​ចាប់ខ្លួន​អតីត​ប្តី​ដើម​បាន​ហើយ​នៅ​ព្រះវិហារ​ដែល​ចាក់​សម្លាប់​ប្តី​ក្រោយ​នៅ​ភ្នំពេញ

658
ចែករម្លែក

ដោយៈ​សៅ​វ៉ានឌី​/​ព្រះ​វិហារៈ​ឃាតក​ដែល​អតីត​ប្តី​ដើម​ជាម​ន្ត្រី​យោធា​ម្នា​ក់បាន​ចាក់​សម្លាប់​ប្តី​ក្រោយ​ជា​ជនជាតិ​ចិន​ដែល​កំពុង​ហូប​ស៊ុប​ជុំ​គ្រួសារ​ផ្អើល​ហាង​ស៊ុប FamilyBBQBuffet​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់ នោះ​ពេលនេះ​ចាប់ខ្លួនបាន​ហើយ​។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​នគរបាល​ខេត្តព្រះវិហារ​អនុវត្តតាម​បញ្ជារ​ឧត្ដមសេនីយ៍ទោ​យិន​ចំណាន​ស្នងការ​នគរបាល​ខេត្ត​សហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​និង​ក្រសួងមហាផ្ទៃ​។​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ឈ្មោះ​គង់​សល់​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​តាម​ដីការ​តុលា​រាជធានី​ភ្នំពេញ​ដែល​ប្រព្រឹត្តល្មើស​ករណី​ឃាតកម្ម​។​

​ជនសង្ស័យ​នេះ​បាន​រត់​មក​លាក់ខ្លួន​នៅលើ​ភ្នំ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី​។​បច្ចុប្បន្ន​នគរបាល​ខេត្តព្រះវិហារ​បានប្រគល់​ជនសង្ស័យ​ខាងលើនេះ​ជូន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធាណី​ភ្នំពេញ និង​កម្លាំង​ក្រសួង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​គួររំលឹកថា ហេតុការណ៍​ដ៏​រន្ធត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧៖២០​នាទី​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្ទះ​លេខ​៧៩៣ (​ហាង​FamilyBBQBuffet)​ផ្លូវ​១០១​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ តាម​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​មុននេះ​ថា បុរស​ជនជាតិ​ចិន​ដែលជា​ប្ដី​ក្រោយ​នោះ បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​លោក ហៀ​ង ណា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន បាន​ប្រាប់​ភ្នាក់ងារ រស្មី​កម្ពុជា ថា បុរស​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ចាក់ទៅលើ​មនុស្ស​៣​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ខាងលើ​នោះ គឺជា​អតីត​ប្ដី​របស់​នារី​រងគ្រោះ​។ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា និង​មិនទាន់​ដឹងថា ជា​ករណី​អ្វី​នោះទេ ព្រោះ​កម្លាំង​លោក​កំពុងធ្វើការ​ស្រាវ​ជ្រា​មួយ​ជំ​ហ៊ាន​សិន​។​

​សន្តិសុខ​យាម​ម៉ូតូ​មុខ​ហាង បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​រងគ្រោះ​(​ជា​ប្រពន្ធ​) និង​ក្រុមគ្រួសារ (​មានកូន​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ដាយ​) ជិះ​រថយន្ត​Highlander​មួយគ្រឿង​មក​ហាង​កើតហេតុ​ខាងលើ​។​មួយសន្ទុះ​ក្រោយមក​មាន​ជនជាតិ​ចិន​ដែលជា​ប្ដី​ក្រោយ​ជិះ​កង់​មួយគ្រឿង​មក​តាម​ក្រោយ​ហើយក៏​នាំគ្នា​ហៅ​ស៊ុប​ញាំ​ជុំគ្នា​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លេចមុខ​ជនដៃដល់​ជិះ​ម៉ូតូ​ម៉ាក PCX មិន​ចាំ​ស្លាក​លេខ កាត់មុខ​ហាង​មួយ​ជុំ​។

រួច​ទើប​ជិះ​ម៉ូតូ​យកទៅ​ទុក​នៅ​ខាងក្រោយ​រថយន្ត​ដែល​គេ​ចត​ចោល​នៅក្បែរ​ហាង​ខាងលើ​រួច​ដើរចូល​ទៅក្នុង​ហាង​។ ស្របពេលនោះ​ដែល​ក្រុម​នារី​រត់​តុ​ក៏បាន​សាកសួរ​រក​ថា អញ្ជើញពិសារ​អ្វី​ដែរ​។​តែ​បុរស​ដៃដល់ មិន​ឆ្លើយតប​នោះទេ បែរជា​ប្រ​ញ៉ាប់​ដើរ​សំដៅ​ទៅរក​បុរស​ជន​ជាតិចិន​រងគ្រោះ ដែល​កំពុង​អង្គុយ​ហូប​ស៊ុប​ជាមួយ​ប្រពន្ធ​និង​កូន​រួមទាំង​ម្ដាយក្មេក​។​

បន្ទាប់មក​ក៏​ដក​កាំបិត​ដែល​ទុក​នៅក្នុង​កាបូបស្ពាយ​ចាក់ទៅលើ​ជនជាតិ​ចិន​នោះ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហូរឈាម​ពេញ​ហាង​។ ចំណែកឯ​នារី​ជា​ប្រពន្ធ និង​ស្ត្រី​ជា​ម្ដាយ ក៏ត្រូវ​បាន​បុរស​ជា​ប្ដី​នោះ ចាក់​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ចាក់ទៅលើ​មនុស្ស​៣​នាក់​ខាងលើ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​ជនដៃដល់​បាន​ដើរ​ចេញពី​ហាង​ទៅយក​ម៉ូតូ​វិញ ស្របពេល​ជាមួយគ្នា​នោះ មាន​ភ្ញៀវ និង​បុគ្គលិក​ក្នុង​ហាង​បាន​រត់ចេញ​មកជួយ​ចាប់​ដែរ​តែដោយសារ​តែ​ឃើញ​កាំភ្លើង​នៅជាប់​ចង្កេះ​របស់​ជនដៃដល់​នោះ​ទើប​មិនមាន​អ្នកណា​ហ៊ាន​ចូលទៅ​ឃាត់​និង​ចាប់​ឡើយ​ទើប​ធ្វើ​ឲ្យ​ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​តែម្ដង​។​

​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​និង​ស្ត្រី​ជា​ម្ដាយ​ដែល​រងរបួស​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​គ្លីនិក​ឯកជន​។ ចំណែកឯ​បុរស​ជនជាតិ​ចិន ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​និង​កម្លាំង​នគរបាល​ខណ្ឌចំការមន ចុះមក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​តាម​ជំនាញ​រៀងៗ​ខ្លួន​៕S/​