​ចាប់ផ្ដើម​ដាក់លូ​មេ​កាត់​ទទឹងផ្លូវ​លេខ​5C​អ្នកធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​សឡា​សូម​រក​ផ្លូវ​វាង​

849
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹងផ្លូវ​លេខ​5C ទំហំ​មុខកាត់​២,៥​ម៉ែត្រ​គុណ​២,៥​ម៉ែត្រ​ចំនួន​បី​ជូរ​។​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​សឡា តាម​បណ្តោយ​ផ្លូវ​លេខ​5C ចាប់ពី​ផ្លូវ​លេខ​២៧១ ដល់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ។ អាស្រ័យហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​យោគយល់​និង​អធ្យាស្រ័យ​ចំពោះ​រំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន​។​

​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ជាពិសេស​តំបន់​ផ្លូវ​លេខ​២០០៤​ផ្លូវ​សឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ឌួង​ងៀប ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​បញ្ចប់​ការដ្ឋាន មាន​រយៈពេល ៧០​ថ្ងៃ​។​ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​លើកលែងតែ​ទោចក្រយានយន្ត​។​

​ការធ្វើ​បែបនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹកភ្លៀង​នៅ​រដូវវស្សា ដែល​តែងតែ​កើតមានឡើង ក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​ពិនិត្យឃើញថា ស្ថានភាព​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ មាន​សភាព​ចាស់​ទ្រ​ឌ​ទ្រោម និង​មាន​ទំហំ​តូច ដែល​ធ្វើ​ឲ្យ​ស្ទះផ្លូវ​បង្ហូរទឹក នៃ​ប្រឡាយ​ស្ទឹងមានជ័យ​។​

​ដូច្នេះ​សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន ។​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមានឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ទៅតាម​ផែនទី​ពង្វាង​ចរាចរ ដើម្បី​សម្រួល​ឲ្យ​ការអនុវត្ត​គម្រោង​នេះ​សម្រេចបាន​តាម​ផែនការ​កំណត់​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋបាល​ខណ្ឌមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្រប​សម្រាល​សណ្តាប់ធ្នាប់​ចរាចរ លើ​កំណាត់​ផ្លូវ​ខាងលើនេះ ឲ្យ​ទទួលបាន​លទ្ធផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់​៕S/​