​ចាក់ដី​រំលោភ​ចំណីផ្លូវ​និង​ស្ទឹង​ដោយ​សំអាងថា​ទិញ​ពី​អភិបាលរង​ស្រុក​ម្នាក់​

1762

(​ព្រៃវែង​)៖​ពលរដ្ឋ​នៅ​ភូមិ​ជ្រៃ​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​បម្រុង​ផ្ទុះ​ការតវ៉ា​មួយ​បន្ទាប់ពី​មាន​នាយទុន​ជា​ថៅកែ​ខារ៉ាអូខេ​ម្នាក់​បាន​ជួល​គ្រឿងចក្រ​មកចាក់​ដី​រំលោភ​យក​ដី​ចំណីផ្លូវ​សាធារណៈ​មាត់​អូរ​!​នៅជាប់​ខាងជើង​គល់ស្ពាន​ជ្រៃ​ដោយ​សម្អាងថា​ខ្លួន​បាន​ទិញ​ដី​នេះ​ពី​លោក អ៊ុម វណ្ណ​ធឿន អភិបាលរង​ស្រុក​ពារាំង​ក្នុងតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​។​

​លោក សៀន ហុង​ជា​ពលរដ្ឋ​រស់​នៅក្បែរនោះ​បាន​ឲ្យ​ដឹងថា​ដី​ដែល​គេ​កំពុង​ចាក់​រំលោភ​យក​នោះ​គឺ​ពិតជា​ដី​សាធារណៈ​យ៉ាងពិត​ប្រាកដ ។​តែ​បាន​ផ្អាក​ចាក់​រយៈពេល​បី​ថ្ងៃ​ហើយ​ព្រោះ​មេឃ​ភ្លៀង​ថែមទាំង​បាក់​ដី​ចូល​ស្ទឹង​ទៀត​។​ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ព្រោះ​មាន​លោក​អភិបាលរង​ស្រុក​ម្នាក់​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អតីត​ស្មៀនឃុំ​រាប​ក្នុង​ការទិញ​លក់​ដី​សាធារណៈ​។​ដី​នោះ​ក៏​លក់​បន្ត​ឲ្យ​មក​ថៅកែ​ខារ៉ាអូខេ​ឈ្មោះ ណាន ដែល​គេ​ចាក់ដី​ក្នុង​គោលបំណង​ពង្រីក​ធ្វើ​កន្លែង​លក់​ស៊ុប​និង​សាច់​អាំង​នៅ​មាត់ទឹក​។​

​ប្រភព​ដដែល​បញ្ជាក់ថា ដី​នេះ​លោក​ក៏បាន​បរិច្ចាក​ឲ្យ​ចំនួន​៤​ម៉ែត្រ​ផងដែរ ក្រោយពេល​លោក អ៊ុម វណ្ណ​ធឿន អភិបាលរង​ស្រុក​ពារាំង ប្ដឹង​លោក​ចំនួន​២​លើក​។ លោក​បន្តថា​ដំបូង​ឡើយ​លោក ខុម អតីត​ស្មៀនឃុំ​រាប ពុំមាន​ដី​នៅ​ចំណុច​នោះទេ​ដោយ​ឈ្មោះ​នេះ ឃើញ​ដី​រដ្ឋ​ទំនេរ​ក៏​លួច​ធ្វើលិខិត​កាន់កាប់ ក្រោយមកទៀត​បាន​លក់​បន្ត​ឲ្យ​លោក អ៊ុម វណ្ណ​ធឿន អភិបាលរង​ស្រុក​ពារាំង​។​គឺ​នៅពេល​ថ្មីៗ​នេះ​លោក អភិបាលរង​ស្រុក​បាន​លក់​ដី​នោះ​បន្ត​ឲ្យ​ទៅ​ឈ្មោះ ណាន ដែលជា​ថៅកែ​ខា​រ៉ា​អូ​ខា​(​ជំនោ​មករា​)​។

​ថៅកែ​រូប​នោះបាន​ជួល​គ្រឿងចក្រ​មកចាក់​ដី​រំលោភ​មកលើ​ចំណីផ្លូវ​និង​រំលោភ​ចូលទៅ​មាត់​ស្ទឹង​ម៉ា​លិច​ទៀតផង​ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​រិៈ​គន់​គ្រប់ៗ​គ្នា ដោយ​ខ្លាច​ថា​គេ​ធ្វើ​កន្លែង​លក់ដូរ​ស្អុយ​ទឹក​គោក្របី​ផឹក និង​បាត់​ចរន្តទឹក​សម្រាប់​បូម​ដា​ក់ស្រូវ ដែល​នៅ​ជំវិញ​
​។​ប៉ុន្តែ​យ៉ាងណា​ពលរដ្ឋ​បាន​ត្រឹម​ខ្សឹបខ្សៀវ​ពីមួយ​ទៅមួយ​ប៉ុណ្ណោះ​។​

លោក​ជា​រុន្ធ​មេភូមិ​ជ្រៃ​បាន​ឲ្យ​ដឹងថា​ដី​នោះ​ពីមុន​មកជា​ដី​សាធារណៈ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០០៨​លោក​ខុម​ជា​ស្មៀនឃុំ​បានធ្វើ​ផ្ល​ង់​កាន់កាប់​ហើយ​លោក​ជា​មេភូមិ​ក៏បាន​ចុះហត្ថលេខា​ផងដែរ​ដោយ​ខាងជើង​ទល់​ឈ្មោះ ឃ្លាំង យ៉យ ខាងកើត​ទល់​ផ្លូវ ខាងត្បូង​ទល់​ចំណីផ្លូវ​ជាតិ ខាងលិច​ទល់​ចំណី​អូរ​រំលិច​។​

​លោក​សិត​សៀ​ប​អនុ​ភូមិ​ជ្រៃ​បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​មក​ចាក់ដី​រំលោភ​យក​ដី​អូរ​បែបនេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​រិៈ​គន់​បើ​នៅតែ​ចាក់ដី​ទៀត​ពលរដ្ឋ​ប្រាកដជា​ផ្ទុះ​ការតវ៉ា​មិន​ខាន​។​លោ​កលឹង​ស្រី​មេឃុំ​រាបបាន​ឲ្យ​ដឹងថា​រឿង​ដី​នោះ​គឺ​លោក​មិន​ច្បាស់​ដែរ ។​តែ​ជា​ដី​របស់លោក​អ៊ុម​វណ្ណ​ធឿន​ទិញ​ពី​គេ​ចំណែក​រឿង​ចាក់ដី​នោះ​ប្រហែលជា​មានការ​អនុញ្ញាត​ពី​ស្រុក​ហើយ​។​ចំពោះ​លោក​ហ៊ី​ធួ​ក​អភិបាលស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​នេះ​ជា​រឿង​ចាស់​ទេ​។​រីឯ​លោក​អ៊ុម​វណ្ណ​ធឿន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​។​

​លោក​ណាន​អ្នកទិញ​ដី​បាន​ឲ្យ​ដឹងថា​ខ្លួន​ពិតជា​បាន​ទិញ​ដី​នោះ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ពី​លោក​អ៊ុម​វណ្ណ​ធឿន​អភិបាលរង​ស្រុក​ពារាំង​មែន​ដោយមាន​ឯកសារ​ត្រឹមត្រូវ​។​ដោយឡែក​លោក​អ៊ុន​សុធា​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២​តុលា​នេះ​ថា រឿង​ចាក់ដី​នោះ​ខាង​ស្រុក​គេ​បាន​ឃាត់​ហើយ​មិន​ឲ្យ​ចាក់​ទៀត​ទេ​៕S/​ដោយ​៖ ចាន់ ថន​

​ចាក់ដី​រំលោភ​ចំណីផ្លូវ​និង​ស្ទឹង​ដោយ​សំអាងថា​ទិញ​ពី​អភិបាលរង​ស្រុក​ម្នាក់​