​ចាប់​ជន​ពីរ​នាក់​បោកប្រាស់​គេ​ជិត​១០០​នាក់​យកលុយ​រាប់ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខណ្ឌ​កងទ័ព​

218
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉េអឹម​ចាប់ខ្លួន​បុរស​ពីរ​នាក់​ករណី​បោកប្រាស់​ជនរងគ្រោះ​ជិត​១០០​នាក់​យកលុយ​រាប់ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខណ្ឌ​កងទ័ព​។​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ​ប៊ិន​ឡា​ច​ហៅ​វ៉ែន​សារ៉ាត់​ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៦២​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភោជនីយដ្ឋាន​ណាន​ជី​ង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​។​ជនសង្ស័យ​ទី​២.​ឈ្មោះ​តុ​ប​គឹមហុង​ហៅ​យឹម​ឈុន​ហុង​ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៧៣​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ត្រង់ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់​ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ បាន​សារភាពថា ឈ្មោះ តុ​ប​គឹមហុង​បាន​ប្រើល្បិច​ប្តូរ​ឈ្មោះ​ជា​យឹម​គឹមហុង​កុហក​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​លោក​យឹម លាង​។​ព្រមទាំង​កុហក​ជនរងគ្រោះ​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ លោក​យឹម លាង​នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម​ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​៦​ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់​។​

​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន​ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្តិ​។​ក្នុងនោះ​ថ្នាក់​វរសេនីយ៍ តម្លៃ​៥.៥០០​ដុល្លារ​ទៅ​៦.០០០​ដុល្លារ​ថ្នាក់​អនុសេនីយ៍ឯក​តម្លៃ​៤.៥០០​ដុល្លារ​ទៅ​៥.០០០​ដុល្លារ​។​ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣.៥០០​ដុល្លារ​ទៅ ៤.០០០​ដុល្លារ​ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២.០០០​ដុល្លារ​ទៅ ២.៥០០​ដុល្លារ​និង ថ្នាក់​ពលទាហាន តម្លៃ ៧០០​ដុល្លារ ទៅ ១.០០០​ដុល្លារ​។​

ពួកគេ​បានធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ ។​តែ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខណ្ឌ​ឡើយ​រហូត​មាន​ជនរងគ្រោះ​ម្នាក់​មានការ​សង្ស័យ ក៏​ប្តឹងទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឱ្យជួយ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕S/​