​ចម្លើយសារភាព របស់ ឃាង ស៊ីម​ហន ហៅ ប៊ុត លេខា​តំបន់​១០៤ ភូមិភាគ​ឦសាន

2335
ចែករម្លែក
  • 238
    Shares
​រូប​អង្គុយ​រាប់​ពីស្តាំ ៖ ឃាង កា​អូន (​ត្រូវជា​បងប្រុស​បង្កើត​របស់ ឃាង ស៊ីម​ហន ហៅ ប៊ុត​) និង ប្រពន្ធ សព្វថ្ងៃ​រស់នៅ​ខេត្ត​ប៉ៃលិន​។

ដោយ :​ដា​រ៉ា រដ្ឋ​មេត្តា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ឃាង ស៊ីម​ហន ហៅ ប៊ុត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​ក្នុង​ឆ្នាំ​១៩៧៨)​។ ប៊ុត មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។ ឪពុក​របស់ ប៊ុត ឈ្មោះ ឃាង ជាប និង​ម្ដាយ​ឈ្មោះ ឆែ ស៊ីន មាន​មុខរបរ​ដាំម្លូរ និង ដាំ​បន្លែបង្ការ​។

​បើតាម​ចម្លើយសារភាព​របស់ ឃាង ស៊ីម​ហន ហៅ ប៊ុត ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​មន្ទីរ​ស​-២១ នៅ​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​១៩៧៨ បាន​សរ​រសរ​រៀបរាប់ថា ៖

​នៅ​ចុងឆ្នាំ ១៩៦២ ប៊ុត បាន​បញ្ចា​ប់​ការសិក្សា​នៅ​វិទ្យាល័យ​កំពង់ចាម និង​បានមក​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ​។ ដោយសារ​ស្ថានភាព​ក្រលំបាក និង​គ្មាន​សាច់ញាតិ​នៅ​ភ្នំពេញ ប៊ុត បានដាក់​ពាក្យ​ស្នាក់នៅ​ទីស្នាក់ការ​មិត្ត​សិស្ស​ចាស់ តាមរយៈ​បងប្រុស​របស់ខ្លួន​ឈ្មោះ ឃាង ជួន​។ ពេល​ស្នាក់នៅ​ទីស្នាក់ការ​មិត្ត​សិស្ស​ចាស់ ប៊ុត បាន​ក្លាយជា​សមាជិក​ស​ម្ព័​ន្ធ​យុវជន​កម្ពុជា​ប្រជា​ធិ​បេ​តយ្យ​។ ដោយមាន​ឈ្មោះ ឡេង ប៊ុ​-​ន​សុង បាន​នាំ ប៊ុត ទៅ​ឧទ្ទេសនាម​ជូន​បង ពេញ (​អៀង សារី​)​។ បង ពេញ បាន​ឧទ្ទេសនាម ប៊ុត ឲ្យ​ជូ​ប មិត្ត​ខឹម (​ដាំ​ផេង​) ដែល​ស្នាក់នៅ​ទីស្នាក់ការ​មិត្ត​សិស្ស​ចាស់​ជាមួយគ្នា​។​

​ក្រោយមក នៅ​ខែតុលា​ឆ្នាំ​១៩៦២ ឈ្មោះ ខឹម បាន​ហៅ ប៊ុត ទៅផ្ទះ​របស់​ឈ្មោះ ថាច់ គឹម​សឺ​ង ដើម្បី​ប្រកាស​ចាត់តាំង​គណៈ​យុវជន​កម្ពុជា​ប្រជា​ធិ​បេ​តយ្យ​ក្រុង និង​បែងចែក​តួនាទី​។ នៅផ្ទះ ថាច់ គឹម​សឺ​ង​, ប៊ុត បាន​ជួប​ជាមួយ ឈ្មោះ ថាច់ ញ៉ឺ​ង​, ឈ្មោះ ស៊ុំ (​គង់ សុផល​) និង ឈ្មោះ ឆាំ ( ស៊ា​ត ឆែ​)​។ ក្រោយមក ប៊ុត , ថាច់ គឹម​ស៊ឹង និង ថាច់ ញ៉ឺ​ង ត្រូវបានចាត់តាំង​ឲ្យ​អូសទាញ​និស្សិត​ផ្នែក​មហាវិទ្យាល័យ​ឲ្យ​ចូល​បដិវត្ត​។ ឆាំ ទទួល​អូសទាញ​ផ្នែក​សាលា​ឈ្នួល ខឹម ផ្នែក​មធ្យមសិក្សា​ខាង​រដ្ឋ​។ ការប្រជុំ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅជា​រៀងរាល់​កន្លះ​ខែម្ដង និង មួយខែ​ម្ដង​សម្រាប់​គណៈ​រួម​។

​ដោយមាន​ការណែនាំ​ពី ឈ្មោះ ឆាំ​, ប៊ុត បាន​ចូលធ្វើ​គ្រូបង្រៀន​នៅ​សាលា​កម្ពុជ​បុត្រ ផ្នែក​វិទ្យាសាស្ត្រ​រូប​និយម និង​គីមី​ថ្នាក់​ទី​៤​ទំនើប ដើម្បី​បាន​ប្រាក់​ខ្លះ​ផ្គត់ផ្គង់​ជីវភាព​។ ក្រោយមក ឆាំ បាន​ណែនាំ​ឲ្យ ប៊ុត ចូល សេ​-​អ៊ី​-​អា ហើយ​ឈ្មោះ ឆាំ បាន​រៀបរាប់​កម្លាំង​ខ្លះៗ ដែលជា​ខ្សែ សេ​-​អ៊ី​-​អា បង្កប់​ក្នុង​ជួរ​បដិវត្ត​រួមមាន ឈ្មោះ កែវ មាស​, ឈ្មោះ ជូ ជេ​ត​, ឈ្មោះ ជ័យ នួន​, ឈ្មោះ ប៊ុន​ថា​ន់ និង ឈ្មោះ អន ជាដើម​។ ប៊ុត បានសម្រេច​ចិត្ត ចូល សេ​-​អ៊ី​-​អា ហើយ​ថែមទាំង​បាន​អូសទាញ​បាន​ឈ្មោះ ទួន សុខ​ផល្លា នៅ​មហាវិទ្យាល័យ គណិតសាស្ត្រ​ឲ្យ​ចូល សេ​-​អ៊ី​-​អា ទៀតផង​។​

​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​១៩៦៥ ប៊ុត បាច​ខិតប័ណ្ណ​ដើម្បី​អូសទាញ​យុវជន​ឲ្យ​ចូល បដិវត្ត​តែ​ត្រូវបាន​គិញ​ដឹង​។ បន្ទាប់ពី​គិញ​ដឹង​សម្មភាព​ទាំងនោះ ប៊ុត និង​បក្ខពួក​បាន​រត់គេចខ្លួន​។ ប៊ុត បាន​ទៅ​មន្ទី​១០០ ឬ មន្ទីរ​ដើម​ផ្ដៀក ស្ថិតនៅក្នុង​ទឹកដី​យួន​ក្បែរ​ព្រំដែន​ក្នុង​ស្រុ​មេមត់​។ នៅ​មន្ទី​១០០ មាន ឈ្មោះ​ទុំ ជា​លេខា​មន្ទីរ ស្ដើង និង សឿង ជា​សមាជិក​។ ប៊ុត ទៅដល់​មន្ទីរ​១០០ ត្រូវបាន បង​ពេញ ឲ្យ​ធ្វើជា​ពេទ្យ​ព្យាបាល​កម្មាភិបាល​នៅក្នុង​មន្ទីរ​។ នៅ​មន្ទីរ​១០០​នេះ​ក៏មាន​សមាសភាព សេ​-​អ៊ី​-​អា ខ្លះ​បង្កប់​ក្នុងនោះដែរ​។ នៅ​ខែ​កក្ដ​ដា ឆ្នាំ​១៩៦៥ បង​ពេញ បាន​បញ្ជា​ឲ្យ ប៊ុត ទៅ​រៀន​ពេទ្យ​ជាមួយ​យួន​ដែល​បាន​បើ​វគ្គ​ពេទ្យ​មធ្យម​នៅក្នុង​ព្រៃ​។

​ឆ្នាំ​១៩៦៦ ក្រោយ​បញ្ចា​ប់​វគ្គ​ពេទ្យ ប៊ុត បាន​ត្រឡប់មក​មន្ទីរ​១០០​វិញ​។ នៅ​ខែកញ្ញា ឆ្នាំ​១៩៦៦ បង​ទី​១ (​ប៉ុល ពត​) បាន​មកដល់​មន្ទីរ​១០០ ជាមួយ ឈ្មោះ ប្រា​ង​, ឈ្មោះ វី និង កម្មាភិបាល​ជនជាតិ​ចា​រាយ​ម្នាក់​ឈ្មោះ ថឺ​ន​។ បន្ទាប់ពី​បង​ទី​១ បាន​មកដល់​មន្ទីរ​១០០ គាត់​ចាប់ផ្ដើម​រៀបចំ​សន្និបាត​មជ្ឈិម ដើម្បី​ឲ្យ​រៀបចំ​លក្ខ​ណៈស​ម្បិ​ត្ត​ធ្វើសង្គ្រាម​ប្រជាជន រួមទាំង​បង្រៀន​ពី​របៀប​ធ្វើ ចម្រូង​, ខ្នា​, អង្គប់​, អន្លុង ជាដើម​។ កម្មាភិបាល សេ​-​អ៊ី​-​អា ដែល ប៊ុត បាន​ស្គាល់​រួមមាន ឈ្មោះ វេត​, ឈ្មោះ ស៊ី​, ឈ្មោះ ស៊ុំ , ឈ្មោះ ដឹង និង​ក្រោយមក​តាមរយៈ ប៉ង់ និង ទុំ បាន​ឲ្យ​ដឹងថា បង​ពុ រួមមាន ភឹម​, ភួង ,​ញឹម​, គុន ក៏​ជា សេ​-​អ៊ី​-​អា ដែរ ។ ប៉ង់ និង ទុំ បាន​ឲ្យ​ដឹង​ទៀតថា បង​ពុ ខាង សេ​-​អ៊ី​-​អា បាន​ទាក់ទង​គ្នា​ដើម្បី​មាន​វិធានការណ៍​ទប់ទល់​ផែនការ​ត្រៀម​រៀបចំ​សង្គ្រាម​បដិវត្ត​របស់​បក្ស​។

​បន្ទាប់ពី​សន្និបាត​បក្ស​បាន​ផ្លាស់ប្ដូរ​មន្ទីរ​១០០ ទៅ​នៅ​ភូមិភាគ​ឦសាន​វិញ​។ ចុងខែ​តុលា​ឆ្នាំ​១៩៦៦ បក្ស​រៀបចំ​គ្រួសារ​ឲ្យ ប៊ុត​។ មុនពេល​ចេញដំណើរ​ទៅ​ភូមិភាគ​ឦសាន បក្ស​បាន​បែងចែក​កម្លាំង​ជា​ពីរ​ផ្នែក​ហើយ​ត្រូវ​ចេញដំណើរ​ក្នុង​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​១៩៦៦​។ ផ្នែក​ដែល​ត្រូវ​ចេញដំណើរ​ជាមួយ បង​ពេញ (​អៀង សារី​) រួមមាន ឈ្មោះ​ធូ​, ឈ្មោះ​ប្រា​ង​, ឈ្មោះ បង​ភឹម​, ឈ្មោះ តា​វី​, ឈ្មោះ ថឺ​ន​, ឈ្មោះ សុង​, ឈ្មោះ សឿង​, ឈ្មោះ ម៉ុ​ល​, ឈ្មោះ​ទៀក​, ឈ្មោះ ជី​បា​, ឈ្មោះ ប៊ុត​, ប្រពន្ធ​របស់ ប៊ុត [​ឈ្មោះ បាន់ ស៊ីវ (​ធិ​ន​)] និង ឈ្មោះ​តាន់ ចំណែក​កម្លាំង​ដែល​នៅសល់ នៅ​ជាមួយ​បង​ទី​១​ទាំងអស់​។

​កម្លាំង​ដែល​ទៅ​រតនៈគីរី​ត្រូវធ្វើ​ដំណើរ​អស់​រយៈពេល​ជាង​មួយខែ​ដោយមាន​ឈ្មោះ ប្រា​ង ជា​អ្នក​ស្គាល់​ភូមិសាស្ត្រ និង​នាំ​ផ្លូវ​។ បន្ទាប់ពី​ទៅដល់​រតនគីរី កម្មាភិបាល​ខ្មែរក្រហម​បានធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​ជៀសវាង​កុំ​ឲ្យ​បែកការណ៍ បង​ពេញ បាន​ប្ដូរ​ឈ្មោះ វ៉ាន់​, បង គឹម ប្ដូរ​ឈ្មោះ ខាំ​, ធូ ប្ដូរ​ឈ្មោះ យ៉ា​, វី នៅ​ឈ្មោះ វី ដដែល ព្រោះ​នៅ​ភូមិភាគ​ឦសាន​តាំងពី​ឆ្នាំ​១៩៦២, ប៊ុត ប្ដូរ​ឈ្មោះ ដាំ , សឿង ប្ដូរ​ឈ្មោះ វិ​ន​, សុង ប្ដូរ​ឈ្មោះ យ៉ុ​ន​, ប្រពន្ធ​របស់ ប៊ុត ប្ដូរ​ឈ្មោះ ស៊ីផា​, ជី​បា ប្ដូរ​ឈ្មោះ យិន​, ភឿន ប្ដូរ​ឈ្មោះ ថន​, ម៉ូ​ល ប្ដូរ​ឈ្មោះ យ៉ា​ត់ , ទៀក ប្ដូរ​ឈ្មោះ ដែង និង ប្រា​ង ប្ដូរ​មក​ឈ្មោះ បុ​ង​។ ក្រោយមក​បង វ៉ាន់ បាន​លើក​ផែនការ​រៀបចំ​សាលា និង​បើក​វគ្គ​អប់រំ​កម្មាភិបាល​ទាំងអស់ ។ ចំណែក​ប្រា​ង ហៅ បុ​ង ក្នុងឋានៈ​ជា​អនុ​របស់ បង វ៉ាន់ បាន​បាន​ឆ្លៀតឱកាស​ហៅ​អ្នក​ក្រោម​បង្កា​ប់​មក​ប្រជុំ​ម្ដង​ពីរ​ទៅ​បីនាក់​ដោយ​ណែនាំ​ពី​ដំណើរការ និង​ការធ្វើសកម្មភាព​ពង្រីក សេ​-​អ៊ី​-​អា ទៅមុខទៀត​។ បុ​ង បាន​ណែនាំ​ថា បក្ស​ក​ម្មុយ​នី​ស្ត​កម្ពុជា (​នៅពេលនោះ​នៅជាប​ក្ស​ពលករ​កម្ពុជា​នៅឡើយ​) បានសម្រេច​រៀបចំ​លក្ខ​ណៈស​ម្បិ​ត្ត​ដើម្បី​ធ្វើសង្គ្រាម​បដិវត្តន៍​ហើយ យើង​បាន​តស៊ូ​មតិ​ខ្លះៗ​ក្នុង គណៈ​ដឹកនាំ​ដែរ ដើម្បី​ទប់​ផែនការ​នេះ​តែ​កន្លងទៅ​យើង​មិនបាន​តស៊ូ​ខ្លាំង​ទេ ព្រោះ​ខ្លាច​បែកការណ៍​អំពី​កម្លាំង​យើង​នៅក្នុង​គណៈ​ដឹកនាំ​បក្ស ក្រោយពី​បិទ​វគ្គ​កម្លាំង​ទាំងអស់​ត្រូវ​បែក​គ្នា មាន​បង ខាំ ទៅ​ទទួល​តំបន់​១០៤​ជាមួយ តា​វី​, យ៉ា ទៅ​ទទួល​តំបន់​១០៥ (​មណ្ឌលគិរី​) ជាមួយ បង​ឡាំង ។ ចំណែក​បង វ៉ាន់ ទៅ​រតនគីរី (១០២) ។ ប៊ុត នៅ​ធ្វើការ​ជាមួយ បង វ៉ាន់ និង​ធ្វើជា​ពេទ្យ​ព្យាបាល​កម្មាភិបាល​ដែល បង វ៉ាន់ អញ្ជើញ​មក​រៀនសូត្រ​ផង និង​ព្យាបាល​ប្រជាជន​នៅតាម​ចម្ការ​ជិតៗ​កន្លែង​បើក​វគ្គ​ផង​។​

​ក្រោយមក​ក្នុង​ខែកក្កដា ឆ្នាំ​១៩៦៧ ប៊ុត និង តាន់ (​យុវជន​មន្ទីរ​ពលី​ពេល​ផ្ទុះអាវុធ​ដំបូង​) ត្រូវបាន បង វ៉ាន់ បញ្ជា​ឲ្យ​ជួប ឈ្មោះ យ៉ា ដើម្បី​ទៅ​ទទួល​បង​ទី​១ នៅ​ព្រំប្រទល់​ក្រចេះ និង​មណ្ឌលគិរី​។ ពេល​បាន​ជួប​ជាមួយ​បង​ទី​១ ប៊ុត បានឃើញ សោ ភឹម​, ពាង (​ហង់​លេខា ១០៣), ខន គណៈ​១០៤ និង យ៉ា​។ ពេលនោះ​មន្ទីរ​១០០ ត្រូវបាន​រៀបចំ​ឲ្យ​នៅ​ជិត​មន្ទីរ​១០២​។ បង​ទី​១ បាន​បើក​វគ្គ​ដោយ​អញ្ជើញ​កម្មាភិបាល​ក្នុង​ភូមិភាគ​មករៀ​នត្រៀ​ម​រៀបចំ​ដើម្បី​ប្រើ​ហិង្សា​ទប់ទល់​ឧបាយកល​ខ្មាំង​។ នៅ​ឆ្នាំ​១៩៦៧​នេះដែរ បង​ទី​១ ឈឺ​ធ្ងន់​។​

​នៅ​ឆ្នាំ​១៩៦៩ អង្គការ​បាន​ឲ្យ ប៊ុត ទៅ​រៀបចំ​មន្ទីរ​ថ្មី នៅក្នុង​ស្រុក​អណ្ដូង​មាស​ខាងជើង​។ ប៊ុត មិនសូវ​បាន​នៅ​មន្ទីរ​ទេ ព្រោះ​អង្គការ​បាន​បញ្ជា​ឲ្យ​ទៅ​ដើរ​រៀបចំ​មន្ទីរ​ជម្លៀស​។ ចុងឆ្នាំ​១៩៦៩ ពេល​បង​ទី​២ ទៅដល់​មន្ទីរ​១០០​បាន​ជួប​បង​ទី​១​ហើយ បង​ទី​១ បានរៀបចំ​ចេញដំណើរ​ទៅ​ក្រៅប្រទេស​ដោយ​យក បុ​ង និង​គ្រួសារ​ទៅជា​មួយ​ដែរ​។ បុ​ង បាន​ហៅ ប៊ុត និង រិ​ន មក​ផ្ដាំផ្ញើ​ថា​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​បក្ស​តាម​ការណែនាំ​របស់ យ៉ា ចុះ​។ នៅ​ដើមឆ្នាំ​១៩៧០ ពេល​ប្រជុំ​ភូមិភាគ ប៊ុត បាន​ជួប​ជាមួយ យ៉ា និង​រាយការណ៍​តាម​អ្វីដែល បុ​ង បាន​ផ្ដាំផ្ញើ​។​

​នៅ​ខែឧសភា ឆ្នាំ​១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​ក​ម្លាំ​ង​របស់​អាមេរិក​បាន​ដាក់​ទ័ព​នៅ​គ្រប់​មូលដ្ឋាន​ដែលជា​ទីតាំង​របស់​មន្ទី​រទាំង​អស់​របស់​ខ្មែរក្រហម​។ ដូច្នេះ​ខ្មែរក្រហម​បាន​ប្រមូល​កម្លាំងយោធា​ទាំងអស់​មក​នៅ​មន្ទីរ​ក​៥ ជំនួស​ឲ្យ​មន្ទីរ​១០០​។ ដោយនៅ​មូលដ្ឋាន​នោះ​ច្របូកច្របល់​ខ្លាំង ប្រជាជន​រត់​រតាត់រ​តា​យ​ខ្លះ​បាន​រត់​ចូល​ដី​វៀតណាម​។ ពេលនោះ​ក៏មាន​ឧ​ទ្ធ​ម្ភា​ចក្រ​របស់​អាមេរិក​ប្រមាណ​ជាង​២០​គ្រឿង​បាន​ឆាប​ចុះ​ឆាប​ឡើង​ដើម្បី​ទម្លាក់​គ្រាប់បែក​ដុត​ព្រៃ​។ បង វ៉ាន់ កោះប្រជុំ​រួមមាន គណៈ​មន្ទីរ​, កម្មាភិបាល​យោធា​, ឈ្មោះ ខាំ​, ឈ្មោះ ភា (​អៀង​ធា​រិ​ទ្ធ​) ដែលមាន​គ្នា​ប្រហែលជា​១០​នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​។ ប៊ុត បាន​ឲ្យ​យោបល់​ថា​ត្រូវ​ជម្លៀស​កម្លាំង​ទៅ វ៉ឺ​ន​សៃ​។ នៅ​ខែមិថុនា បង​វ៉ាន់ បាន​ហៅ ប៊ុត ទៅ​ជួប​ដើម្បី​រៀបចំ​ដំណើរ​ទៅ​ទទួល​បង​ទី​១ នៅ​ខាង​កន្ទុយ​នាគ​។ បន្ទាប់មក​បង​ទី​១ ត្រូវ​ចុះមក​រៀច​ចំ​កសាង​មូលដ្ឋាន​បក្ស​ថ្មី​ស្ថិតនៅ​ភូមិភាគ​ឧ​ត្ត​រ​។

​នៅ​ភូមិភាគ​ឦសាន​មានឈ្មោះ ខាំ ជា​លេខា និង ឈ្មោះ យ៉ា ជា​អនុ និង ឈ្មោះ វី​ជា​សមាជិក​។ នៅ​ខែតុលា ឆ្នាំ​១៩៧០ ខាំ បាន​ហៅ ប៊ុត ឲ្យ​មក​ធ្វើការ​មូលដ្ឋាន​នៅ​តំបន់ (​ដ​.៥) ក្នុងស្រុក​លំផាត់​ក្រោម​ដែលជា​ស្រុក​ទើបតែ​រំដោះ​បាន​ថ្មីៗ​។ ខាំ បានប្រគល់​កង​ភាគ មួយ​អនុ​សេនា​ធំ ដែលមាន​ប្រធាន​ឈ្មោះ​មិត្ត ចាន់ (​ធាត់​) ឲ្យ​មកជួយ​ការពារ​នៅ ដ​.៥​។ ក្រោយមក​ក្នុង​ខែធ្នូ ឆ្នាំ​១៩៧០ ខាំ បាន​ហៅ ប៊ុត ទៅ​មន្ទីរ​ភូមិភាគ កាលនោះ​ស្ថិតនៅ ១២.​ឃ នៅឡើយ​។ ពេលដែល ប៊ុត ទៅដល់​បាន​ជួប ខាំ និង យ៉ា ហើយ​បាន​រាយការណ៍​ពីស​ភាព​ប្រជាជន​, សភាព​ខ្មាំង និង​បញ្ហា​កសាង​កម្លាំង​ថ្មី​របស់ សេ​-​អ៊ី​-​អា​។ និយាយ​អំពី​ជីវភាព​ប្រជាជន ខាំ បាន​ឲ្យ ប៊ុត គិតគូរ​រក​ផ្លូវ​ទិញ​អំបិល​យកមក​លក់​ចែកជូន​ប្រជាជន​។ ខាំ បាន​ឲ្យ​ប្រាក់​១០០០​ដុល្លា យកទៅ​ដូរ និង​ទាក់ទង​ទិញ​អំបិល​យកមក​ដោះស្រាយ​នៅ ដ​.៥​។ នៅពេលនោះ​កម្មាភិបាល​ដែល​គ្រប់គ្រង​តំបន់​រួមមាន ប៊ុត ទទួល ដ​.៥, តា​ឡៅ​ទទួល ដ​.១, តា កង ដែង ទទួល ដ​.២, មិត្ត កន ទទួល ដ​.៣ និង តា​វី ទទួល ដ​.៤ ។​

​នៅ​ខែមីនា ឆ្នាំ​១៩៧១ យ៉ា បាន​ហៅ ប៊ុត ទៅ​រៀន​នៅ​មន្ទីរ​ដ​.២ រួមជាមួយ​កម្មាភិបាល​គ្រប់គ្រង ដ​.២ និង ដ​.១​។ ដែល​ពេលនោះ​រៀនសូត្រ​ពី​ការកសាង​កម្លាំង​ឲ្យ​បាន​ឆាប់រហ័ស​។ ក្រោយមក​ខែឧសភា ខាំ បាន​ហៅ ប៊ុត ទៅ​ជួប​នៅ​ស្ទឹងត្រែង​ជា​ប្រញាប់​ដើម្បី​ឧទ្ទេសនាម​ពី​សភាពការណ៍​នៅ​ស្ទឹងត្រែង ដែល​កម្មាភិបាល​មកពី​ហាណូយ​គ្រប់គ្រង ធ្វើ​ផ្ដេសផ្ដាស់ បណ្ដាល​ឲ្យ​ប្រជាជន​មិន​សប្បាយចិត្ត​។ ក្រោយមក ខាំ បាន​ឧទ្ទេសនាម ប៊ុត ដឹកនាំ​នៅ​ស្ទឹងត្រែង ជាពិសេស​ទីប្រជុំជន​ខេត្តស្ទឹងត្រែង​តែម្ដង​ដែលជា​កន្លែង​មាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​។ បន្ទាប់ពី​ទទួល​ភារកិច្ច​នេះ ប៊ុត បាន​ចូលទៅ​ទីប្រជុំជន​ខេត្តស្ទឹងត្រែង ស្ទាប់ស្ទង់​ក្ដាប់​សភាពការណ៍​។ ប៊ុត រាយការណ៍​ទៅ​ឲ្យ ខាំ ជា​រៀងរាល់​កន្លះ​ខែម្ដង​។ ដោយមាន​ការណ៍​នែ​នាំ​ពី ខាំ នោះ ប៊ុត បាន​ខិតខំ​កសាង​កម្លាំង និង​គិតគូរ​ពី​បញ្ហា​ជីវភាព​ប្រជាជន​កុំ​ឲ្យ​ដាច់ពោះ​ស្លាប់ ហើយ​និង​ណែនាំ​ឲ្យ​ពង្រីក​សហករណ៍​លក់ដូ​រ​។

​នៅ​ដើមឆ្នាំ​១៩៧២ យ៉ា បានរៀបចំ​ប្រជុំ​នៅ​មន្ទីរ​ភូមិភាគ​ដោយ​ឧទ្ទេសនាម​ឲ្យ​ដឹងថា​ខាំ ត្រូវ​អង្គការ​អញ្ជើញ​ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មីៗ​។ យ៉ា បានប្រកាស​ប្រជុំ​ចាត់​តាំងពី​គណៈ​ភូម​ភាគ​ថ្មី​ដោយមាន យ៉ា ជា​លេខា​ភូមិភាគ​, វី អនុ​លេខា​, ឡៅ សមាជិក​អចិន្ត្រៃយ៍ ទឹម សមាជិក និង ប៊ុត សមាជិក​។ ពេលធ្វើ​សន្និបាត​នៅ​ភូម​ភាគ​ឦសាន យ៉ា បាន​និយាយ​ផ្ដោតទៅលើ​កងទ័ព​យួន​ដែល​ត្រៀម​ឈប់​បាញ់​ជាមួយ​អាមេរិក​។ អំពី​ផែ​ការកសាង​កម្លាំង​ធ្វើ​យ៉ាងម៉េច​ឲ្យ​យឺត និង​ទិសដៅ​ឆ្នាំ​១៩៧២​បក្ស​ចង់​ឲ្យ​ប្រជាជន​ធ្វើ​ស្រូវ​បាន​៤០%​។​

​នៅ​ឆ្នាំ​១៩៧៣ យ៉ា បានរៀបចំ​ឲ្យ​មានការ​ប្រជុំ​ម្ដងទៀត​ដោយមាន​ការចូលរួម​ពី​គណៈ​ភូមិភាគ​តែប៉ុណ្ណោះ​។ ការប្រជុំ​នេះ​បានលើកឡើង​ពី​ការពិនិត្យ​លើ​ផែនការ​ចាស់ ក្នុង​ការកសាង​កម្លាំង​មាន​ភាពយឺតយ៉ាវ និង​ពិភាក្សា​លើក​ពី​សកម្មភាព​ថ្មី ពី​ការឈាន​ទៅដល់​ជ័យជម្នះ​កាន់តែ​ឆាប់​របស់​ពួក​ក​ម្មុយ​នី​ស្ត​។ យ៉ា ក៏បាន​លើក​ផែនការ​រាំងស្ទះ​បក្ស​សម្រាប់​ឆ្នាំ​១៩៧៤​ដែរ​។

​ក្នុង​ឆ្នាំ​១៩៧៤ តំបន់​បានរៀបចំ​ឲ្យ​មាន​សហករណ៍ និង​បាយ​រូ​ម​។ ប្រធាន​សហករណ៍​ភាគច្រើន​ជា​សមាសភាព សេ​-​អ៊ី​-​អា ចំណែក​ការ​បង្កបង្កើនផល​មិនបាន​តាម​ការកំណត់រ​បស់​អង្គការ​ទេ ព្រោះ​ការងារ​នៅ​សហករណ៍​មានការ​រាំងស្ទះ ភ្លៀង​មិន​ទៀងទាត់ និង​មាន​ទឹកជំនន់​ធំ​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ប្រជាជន និង​មាន​ភាពអត់ឃ្លាន​នៅ​ឆ្នាំ​១៩៧៥​។ នៅ​ចុងឆ្នាំ​១៩៧៤ យ៉ា បាន​ផ្លាស់​ចេញពី​ភូមិភាគ​ឦសាន​ទៅ​បំពេញភារកិច្ច​ថ្មី ដោយមាន​ការចាត់តាំង​គណៈ​ភូមិភាគ​ឦសាន​ថ្មី​រូ​ម​មាន វី ទទួល​រួម និង​តំបន់ (​ដ​៣), ឡៅ អនុ​លេខា​ទទួល​ដ​១, ទឹម សមាជិក​អចិន្ត្រៃយ៍​ទទួល ដ​៥ និង ដ​២, ប៊ុត សមាជិក​អចិន្ត្រៃយ៍​ទទួល ដ​៤ និង​ដ​៦, ទុំ​សមាជិក (​ខាង​ពាណិជ្ជកម្ម​), ថា​វ៉ន សមាជិក (​អនុ​លេខា ដ​.៦) និង ចាន់ សមាជិក​ដែល​គ្រប់គ្រង​ខាង​កសិកម្ម និង​នយោបាយ​ទឹក​។

​នៅ​ខែមករា ឆ្នាំ​១៩៧៥ យ៉ា បាន​ទៅ​នៅ​មន្ទីរ​នៅ​ជិត​ព្រំដែន​លាវ បាន​ស្នាក់នៅ​មន្ទីរ​យួន​រយៈពេល​១​ខែ​ដើម្បី​ចាំ​ទទួលភ្ញៀវ និង​ទទួល​សម្ភារៈ ហើយ​យ៉ា​បាន​ជួប ប៊ុត​នៅ​មន្ទីរ​នោះដែរ​។ នៅ​ខៈណៈនោះ អៀង​សារី និង ខៀវ សំផន បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​។ យ៉ា បាន​និយាយប្រាប់ បុ​ង ពី​សភាពការណ៍​ថា​បក្ស​នឹង​ឈ្នះ​ក្នុងពេល​ឆាប់ៗ​នេះហើយ​ព្រមទាំង​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​បង្កប់​ខ្លួន និង​កម្លាំង​ត​ទៅមុខទៀត​ដើម្បី​ធ្វើ​សកម្មភាព​សម្ងាត់​។​

​នៅ​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ នៅពេលដែល​គណៈ​ភូមិភាគ​កំពុងតែ​ប្រជុំ​បានដឹង​ដំណឹង​ពី​ការរំដោះ​ទីក្រុង​ភ្នំពេញ​ដែល​បក្ស​ក​ម្មុយ​នី​ស្ត​កាន់កាប់​ប្រទេស​កម្ពុជា​ទាំងមូល​។ នៅ​ខែឧសភា ឆ្នាំ​១៩៧៥ អង្គការ​បាន​ហៅ វី និង ឡៅ ទៅ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុង​ខែតុលា ឆ្នាំ​១៩៧៥ ពេលដែល វី និង ឡៅ ត្រឡប់​ពី​ធ្វើការ​ជាមួយ​អង្គការ​នៅ​ភ្នំពេញ​វិញ ឡៅ​ប្រាប់ ប៊ុត ថា បក្ស​ពលករ​កម្ពុជា (​សេ​-​អ៊ី​-​អា​) រៀបចំ​ធ្វើ​មហាសន្និបាត​មួយ​ដែរ ដោយបាន​ចាត់តាំង ភឹម ជា​លេខា និង យ៉ា ជា​អនុ​លេខា ព្រមទាំង​លើក​ទិស​ដណ្ដើម​រដ្ឋអំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ​។​

​នៅ​ដើមឆ្នាំ​១៩៧៦ អង្គការ​បាន​ឲ្យ យ៉ា ត្រឡប់មក​ឦសាន​វិញ​។ ខែកុម្ភៈ ឆ្នាំ​១៩៧៦ យ៉ា ឲ្យ​ដឹង​ពី​ការដែល​អង្គការ​រៀបចំ​គណៈ​ឦសាន​ថ្មី គឺ​ភូមិភាគ​១០៩ ដែលមាន យ៉ា ជា លេខា​, វី អនុ​លេខា (​ទទួល​ឦសាន​ខាងជើង​និង​តំបន់​១០១), ឡាំង សមាជិក​អចិន្ត្រៃយ៍​និង​ទទួល​តំបន់​១០៥, យី សមាជិក​អចិន្ត្រៃយ៍​និង​ទទួល​តំបន់​៥០៥, ឡៅ សមាជិក​អចិន្ត្រៃយ៍​និង​ទទួល​១០៧, ទឹម សមាជិក​និង​ទទួល​តំបន់​១០២, ប៊ុត សមាជិក​និង​ទទួល​តំបន់​១០៤​។

​នៅ​ខែមករា ឆ្នាំ​១៩៧៦ យ៉ា បាន​បញ្ជា​ឲ្យ ប៊ុត ចរចា​ជាមួយ​យួន​រឿង​ព្រំដែន​ជា​ជំនួប​រវាង​គណៈ​យោធា​ភាគ​តែ​មិនបាន​សម្រេច​។ ក្រោយមក​ខែកុម្ភៈ ឆ្នាំ​១៩៧៦ យ៉ា បាន​ត្រឡប់​ទៅ​ភូមិភាគ​ឦសាន​ម្ដងទៀត​ដើម្បី​រៀបចំ​ចរចា​ជាមួយ​យួន​ពី​បញ្ហា​ព្រំដែន ដោយ​ខាង​ភាគី​យួន​មាន ឈ្មោះ ទឺ​កាម តំណាង​ខាង​មជ្ឈិម តែ​មិនបាន​ចុះហត្ថលេខា​លើ​ចំណុច​ដែល​មិន​យល់ស្រប​គ្នា​ដដែល​។ ខែឧសភា យ៉ា បានមក​ប្រជុំ​នៅ​១០៨ ដែលមាន​ការចូលរួម​ពី​កម្មាភិបាល​ចាប់តាំងពី​ស្រុក​រហូតដល់​ភូមិភាគ ក្នុងការ​ប្រជុំ​នេះ​យក​ផែនការ​របស់​ភូមិភាគ​១០៩ នៅ​ក្រចេះ និង​ផែនការ​បួន​ឆ្នាំ​ដែលជា​ផែនការ​របស់​បក្ស​ក​ម្មុយ​នី​ស្ត​កម្ពុជា​ក្នុង​ការកសាង​សង្គមនិយម​។ យ៉ា បាន​និយាយថា យើង​ត្រូវធ្វើ​ដែរ តែ​មិនមែន​កសាង​សង្គមនិយម​ស្អី​ទេ​។ នៅ​ខែសីហា យ៉ា បាន​ហៅ​លេខា និង អនុ​លេខា​តំបន់​១០៧ ទៅ​ប្រជុំ​នៅ​ក្រចេះ ដើម្បី​កំណត់​ផែនការ​បួន​ឆ្នាំ​ជូន​អង្គការ លើក​នេះ យ៉ា មិន​ហ៊ាន​លើក​រឿង​ផ្សេង​មក​និយាយ​ទេ​ព្រោះ​ខ្លាច ឡាំង ដឹង​។​

​ប៊ុត បាន​សម្រាក​ពេទ្យ​ពី​ខែសីហា ឆ្នាំ​១៩៧៦ ដល់ ខែមករា ឆ្នាំ​១៩៧៧ ទើប​ជា​។ ពេល​អង្គ​ការចាប់ យ៉ា បង​ទី​២ បាន​ហៅ ប៊ុត ពី​ពេទ្យ​ទៅ​ជួប និង​ប្រាប់​ព័ត៌មាន​ពី​រឿង​រឿង​អង្គការ​ចាប់ យ៉ា ដែរ​។ ពេល​បានដឹង​រឿងនេះ ប៊ុត មានការ​បារម្ភ​ខ្លាច យ៉ា សារភាព​ប្រាប់​អំពី​ខ្សែរ សេ​-​អ៊ី​-​អា ទាំងអស់​។​

​នៅ​ខែឧសភា ឆ្នាំ​១៩៧៧ ឡៅ ត្រូវបាន​អង្ក​ការដក​មក​ធ្វើការ​នៅ​ភ្នំពេញ​។ ចាន់ ត្រូវ​បានទទួល​តំបន់​១០៧​ជំនួស ឡៅ​។ ការរៀបចំ​ទំនាក់ទំនង​ទៅ​លាវ និង​យួន មានការ​ផ្លាស់ប្ដូរ​។ ប៊ុត ត្រូវ​ចាត់តាំង​ឲ្យ​ទទួល​ទំនាក់ទំនង​ខាង​លាវ​។ ចំណែក​ការទាក់ទង​ជាមួយ​យួន​ត្រូវ ធ្លាក់​មកលើ ចាន់ ជា​អ្នកទទួល​ជំនួស​វិញ​។​

​នៅ​ចុងខែ​មិថុនា ឆ្នាំ​១៩៧៨ បក្ស​ក​ម្មុយ​នី​ស្ត​កម្ពុជា​បាន​ហៅ វី ទៅ​ភ្នំពេញ​។ នៅ​ខែ កក្កដា ឆ្នាំ​១៩៧៨ អង្គការ​ក៏បាន​ហៅ ប៊ុត និង ទឹម មកជួប​នៅ​ភ្នំពេញ​ដែរ ខាង​អង្គការ រួមមាន​បង​ទី​១ ,​បង​ទី​២, វន ហើយ​ខាង​ឦសាន​មាន​គណៈ​ភាគ​ទាំង​៣​នាក់​(​វី​, ប៊ុត និង ទឹម​) បង​ទី​១ បាន​ឧទ្ទេសនាម​សភាពការណ៍​ខាងក្នុង និង​ខាងក្រៅ អំពី​រដ្ឋប្រហារ​របស់ ភឹម និង​ពី​រឿង​យួន​បុក​នៅ​ឦសាន​។ បង​ទី​១ ឧទ្ទេសនាម សារឿន និង ដើម ចូលក្នុង​គណៈ​ភាគ​ឦសាន​។ បង​ទី​១ ឧទ្ទេសនាម វន ឲ្យ​ទៅកាន់​ឦសាន​ជាមួយ វី​, ប៊ុត និង ទឹម ដើម្បី​ប្រជុំ​ឧទ្ទេសនាម​គណៈ​ភាគ​ថ្មី និង​វិធានការណ៍​ដែល​អង្គការ​បានសម្រេច​។​

​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៩៧៨ ប៊ុត ទទួល​សំបុត្រ​ពី វន មួយច្បាប់​ថា វី បាន​ចងករ​សម្លាប់ខ្លួន និង​ឲ្យ ប៊ុត ទាក់ទង​ជាមួយ​យួន​ឲ្យ​ជាប់​។​

​ថ្ងៃទី​៧ ខែកញ្ញា​ឆ្នាំ​១៩៧៨ អង្គការ​បាន​ហៅ ប៊ុត​, ទឹម​, ចាន់​, ធិ​ន និង បង​រឿន មក​រៀន​នៅ​ភ្នំពេញ ពេលមកដល់​ភ្នំពេញ​បាន​ជួប​ជាមួយ សាន និង សារុន មកពី​មណ្ឌលគិរី ដែរ​។ រៀន​ចប់ បង​ទី​២ សួរ ប៊ុត ថាបើ​បក្ស​សម្រេច​ឲ្យ​មិត្ត​មក​ភ្នំពេញ​វិញ មិត្ត​គិត​យ៉ាងណា​? ប៊ុត ឆ្លើយថា តាមតែ​បក្ស​ខ្ញុំ​ឥតមាន​សំណូមពរ​អ្វី​ទេ​។ ព្រឹក​ឡើង​បង​ទី​២ ហៅ ប៊ុត ,​ទឹម​, ធិ​ន និង បង​សារឿន ជួប​ម្ដងទៀត​ដោយមាន​វត្តមាន វន ដែរ​។ បង​ទី​២ ឧទ្ទេសនាម​ថា អង្គការ​សម្រេច​ដក ប៊ុត និង ទឹម មក​បំពេញភារៈកិច្ច​ថ្មី​នៅ​ភ្នំពេញ ហើយ​រៀប​ចំណ​គៈ​ភូមិភាគ​ថ្មី​នៅ​ឦសាន​រួមមានៈ បង​ទី​២ ជា​លេខា​, បង រឿន អនុ​លេខា​, បង ដើម សមាជិក​, ធិ​ន សមាជិក​, ចាន់ សមាជិក​។​

​ដោយមាន វន ទៅ​រៀបចំ​ធ្វើ​សន្និបាត​ភូមិភាគ និង​ចាត់តាំង​គណៈ​ភូមិភាគ​ថ្មី​។ នៅ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៧៨ ប៊ុត និង ទឹម ចុះមក​ភ្នំពេញ​តាម​កាណូត​។ នៅ​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​១៩៧៨ បង​ទី​២ ហៅ ប៊ុត និង ទឹម ទៅ​ជួប​សួរថា​ចង់​ធ្វើ​អី​? ប៊ុត និង ទឹម ថា​ចង់​ធ្វើ​ពលកម្ម​ដែល​មិនសូវ​គិត​។ នៅ​ថ្ងៃទី​១៤ ខែតុលា បង​ទី​១ បាន​ចូលមក​និយាយ​លេង និង​ថា​ចង់​ធ្វើ​អី​? កុំ​ថា​ស្រេច​តែ​អង្គការ​។ ទឹម ថា​ចង់ទៅ​សាលា​បច្ចេកទេស​ចំណែក ប៊ុត ចង់​ទៅខាង​ថ្នាំ​ជាតិ​។​

​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​១៩៧៨ សម​មិត្ត លីន ជូន ប៊ុត និង​គ្រួសារ​ថា ទៅ​ជួប​អង្គការ​ធ្វើការ ហើយ ប៊ុត ត្រូវ​អង្ក​ការចាប់ខ្លួន​នៅពេលនោះ​តែម្ដង​៕ ល​