់តាំង ស្រួច ឲ្យ​បញ្ជូនទៅ​បង្កប់ខ្លួន​ក្នុង​កងទ័ព​នៅ សមរភូមិ ហើយ​អ្នក​ទាំងនេះ បានធ្វើ​សកម្មភាព​ជាមួយ វួ​ន ដោយបាន​ចាប់​ប្រជាជន​នៅ​ភូមិ​ប្រី​ម្នាក់ យកទៅ​សម្លាប់ចោល ព្រោះ​ម្នាក់នេះ​មិន​ព្រម​អនុវត្តតាម​ផែនការ​របស់ នៅ​។ ក្រោយមកទៀត វួ​ន បានទទួល​ផែនការ​ពី​ឈ្មោះ នៅ ឲ្យ​ទៅទាក់ទង​ជាមួយ​ស័ក្តិ​បី ដោក នៅ​បន្ទាយ​ស្រីស្នំ​ក្នុងភូមិ​ពង្ររ​។ ក្រោយពី នៅ និង ដោក បាន​ជួបគ្នា​ហើយ ក៏បាន​ដាក់​ផែនការ​កម្ទេច​មូលដ្ឋាន​អង្គការ​នៅ​និង​អូ ខាងកើត​ភូមិ​ពង្ររ​។ ពេលនោះ នៅ បានប្រគល់​ប្លង់​ឲ្យ​ទៅ ដោក ដើម្បី​ធ្វើ​សកម្មភាព​។ បន្ទាប់មក មូលដ្ឋាន និង​ឃ្លាំង​នៅ​កន្លែង​នោះ ត្រូវ​យន្តហោះ​បាញ់​ឆេះ​អង្ករ​អស់​ជាង​២០០​បាវ ពេលនោះ​អង្គការ​ក៏បាន​ដកថយ​ចាក​ចេញពី​កន្លែង​នោះ ទៅ​តាំង ទីកន្លែង​ថ្មី​ផ្សេងទៀត​។ នៅ​ខែវិច្ឆិកា វួ​ន និង​បក្ខពួក​បានទទួល​ផែនការ​ពី នៅ ដោយ​ទាក់ទង​ឲ្យ​ជាប់​ជាមួយ​សក្តិ​បី ដោក ធ្វើ​សកម្មភាព​នាំ​ទាហាន​មក​ព័ទ្ធ​កន្លែង​របស់ ញឹម នៅ​ភូមិ​គោក​ល្វា ឃុំ​មោង ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ប៉ុន្តែ ញឹម បានគេច​ចេញផុត ពី​ការហ៊ុមព័ទ្ធ​នេះ​។ រីឯ​នៅក្នុង​ភូមិ ពួក​ទាហាន​បានធ្វើ​សកម្មភាព​រឹបអូស​យក​របស់របរ​ពី​ប្រជាជន មន្ទីរ​របស់​អង្គការ សម្ភារ ស្រូវ អង្ករ ត្រូវ​ភ្លើង​ឆេះ​អស់​។​

​ខែមីនា ឆ្នាំ​១៩៧២ អង្គការ​មាន​ផែនការ​ឲ្យ​កងទ័ព​ទៅ​កសាង​មូលដ្ឋាន​នៅ​ខាង​ភ្នំ​ព្រះ​ជិត​ថ្មពួក ពេលនោះ​ឈ្មោះ ហូ​វ ប្រធាន​កងអនុសេនាតូច បាន​ទៅទាក់ទង​ស័ក្តិ​មួយ​ឈ្មោះ ទុំ នៅ​បន្ទាយ​ថ្មពួក ឲ្យ​ធ្វើ​សកម្មភាព​រារាំង​មិន​ឲ្យ​អង្គ​ការកសាង​មូលដ្ឋាន​នេះ​បាន​។ វួ​ន នៅ​រក្សា​ការទាក់ទង​ជាមួយ នៅ ដដែល ហើយ​បានទទួល​ផែនការ​ពី នៅ ឲ្យ​ធ្វើការ​ទាក់ទង​ជាមួយ​ខ្សែរយៈ​ឈ្មោះ ថន សមាជិក​វរ​សេនា​តូច​២២៧ កងពល​ទី​១, ឈ្មោះ យ​ន អនុ​វរ​សេនា តូច​លេខ​៣១៥ នៅ​តំបន់​៥, ឈ្មោះ វ៉ាល់ សមាជិក​ស្រុក​ភ្នំស្រុក តំបន់​៥, រៃ ប្រធាន​មន្ទីរពេទ្យ​ព​-២ ប្រចាំ​ក្រុង​បាត់ដំបង​, ផុន ប្រធាន​មន្ទីរពេទ្យ​និមិត្ត ប្រចាំ​កងពល​ទី​១​។ វួ​ន បានធ្វើ​ការទាក់ទង​ជាមួយ​ខ្សែ​របស់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព ហើយ​បាន​ចាត់តាំង​កម្លាំង​របស់ខ្លួន​ឲ្យ​ទៅទាក់ទង​ជាមួយ ហូ​វៗ ក៏បាន​នាំ​បន្ត​ឲ្យ​ទៅទាក់ទង​ជាមួយ ទុំ នៅ​បន្ទាយ​ថ្មពួក តំបន់​៥​។ ការទាក់ទង​ក៏បាន​សម្រេច​។ ពេលនោះ ទាហាន​បន្ទាយ​ថ្មពួក​បាន​ឡើងមក​ធ្វើ​សកម្មភាព​នៅ​ភ្នំ​ព្រះ ហើយ​បាន​វាយប្រហារ​គ្នា​ជាមួយ​កងទ័ព​បដិវត្តន៍​មួយថ្ងៃ​ពេញ ទើប​ដកថយ ចំណែក​យន្តហោះ​ក៏បាន​វាយប្រហារ​មកលើ​កងទ័ព​បដិវត្តន៍​យ៉ាងខ្លាំង​ក្លា​ណាស់ដែរ បណ្តាល​ឲ្យ​កងទ័ព​មាន​គ្រោះថ្នាក់ និង​របួស​ជាច្រើន​។ ក្រោយមក​ស័ក្តិ​មួយ ទុំ ក៏បាន​ចូលមកក្នុង​ជួរ​បដិវត្តន៍ ដើម្បី​ចូលមក​យកការណ៍​ពី​អង្គការ​ដោយផ្ទាល់​តាមរយៈ ហូ​វ​។ ពេលនោះ អង្គការ​បាន​ចាត់ ទុំ ឲ្យ​ធ្វើជា​កម្មាភិបាល​បណ្តោះអាសន្ន​សម្រាប់ធ្វើ​នយោបាយ​ទាក់ទង​ពួក​ទាហាន​ឲ្យ​រត់​ចូលមក​កាន់​តំបន់​រំដោះ តែ​នៅពេលនោះ ទុំ បានធ្វើ​សកម្មភាព​មកលើ​បដិវត្តន៍​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​១៩៧៣ ទើប​រត់​ចេញពី​ក្នុង​ជួរ​បដិវត្តន៍​វិញ​។​

​ឆ្នាំ​១៩៧៣ វួ​ន បាន​ភ្ជាប់​ខ្សែ​ជាមួយ ព្រំ នាទី​អនុ​រោងចក្រ មង្គល​បូរី (​អង្គការ​កម្ទេច​ហើយ​) និង អ៊ឹង នាទី​ប្រធាន​បច្ចេកទេស យោធា​ភូមិភាគ​ពាយ័ព្យ​។ អ្នក​ទាំងពីរ (​ជា​ខ្សែ​របស់​វៀតណាម​) បាន​អប់រំ វួ​ន បន្ថែម​ឲ្យ​ធ្វើ​សកម្មភាព ធ្វើ​វិច្ឆេទកម្ម ឲ្យ​បានជា​ប់លាប់ ព្រោះ​អ្នក​ទាំងពីរ​មាន​គោលបំណង​ចង់​កម្ទេច​ឈ្មោះ វិត​។ ចំណែក វិត ក៏មាន​ការប្រុងប្រយ័ត្ន តាមដាន​ខ្មាំង រក​ខ្មាំង​ក្នុង​អង្គភាព តែ ព្រំ និង អ៊ឹង នៅតែ​ធ្វើ​សកម្មភាព​បាន​។ ឆ្នាំ​១៩៧៣ វួ​ន បានធ្វើការ​ទាក់ទង​ឈ្មោះ ប៉ី ចេង​, សេង និង យី​ម ជា​ខ្សែរយៈ​របស់ខ្លួន ដើម្បី​រួម​ធ្វើ​សកម្មភាព​អុកឡុក​នៅក្នុង​អង្គភាព​នីមួយៗ រហូត​បានធ្វើ​ឲ្យ​ឈ្មោះ សារាយ នៅក្នុង​កង​រត់​ចូលទៅ​បន្ទាយ​ទាហាន​នៅ​ឃ្លាំង​តា​ហែ​ន​។ អង្គការ​ត្រូវយក​កម្មាភិបាល​ឲ្យ​ទៅ​រៀនសូត្រ តែ​ដល់ពេល​មាន​យុទ្ធជន​រត់​ចូល​ទៅខាង​ទាហាន ហើយ​សាលារៀន​ក៏ត្រូវ បែកការណ៍​ដោយ​ត្រូវ​យន្តហោះ​មក​ទម្លាក់​គ្រាប់បែក​នៅក្បែរ​សាលារៀន ត្រូវ​ភូមិ​របស់​អ្នកស្រុក​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន ហើយ​ការរៀនសូត្រ​ក៏​ត្រូវបាន​អង្គការ​ឲ្យ​ផ្អាក​មួយរយៈ​សិន​ដែរ​។ នៅ​ចុងឆ្នាំ​១៩៧៣ អង្គការ​មាន​ផែនការ​ទៅ​ជួយ​ធ្វើ​សកម្មភាព​នៅ​តំបន់​៣ ពេលនោះ អ៊ឹង និង ព្រំ ត្រូវ​ចុះទៅ​ជាប់​ជាមួយ​ដែរ តែ​អ្នក​ទាំងពីរ​មាន​ផែន​ការចាត់​ឲ្យ វួ​ន និង​បក្ខពួក​ធ្វើ​វិច្ឆេទកម្ម​បំផ្លាញ​សម្ភារ​សំខាន់ៗ​ពិសេស កាំភ្លើង និង​គ្រាប់​។ ពេលនោះ វួ​ន មាន​ភារកិច្ច​ជញ្ជូន​សម្ភារ​មក​ឲ្យ​អ្នក​នៅ​សមរភូមិ ហើយ​បាន​ចាត់​ឲ្យ​ឈ្មោះ សេង ដែលជា​ខ្សែ​ទាក់ទង ឲ្យ​យក​គ្រាប់​ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​អស់​១២​កេះ​។​

​ឆ្នាំ​១៩៧៤ វួ​ន នៅជាប់​ជាមួយ អ៊ឹង ដដែល ហើយក៏​បានទទួល​ផែនការ​ពី អ៊ឹង ជា​បន្តបន្ទាប់​។ ក្រោយមក អ៊ឹង បានប្រគល់​មនុស្ស​ចំនួន​ប្រាំ​នាក់​ឲ្យ​មក វួ​ន មានឈ្មោះ វិ​ន​, ឡេ​, ភួ​ន​, កែវ និង ឈួ​ម ដើម្បី​ធ្វើ​សកម្មភាព​នៅ​តំបន់​៣​។ ក្រោយមក អង្គការ​មាន​ផែនការ​វាយ​បន្ទាយ​អំពិល​។ ពេលនោះ អ៊ឹង បាន​ណែនាំ វួ​ន ធ្វើយ៉ាងណា​កុំ​ឲ្យ​វាយ​បន្ទាយ​អំពិល​បាន ព្រោះ​អង្គការ​មានបំណង​វាយ​ឲ្យ​ខ្ទេចខ្ទី មាន​កាំភ្លើង​គ្រប់​ធុន ទាំង​កាំភ្លើង​តូច​-​ធំ​។ ពេលនោះ អ្នក​បដិវត្តន៍​ក៏ត្រូវ​ទៅពិនិត្យ​សមរភូមិ​ច្រើន​ដែរ​ដើម្បី​វាយ​ឆាប់ៗ​។ នៅពេល វួ​ន ទៅដល់​ភូមិ​ស្តី​ដូង បាន​ស្គាល់​យុទ្ធជន​ម្នាក់​ឈ្មោះ សៅ នៅ​កង​៣០១ ហើយ​បាន​អប់រំ​យុទ្ធជន​នោះ​ជាសម្ងាត់ ដោយ​ឲ្យ​យុទ្ធជន​នោះ​នាំ​ដំណឹង​ទៅប្រាប់​ទាហាន​ឲ្យ​ប្រុងប្រយ័ត្ន ព្រោះ​អង្គការ​មាន​ផែនការ​វាយ​បន្ទាយ​អំពិល​នេះ​។ ហេតុនេះ ផែនការ​វាយ​បន្ទាយ​អំពិល​របស់​អង្គការ​ត្រូវបាន​ផ្អាក​។ ខែសីហា វួ​ន បានទទួល​ផែនការ​ពី អ៊ឹង ឲ្យ​ទៅ​ចាប់​ប្រជាជន​បួន​នាក់​យកទៅ​កម្ទេចចោល ពីព្រោះ​ប្រជាជន​ទាំងនោះ បាន​និយាយ​មើលងាយ​ដល់ អ៊ឹង ថា “​ស៊ី​បាយអ​ស់បាយ ស៊ី​អង្ករ​អស់​អង្ករ​”​។​

​ខែកុម្ភៈ ឆ្នាំ​១៩៧៥ វួ​ន បាន​ភ្ជាប់​ខ្សែ​ជាមួយ​ឈ្មោះ សាន លេខា​កងពល​ទី​១ និង​បាន​កម្ទេច​បញ្ជាការ​វរ​សេនា​តូច​អស់ពីរ​នាក់ ឈ្មោះ កុក ស្លាប់ និង ផៃ របួសធ្ងន់ ដោយសារ​មានទំនាស់​នឹង​គ្នា​។ ក្រោយមក សាន បានប្រគល់​ខ្សែ​ចាស់​ដែល​មកពី​កង​តំបន់ មក​នៅ​កង​ភាគ​ពាយ័ព្យ និង​បាន​ឧទ្ទេសនាម​ឈ្មោះ ភឿ មក​ឲ្យ វួ​ន សម្រាប់​ទាក់ទង​ធ្វើ​សកម្មភាព​។ ក្រោយ​រំដោះ​បាន​បន្តិច វួ​ន បានមក​ភ្ជាប់​ខ្សែ​ជាមួយ នៅ វិញ ហើយ​នៅពេល​នោះដែរ អង្គការ​បាន​ដក នៅ ពី​កង​តំបន់​៥ ឲ្យ​ទៅ​នៅក្នុង​កងទ័ព​ភាគ​ពាយ័ព្យ និង​បានទទួល​នាទី​ជា​អនុ​លេខា​កងពល​ទី​១ និង​បានដាក់​ផែនការ​ចំនួន​បី​ចំ​ណុ​ត​ឲ្យ វួ​ន គឺ ៖
១) កសាង​កម្លាំង​ក្បត់​មក​បង្កប់​ក្នុង​ជួរ​បដិវត្តន៍
២) ទាក់ទង​ជាមួយ​ថៃ​, អ៊ិន តាំ
៣) រៀបចំ​កងទ័ព​ដើម្បី​វាយយក​តំបន់​ទី​៣ ហើយ​រៀបចំ​ទប់ទល់ និង​ទាក់ទង​ជាមួយ អ៊ិន តាំ ឲ្យ​ជាប់ ដើម្បី​មកជួយ​ធ្វើ​សកម្មភាព ប្រឆាំង​ជាមួយនឹង​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដោយ​យក​ប្រទេស​ថៃ​ធ្វើជា​មូលដ្ឋាន​។

​នៅ​ចុងឆ្នាំ​១៩៧៥ វួ​ន បានទទួល​ភារកិច្ច​ឲ្យ​ជ្រើសរើស​យុទ្ធជន​ចូលធ្វើ​កងទ័ព ហើយ​សំណូមពរ​របស់​អង្គការ គឺ​ឲ្យ​រើស​អ្នក​ដែលមាន​ប្រវត្តិ​រូបល្អ ស្អាតស្អំ​។ ពេលនោះ នៅ បានដាក់​ផែនការ​ឲ្យ វួ​ន ជ្រើស​រើសយក​អ្នក​ដែលមាន​ឪពុកម្តាយ បងប្អូន ឬ​សាច់ញាតិ​ដែល​ធ្វើ​ការបម្រើ​ខ្មាំង យកមក​ឲ្យ​ខ្លួន​ដើម្បី​អប់រំ​។ វួ​ន បាន​រើស​មនុស្ស​ដែលមាន​និន្នាការ​ដូចខាងលើ បាន​ចំនួន​៨០​នាក់ ហើយ​ប្រគល់​ឲ្យ​ទៅ នៅ ទាំងអស់​។ បន្ទាប់មក នៅ ក៏បាន​រៀបចំ​កង​មួយ​ផ្សេង​ពី​គេ ដោយ​បច្ចុប្បន្ន​យុទ្ធជន​ទាំង នោះ​នៅក្នុង​កងវរសេនាតូច​លេ​២០៧ កងពល​ទី​១​។ ក្រោយមកទៀត វួ​ន បានទទួល​ផែនការ​ពី នៅ ឲ្យ​ទៅទាក់ទង​ជាមួយ​ថៃ​នៅក្បែរ​ភូមិ ម៉ក់ ហឺ​ន ជាប់​ព្រំដែន ។ ការទាក់ទង​ជាមួយ​ថៃ​នេះ គឺ​ដើម្បី​ឲ្យ​ថៃ​ជួយ​ទាក់ទង អ៊ិន តាំ រៀបចំ​ផែនការ​ឲ្យ​បាន​ជាប់​គ្នា នេះ​ជា​ផែនការ​ទាក់ទង​ជាមួយ​ថៃ​ដំបូង​។ បន្ទាប់មក នៅ បាន​ឧទ្ទេសនាម​ឲ្យ​ស្គាល់ឈ្មោះ គន នាទី​ជា​លេខា​វរ​សេនា​តូច​២១៧ ដើម្បី​ទាក់ទង​ធ្វើ​សកម្មភាព​។ ក្រោយមក វួ​ន ក៏បាន​ទាក់ទង​ជាមួយ គន ធ្វើ​សកម្មភាព​បំភ្លៃ​មាគ៌ា​របស់​បក្ស​ជា​បន្តបន្ទាប់​។​

​ឆ្នាំ​១៩៧៦ វួ​ន បានទទួល​ផែនការ​ពី នៅ ឲ្យ​ទៅប្រាប់ អ៊ិន តាំ ឲ្យ​ឆាប់​ដកថយ​ចេញពី​ភ្នំ​ម៉ាឡៃ​ជា​ប្រញាប់ ព្រោះ​ខ្លួន (​នៅ​) បានទទួល​ផែនការ​ពី​អង្គការ​ឲ្យ​ទៅ​វាយ​ពួក អ៊ិន តាំ ដោយ​អង្គការ ដឹងថា​ពួក អ៊ិន តាំ នៅ​ភ្នំ​ម៉ាឡៃ​។ ពេលនោះ វួ​ន មាន​ភារកិច្ច​ទៅ​ស៊ើបការណ៍​មុន​។ ពេលទៅដល់​ភ្នំ​ម៉ាឡៃ វួ​ន បាន​ជួបនឹង​ទាហាន អ៊ិន តាំ ពីរ​នាក់​នៅក្បែរ​ភ្នំ​ម៉ាឡៃ ហើយ​ក៏បាន​ទាក់ទង​ឲ្យ​ទាហាន អ៊ិន តាំ ទាំងពីរ​ឲ្យ​ឆាប់​ដកទ័ព​ចេញពី​ទីនោះ​ជាបន្ទាន់​។ បន្ទាប់មក ពួក​ទាហាន អ៊ិន តាំ បាន​ដក​ចេញពី​កន្លែង​នោះ ហើយ​ធ្វើដំណើរ​ឆ្ពោះទៅ​ភ្នំ​បារាំង​ធ្លាក់ ដល់ពេល​កងទ័ព​បដិវត្តន៍​ទៅដល់​ទីតាំង​ដែល ទ័ព អ៊ិន តាំ បោះទ័ព​ស្នាក់នៅ​ភ្នំ​ម៉ាឡៃ គឺ​មិន​បានឃើញ​ទាហាន អ៊ិន តាំ ទេ ឃើញតែ​រោង​ទទេ​តែប៉ុណ្ណោះ​។ ក្រោយមកទៀត វួ​ន បាន ប្រាប់​ឲ្យ​ពួក អ៊ិន តាំ ត្រៀមចាំ​វាយ​កងទ័ព​បដិវត្តន៍​នៅ​ភ្នំ​បារាំង ធ្លាក់ ។ លុះ​ដល់ពេល​កងទ័ព​បដិវត្តន៍​ទៅដល់​ភ្នំ​នោះ ពួក​ទាហាន អ៊ិន តាំ ដែល​បាន​ត្រៀមចាំ​រួចជាស្រេច​នោះ បាន​បាញ់​មកលើ​កងទ័ព​បដិវត្តន៍​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៩​នាក់ ដោយ​ព្រៃស្តុក ហើយ​ផ្លូវ មានតែ​មួយ​ច្រក ហេតុនេះ​កងទ័ព​បដិវត្តន៍​ក៏បាន​ដកថយ​មកវិញ​។ នៅ​ចុងឆ្នាំ​១៩៧៦ វួ​ន បានទទួល​យុទ្ធជន​៦​នាក់ ព្រមទាំង​កាំភ្លើង​៦​ដើម​ផង យកទៅ​ប្រគល់​ឲ្យ អ៊ិន តាំ​។ បន្ទាប់មក វួ​ន បាន​ទៅ​បំផុស អប់រំ​មេឃុំ​ឈ្មោះ សាប់ នៅ​ភូមិ​សំរោង​ឲ្យ​ឆាប់​ភាសខ្លួន​ចាក​ចេញពី​ភូមិ ព្រោះ​ខ្លាច​អង្គការ​កម្ទេចចោល​។ មេឃុំ សាប់ ក៏បាន​កេណ្ឌ​បាន​មនុស្ស​ចំនួន​២៦​នាក់​ផ្សេងទៀត រត់ចេញ​ទៅ​ថៃ​។ នៅ​ខែមីនា វួ​ន បានទទួល​ផែនការ​ពី សាន និង នៅ ៖
១) ឲ្យ​ទាក់ទង​ជាមួយ​ថៃ និង អ៊ិន តាំ ដើម្បី​រក​ច្រក​ចេញទៅ​នៅ​ដី​ថៃ ទាំង​កងទ័ព និង​ប្រជាជន​
២) រៀបចំ​កងទ័ព​ពិសេស​មួយ​វរ​សេនា​តូច​៧​នាក់ ដើម្បី​ទាក់ទង​ធ្វើ​ការងារ​ជាមួយ អ៊ិន តាំ​
៣) សម្លាប់​ប្រជាជន​ដោយ​បង្អត់បាយ ឬ​បំពុល ពិសេស​ប្រជាជន​មូលដ្ឋាន​ចាស់​ដែលមាន​ជំហរ​ច្បាស់លាស់​ចំពោះ​បដិវត្តន៍​។ ក្រោយពី​បានទទួល​ភារកិច្ច​នេះហើយ វួ​ន មាន​ភារកិច្ច​មួយ​ផ្សេង ទៀត គឺត្រូវធ្វើ​ការទាក់ទង​ជាមួយ​ចៅហ្វាយស្រុក​អារ​ញ្ញោ​ឈ្មាះ ឡុង នៅ​ខាងជើង​ប៉ោយប៉ែត ដើម្បី​ឲ្យ​ឈ្មោះ ឡុង ចាំ​ទទួលយក​ប្រជាជន​ដែល​បាន​ភាសខ្លួន​មក​ដោយ​ជួយឧបត្ថម្ភ​ផង ហើយ​ចៀស វាង​កុំ​ធ្វើបាប​ឲ្យ​សោះ​។ ចាប់ពីពេលនោះ​មក វួ​ន និង ឡុង ក៏បាន​ទាក់ទង​ជាមួយគ្នា​ជាប់​រហូតមក​។ បន្ទាប់មកទៀត វួ​ន បានធ្វើ​សកម្មភាព​យក​ប្រជាជន​នៅ​ភូមិ​សូ​រី​យា ដែលជា​ប្រជាជន​មូលដ្ឋាន​ចាស់ ហើយ​ដែលមាន​ទំនាស់​អំពី​រប​ប​សមូហភាព​ទៅ​សម្លាប់ចោល​។​

​នៅ​ឆ្នាំ​១៩៧៧ វួ​ន បាន​ទៅ​បំផុស អប់រំ​មេកង​តូច​ដោយ​និយាយថា “​ពីរ​ថ្ងៃមុន ខ្ញុំ​បានឮ​អង្គការ​និយាយថា នឹង​បម្រុង​ដកទ័ព​មួយ​កង​តូច​នេះ​ចេញពី​ព្រំដែន​” ហើយ​ថែមទាំង​បាន​និយាយ​ពី​ថៃ នៅពេល​ឃើញ​ខ្មែរ​រត់​ចូលទៅ គេ​ជួយឧបត្ថម្ភ គេ​ចិញ្ចឹម​យើង​។ ពេល​បានឮ​ដូច្នេះ មេកង​តូច​នោះ ក៏បាន​ទៅ​អប់រំ​យុទ្ធជន​របស់គាត់ ឲ្យ​រត់​ចេញទៅ​ថៃ​ទាំងអស់ ដោយមាន​ជាប់​ទៅជា​មួយ​នូវ​អាវុធ​ម្នា​ក់មួយ​ដើម​ផង​។ បន្ទាប់មក វួ​ន បាន​ទៅទាក់ទង​ជាមួយ​ថៃ ហើយ​បាន​ជួប​ជាមួយ​ស័ក្តិ​៣​ឈ្មោះ កែវ សា​ខន នៅ​បន្ទាយ​អាង​សីឡា ជាប់​ព្រំដែន ដើម្បី​ឲ្យ កែវ សា​ខន មកជួប​ជាមួយ នៅ ដោយផ្ទាល់ នៅ​ឫស្សីស្រុក​ដើម្បី​ឲ្យ កែវ សា​ខន ទទួលស្គាល់ ហើយ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​គ្រប់បែបយ៉ាង​ដែល នៅ ត្រូវការ​។ ម្យ៉ាងទៀត គឺ​ទាក់ទង​ជាមួយ អ៊ិន តាំ ដើម្បី​ឲ្យ អ៊ិន តាំ ជួយ​ធ្វើ​សកម្មភាព​មក​ខាងក្នុង (​ប្រទេស​កម្ពុជា​) ឲ្យ​ជ្រៅ ដើម្បី​អុកឡុក ធ្វើ​មិន​ឲ្យ​អង្គ​ការកសាង​សង្គមនិយម​បាន​ឆាប់រហ័ស រារាំង​ចលនា​បដិវត្តន៍​ឲ្យ​ជាប់​។ ម្យ៉ាងទៀត ការទាក់ទង​នេះ ទុក​សម្រាប់​ប្រើពេល​មាន​អាសន្ន ត្រូវ​ចេញ ទៅ​ទឹកដី​ថៃ​ជាមួយ អ៊ិន តាំ​។ វួ​ន បានធ្វើ​ការទាក់ទង​ផ្ទាល់​ជាមួយ អ៊ិន តាំ បាន​ពីរដង​នៅ​បន្ទាយ​អាង​សីឡា​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​។ វួ​ន បានទទួល​ផែនការ​ពី នៅ យកមកអនុវត្ត​ជា​បន្តបន្ទាប់​ជាប់​រហូតមក ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ ទើបត្រូវ​អង្គការ​ចាប់ខ្លួន​តែម្តង​៕ L ដោយៈ ឆេង វ៉េង បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​ដកស្រង់​ចេញពី​ឯកសារ​លេខ D៤១២៧២)