​ចរាចរណ៍​បាន​បើក​ជាធម្មតា​វិញ​ក្រោយ​អាជ្ញាធរ​ចុះ​សម្របសម្រួល​ឱ្យមាន​ការដោះស្រាយ​

185
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ការបិទ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​ពី​សំណាក់​ក្រុមកម្មករ​នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​ជីន​យី​ហ្គា​មេន​ស្ថិត​ក្នុងភូមិ​ស្ពាន​ពោធិ៍​ឃុំ​សេដ្ឋី​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​បើក ឡើងវិញ​ជាធម្មតា​។ នៅវេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ក្រោយពី​មានការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រោងចក្រ​និង​តំណាង​កម្មករ​អស់​រយៈពេល ២​ម៉ោង​កន្លះ ដោយបាន​ឯកភាពគ្នា​យល់ព្រម​បញ្ចប់​សកម្មភាព​ហើយ​ក្រុមកម្មករ​ត្រូវបាន​រំសាយ ដោយ​គ្មាន​អំពើ​ហឹ​ង្សា​អ្វីមួយ​កើតមាន​នោះទេ​។

​ការបើក​ចរាចរណ៍​ឡើងវិញ​ជាធម្មតា​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​និង​ក្រុមការងារ​បាន​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍ និង​សម្របសម្រួល ដោះស្រាយ​ជាមួយ​ភាគី ម្ចាស់​រោងចក្រ និង តំណាង​កម្មករ ។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​នៅ​រោងចក្រ​កាត់ដេរ​ជីន​យី​ហ្គា​មេន​ស្ថិតនៅ​ភូមិ​ស្ពាន​ពោធិ៍​ឃុំ​សេដ្ឋី​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​ក្រុមកម្មករ​ប្រមាណ​ជាង​៣​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដោយបាន​បិទ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​។​ក្រុមកម្មករ​បញ្ជាក់ថា​ការតវ៉ា​នេះ​ដើម្បី​ទាមទារ​បើកប្រាក់​ឈ្នួល​លើក​ទី​២​នៃ​ខែកញ្ញា​ទាំងអស់​និង​ទាមទារ​ផល​ប្រ​យោ​ជ​ន៏​មួយចំនួនទៀត​ពី​ម្ចាស់​រោងចក្រ ៕S/​