​ចាស់ជរា​គ្មាន​ទីពឹង​ជនពិការ​និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ទទួលបាន​អំណោយ​

251
ចែករម្លែក

វៃ​គោ​/​ស្វាយរៀងៈ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​ព្រមទាំង​សមាជិក​។​

លោក​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២៩​នាក់ ជនពិការ ៤ នាក់ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ២ នាក់ និង​គ្រួសារ មាន​ជីវភាព​ខ្វះខាត ៥៤ គ្រួសារ សរុប ៨៩ គ្រួសារ មកពី ៧ សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង ។​

​លោក ម៉ែន វិបុល បាន​ពាំ​នាំនូវ​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែលជា​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​។

​អំណោយ​ដែល​ចែកជូន​ទាំង​៨៩​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សា​រ៉ុង ១ និង​ថវិកា ៥០.០០០ រៀល ៕S/​