​ចិន​និង​កម្ពុជា​បង្កើត​សហគមន៍​រួម​វាសនា​

338
ចែករម្លែក

•«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​រួមចំណែក​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ប្រទេស​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល បង្កើតឡើង​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ី​ជិន​ពីង​ក្នុង​គោលបំណង​ផ្តោតជាសំខាន់​លើ​ការតភ្ជាប់​និង​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​និង​អាស៊ី​។​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​បាន​ទាក់ទាញ​វិនិយោគិន​ចិន​ជាច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដែលជា​កត្តា​លី​ករ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​គំនិត​ផ្តួចផ្តើម​នេះ​ក៏បានផ្តល់​មក​កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន​ក្នុង​ការស្តារ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ជាច្រើន​ទៀត​។​

​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ចិន​ចំពោះ​កម្ពុជា​ពី​ឆ្នាំ​២០១៦​ដល់​២០១៨​មាន​ចំនួន​៣៦០០​លាន​យ័ន​។​យើង​អាច​សាងសង់​ស្ពាន​បាន​ចំនួន​៧​និង​កំពុង​សាងសង់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​មួយទៀត​កសាង​ផ្លូវថ្នល់​បាន​ជាង​៣០០០​គីឡូម៉ែត្រ​និង​យើង​កំពុង​ពង្រីក​ការសាងសង់​ជា​បន្តបន្ទាប់​ទៀត​។​

​ចិន​បានធ្វើ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​១០០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​/​ក្រុង​។​ចិន​បាន​បន្ត​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ចំនួន​៤​ពាន់​លាន​យ័ន​ស្មើនឹង​៦០០​លាន​ដុល្លារ​សម្រាប់​រយៈពេល​៣​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១​។​ឆ្នាំ​២០១៦​ចិន​សម្រេច​លុប​បំណុល​ប្រមាណ​៦០០​លាន​យ័ន​ពី​កម្ពុជា​និង​បន្ថែម​ប្រាក់​ជំនួយ​១០០ លាន​យ័ន (​ប្រមាណ ១៤ លាន​ដុល្លារ​អាម៉េរិក​)​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​និង​ជំនួយឥតសំណង​របស់​មិត្ត​ចិន​បាន​សាងសង់​រួច​មាន​ចំនួន​២៣​ខ្សែ​មាន​ប្រវែង​សរុប​២,៣០១​គីឡូម៉ែត្រ​ប្រើប្រាស់​ថវិកា​ប្រមាណ​១,៣០០​លាន​ដុល្លារ​អាមេរិក​។​គម្រោង​កំពុង​សាងសង់​មាន​ចំនួន​០៦​ខ្សែ​មាន​ប្រវែង​ប្រមាណ​៦០០​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​៤៩០​លាន​ដុល្លារ​អាមេរិក​។

​គម្រោង​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​០២​គម្រោង​គឺ​គម្រោង​ផ្លូវជាតិ​លេខ​៣​និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែលមាន​ប្រវែង​សុ​រប ១៨៧​គីឡូម៉ែត្រ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៤៨៣​លាន​ដុល្លារ​អាមេរិក ។​ស្ពាន​ធំៗ​ដែល​បាន​សាងសង់​រួច​មាន​ចំនួន​០៧​ស្ពាន​មាន​ប្រវែង​សរុប​៦,៨២៤​ម៉ែត្រ​ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង​ចំនួន​១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូច​ឆ្នា​។​សរុប​គម្រោង​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​និង​ជំនួយឥតសំណង​របស់​មិត្ត​ចិន ដែល​បាន​សាងសង់​រួច កំពុង​សាងសង់ និង​ត្រៀម​សាងសង់ មាន​ទឹកប្រាក់​ប្រមាណ ២,៥៥៣​លាន​ដុល្លារ​អាមេរិក​។​

​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម «​ផ្លូវ​និង​ខ្សែក្រវាត់ »​រវាង​កម្ពុជា ចិន អ្នកនិពន្ធ​ជនជាតិ​ចិន​មួយរូប គឺ​លោក​ឆាង​ជើ​ស៊ី​(ZhangGexi)​បាន​ចែករម្លែក​គំនិត​និង​ទស្សនាទាន​ទាក់ទង​នឹង​ការជួយ​របស់​ចិន​ចំពោះ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ប្រទេស​កម្ពុ​ជាមាន​ព្រំព្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ឡាវ​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម​ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ​ហើយ​ភាគខាងត្បូង​ជាប់​ឆ្នេរ​ឈូង​សមុទ្រ​ថៃ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ដែលជា​ប្រទេសមួយ​ស្ថិតក្នុង​តំបន់​ស្នូល​នៃ​ឧ​ប​ទ្វិ​ប​ឥណ្ឌូចិន​និង មហា​អនុតំបន់​ទន្លេមេគង្គ ដែលមាន​ទីតាំង​ភូមិសាស្ត្រ​យ៉ាង​ល្អប្រសើរ​។​

​ជា​ចំណត​ដ៏​សំខាន់​មួយ​របស់​ផ្លូវ​សូត្រ​សមុទ្រ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​«​យុទ្ធសាស្ត្រ​ចតុកោណ​»​ដែលជា​ការរួម​ផ្សំ​ដ៏​សំខាន់​នៃ​«​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​(MDGs)»«​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គមកិច្ច​៥​ឆ្នាំ​លើក​ទី​(២០០១=២០០៥)»​និង​«​យុទ្ធសាស្ត្រ​ជាតិ​កាត់បន្ថយ​ភាពក្រីក្រ​(២០០៣=២០០៥)»​ដែល​ត្រូវ​បាននិងកំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ព្វ​ថ្ងៃ​ផងដែរ​។​
ខ្លឹមសារ​នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​ផែនការ​និង​វិធានការ​កំណែទម្រង់​ខាងលើ​ត្រូវបាន​ដាក់ចេញ​ដោយ​ឆ្លងកាត់​ការពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​រវាង​ស្ថាប័ន​មូលដ្ឋាន​ក្រសួង​និង​អង្គការ​ជំនួយ​អន្តរជាតិ​នានា​ក្នុង​គោលបំណង​កែសម្រួល​និង​លើកកម្ពស់​អភិបាលកិច្ច​របស់​ស្ថាប័ន​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់​ពង្រឹង​កំរិត​គ្រប់គ្រង​ជំរុញ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​។ដើម្បី​អំណោយផល​ដល់​កំណើនសេដ្ឋកិច្ច​ផ្ដល់ឱកាស​ការងារ​ជូន​ប្រជាជន​ធានា​សមធម៌​សង្គម​និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​វិស័យ​សាធារណៈ​ក៏ដូចជា​ការពារ​ធា​ធាន​ធម្មជាតិ​និង​វប្បធម៌​នៃ​ប្រទេសជាតិ​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​និរន្តរភាព​និង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ចតុកោណ​ទី​២​នៃ​«​យុទ្ធសាស្ត្រ​ចតុកោណ​»​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​។​យុទ្ធសាស្ត្រ​នេះ​ស្របគ្នា​យ៉ាងខ្លាំង​ជាមួយ​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​។​ចតុកោណ​ទី​១​នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​គឺ​ការបន្ត​ស្តារ​និង​កសាង​ប្រព័ន្ធ​គមនាគមន៍​។​នៅក្នុង​វិស័យនេះ​សហគ្រាស​ចិន​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​។​

​ក្នុងចំណោម​ផ្លូវជាតិ​ប្រវែង​៦០០០​គ​.​ម​.​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ផ្លូវជាតិ​ប្រវែង​៣.០០០​គ​.​ម​.​ត្រូវបាន​សាងសង់​ដោយ​សហគ្រាស​ចិន​រីឯ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ដែលជា​ផ្លូវ​ល្បឿន​លឿនទី​មួយ​នៅ​កម្ពុជា​បច្ចុប្បន្ន ត្រូវបាន​បើក​ការដ្ឋាន​ជាស្រេច ហើយ​និង​សាងសង់​ដោយ​ក្រុមហ៊ុន​ChinaRoad & Bridge Corporation ។​

​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​បាន​ត​ភ្ជាប់​គ្រប់​ខេត្ត​ក្នុងប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​តួអង្គ​សេដ្ឋកិច្ច​សមាហរណកម្ម​មួយ​ម្យ៉ាងទៀត​បណ្ដាញ​គមនាគមន៍​កម្ពុជា​ក៏បាន​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​គមនាគមន៍​នៅ​ប្រទេស​វៀតណាម​ថៃ​និង​ឡាវ​ដោយ​ផ្លូវជាតិ​លេខ​១​លេខ​៥​និង​លេខ​៧​បាន​ផ្សារភ្ជាប់​គ្នា​នូវ​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​រវាង​តំបន់​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល​និង​អាស៊ាន​ហើយ​បានធ្វើ​សមាហរណកម្ម​ទីផ្សារ​ក្នុងស្រុក និង​ជា​ធាតុ​ជំរុញ​កម្ពុជា​ចូលរួម​នឹង​អង្គ​សេដ្ឋកិច្ច​អាស៊ាន​និង​ពិភពលោក​។​

​ចតុកោណ​ទី​២​នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​គឺ​ការគ្រប់គ្រង​ធនធានទឹក​និង​ប្រព័ន្ធធារាសាស្ត្រ​។​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​និង​អនុវត្ត​ការគ្រប់គ្រង​ធនធានទឹក​យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធធារាសាស្ត្រ​បច្ចុប្បន្ន​។​បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​សមាគម​ប្រើប្រាស់​ទឹក​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ពី​គ្រោះថ្នាក់​ធម្មជាតិ​មកលើ​ប្រជាជន និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​អាកាសធាតុ​ខ្លាំង​របស់​វិស័យ​កសិកម្ម​។

​បឹង​ទន្លេសាប​នៅ​ប្រទេស​កម្ពុជា​ជា​បឹង​ទឹកសាប​ធំជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​តំបន់​ជំ​ុ​វិញ​បឹង​ទន្លេសាប​ក៏​ជា​តំបន់​ផលិត​ស្រូវ​ដ៏​សំខាន់​បង្អស់​របស់​កម្ពុ​ជា​ផងដែរ​ក៏ប៉ុន្តែ​កាលពីមុន​ដោយសារ​កង្វះខាត​ប្រព័ន្ធធារាសាស្ត្រ​កម្រិត​មូលដ្ឋាន​សម្រាប់​កសិកម្ម​តំបន់​នេះ​ដែល​ស្ថិតក្នុង​តំបន់​ត្រូពិច​ច្រើនតែ​ធ្វើ​ស្រូវ​បាន​ម្ដង​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​ទេ​។​ក្រោម​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​អា​ចាង​ដែល​សហការ​សាងសង់​ដោយ​ភាគី​ចិន​និង​កម្ពុជា​បាន​ពង្រីក​ការធ្វើ​ស្រែ​ពីមួយ​ឆ្នាំ​បានតែ​ម្ដង​ដល់​មួយឆ្នាំ​បាន​ពីរដង​ធ្វើ​ឲ្យ​មាន​កំណើន​ផលិតផល​ស្រូវ​ក្នុង​មួយឆ្នាំ​ជាច្រើន​និង​លើកកម្ពស់​កម្រិតជីវភាព​របស់​កសិករ​ក្នុង​តំបន់​។​

​ចតុកោណ​ទី​៣​នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​គឺ​ការអភិវឌ្ឍ​វិស័យ​ថាមពល​និង​បណ្ដាញ​អគ្គិសនី​។​ផ្នែក​ដ៏​សំខាន់​ជាងគេ​មួយ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បន្ត​អភិវឌ្ឍ​វិស័យ​ថាមពល​ដើម្បី​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការទាមទារ​ឲ្យ​បញ្ចុះតម្លៃ​ភ្លើង​ជា​រៀងរហូត​។​ក្នុង​ផែនការ​សកម្មភាព​រប​ស់រាជ​រដ្ឋាភិបាល​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥=២០២៥​ការបន្ថែម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​និង​ការបញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​អ្នកប្រើប្រាស់​ប្រភេទ​ពាណិជ្ជកម្ម​ត្រូវបាន​ស្ថិតក្នុង​ចំណាត់​អាទិភាព​។​

​ក្រៅពី​សាងសង់​វា​រី​អគ្គិសនី​និង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដ៏​ធំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ខំប្រឹងប្រែង​កសាង​បណ្ដាញ​ចែកចាយ​អគ្គិសនី​មិន​គ្រាន់តែ​បាន​ត​ភ្ជាប់​ទីក្រុង​និង​ជនបទ​ទូទាំងប្រទេស​ថែមទាំង​បាន​ផ្សារភ្ជាប់​គ្នា​ជាមួយ​ប្រទេសជិតខាង​តាមរយៈ​បណ្ដាញ​អគ្គិសនី​ផងដែរ​ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​មាន​ស្ថេរភាព និង​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គម​។​
​ក្នុង​វិស័យនេះ​ការវិនិយោគ​ពី​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​យ៉ាងខ្លាំង​ក្នុងការ​បន្ថែម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។​

​បច្ចុប្បន្ននេះ​វា​រី​អគ្គិសនី​ធំ​ទាំងអស់​នៅ​កម្ពុជា​សុទ្ធតែ​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​គម្រោង​វា​រី​អគ្គិសនី​និង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​បាន​ផលិត​ថាមពល​អគ្គិសនី​ប្រហែល​៨០​ភាគរយ​នៃ​បរិមាណ​ផលិត​អគ្គិសនី​ទូទាំងប្រទេស​កម្ពុជា​និង​ប្រព័ន្ធ​បញ្ជូន​តង់ស្យុង​ខ្ពស់​។​ដែល​សង់​រួច​ដោយ​ក្រុមហ៊ុន​ចិន​មាន​ប្រវែង​៣៥​ភាគរយ​នៃ​ប្រវែង​សរុប​របស់​ប្រព័ន្ធ​បញ្ជូន​តង់ស្យុង​ខ្ពស់​ក្នុងប្រទេស​កម្ពុជា​។​

​ចតុកោណ​ទី​៤​នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​គឺ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​។​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយមាន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​យ៉ាង​ឆាប់រហ័ស​រាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​សម័យ​ទំនើប​។​

​កាលពី​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំនេះ អំឡុងពេល​អញ្ជើញ​វត្តមាន​ក្នុង​វេទិកា​«​ខ្សែក្រវាត់​និង​ផ្លូវ​»​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបប្រជុំគ្នា​នឹង​លោក លី ជីន​កឺ (Li Jin’ge) អនុប្រធាន​ក្រុមហ៊ុន HUAWEI​ប្រទេស​ចិន​។​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​ស៊ីជម្រៅ​អំពី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ហើយក៏​បាន​ចូលរួម​ជា​សក្ខីភាព​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥(5G) រវាង​ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd និង ទូរគមនាគមន៍​កម្ពុ​ជា (Telecom Cambodia)​ផងដែរ​។​

ក្រុមហ៊ុន​HUAWEI​បាន​សន្យា​ខំប្រឹងប្រែង​ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​(ICT)​ដើម្បី​ទ្រទ្រង់​ការអនុវត្ត​ជាក់ស្ដែង​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន HUAWEI ជឿជាក់ថា ឆ្នាំ​២០១៩​នឹង​ជា​ឆ្នាំ​ដំបូង​នៃ​ការអភិវឌ្ឍ 5G​នៅ​កម្ពុជា​ក្រុមហ៊ុន​មានបំណង​នាំ​បច្ចេកវិទ្យា​និង​ផលិតផល​5G​ចុងក្រោយ​បំផុត​មកកាន់​ប្រទេស​កម្ពុជា​ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ជាក់ស្តែង​ជា​សកល​របស់​ក្រុមហ៊ុន​ជាមួយ​ទូរគមនាគមន៍​កម្ពុជា​ដើម្បី​កែលម្អ​កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា​ប​ង្កើ​ត​ប្រព័ន្ធ​ឌីជីថល​កម្ពុជា​និង​គាំទ្រ​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​សម្តេច​ពិតជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ICT​របស់​កម្ពុជា​ហើយ​សម្តេច​គឺជា​នាយករដ្ឋមន្ត្រី​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​(ICT)​។​សម្តេច​តេ​ជោ​បាន​ប្រៀបធៀប​អ៊ិន​ធឺ​ណេ​តទៅ​នឹង​ផ្លូវ​ល្បឿន​លឿន​នៃ​ឌីជីថល​ហើយ​ប្រទេស​កម្ពុជា​ក៏​គួរតែ​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​សមត្ថភាព​ទាក់ទង​នឹង​អ៊ី​ន​ធឺ​ណេ​ត​នេះ​ផងដែរ​។​ប្រទេស​កម្ពុជា​មិនមែន​ស្ថានីយ​ប្រមូល​បច្ចេកវិទ្យា​អន់ថយ​បែរជា​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ថ្មី​បំផុត​លើ​សាល​កលោក​ហើយ​សង្ឃឹមថា ក្រុមហ៊ុន HUAWEI អាចជួយ​កម្ពុជា​ក្នុងការ​បង្កើនល្បឿន​អ៊ី​ន​ធឺ​ណេ​ត​បាន​។​

​ក្រោយ​ជំនួប លោក លី ស្យុ​ង​វៃ (Li Xiongwei) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. និង​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥(5G) នៅ​កម្ពុជា ហើយ​ក៏បាន​ប្ដូរ​សារលិខិត​ទៅវិញទៅមក​គ្នា​។

​ភាគី​ទាំងពីរ​នឹង​រួម​ព្យាយាម​បង្កើត​បរិយាកាស​ប្រព័ន្ធ​អេកូ​ដ៏​ល្អប្រសើរ​សម្រាប់​អភិវឌ្ឍន៍ 5G នៅ​កម្ពុជា និង​ជំរុញ​កម្ពុជា​ក្លាយទៅជា​ប្រទេស​5G​នាំមុខ​ក្នុង​តំបន់​អាស៊ាន​។​កាលពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំនេះ​ផែនការ​សកម្មភាព​ស្ដីពី​ការកសាង​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​កម្ពុជា​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​។​

​លោក​វាំង​វឹ​ន​ធាន​(WangWentian)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានទទួល​បទសម្ភាសន៍​ពី​អ្នកយកព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ថ្លែងថា​ផែនការ​សកម្មភាព​នេះ​បាន​បង្ហាញថា​ទំនាក់ទំនង​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​បាន​ឈានដល់​កម្រិត​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​។​ក៏​នឹង​ក្លាយជា​«​ក្បាលម៉ាស៊ីន​»​ក្នុង​ការជំរុញ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​ជា​«​ជ័រស្អិត​»​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​ប្រទេសជិតខាង​។​ជា​«​ស្រែ​ពិសោធន៍​»​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​ផងដែរ​។​ក្នុងចំណោម​បណ្ដា​ប្រទេស​អាស៊ាន​កម្រិត​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​នៅ​អន់ថយ​នៅឡើយ​និង​មាន​គម្លាត​ធំ​ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​។

​ទោះជា​ស្ថានភាព​ប្រទេស​ចិន​និង​កម្ពុជា​មានការ​ខុសគ្នា​ជាច្រើន​ក៏ដោយ​ក៏ប៉ុន្តែ​តាមរយៈ​ចំណង​អភិវឌ្ឍន៍​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​និង​ពឹង​អាស្រ័យ​លើ​ជំនឿ​ទុកចិត្ត​គ្នា​ផ្នែក​នយោបាយ​ការបំពេញ​សេចក្ដីត្រូវការ​ផ្នែក​សេដ្ឋកិច្ច​និង​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ប្រជាជន​ចិន​និង​កម្ពុជា​អាច​កសាងបាន​នូវ​«​សហគមន៍​រួម​វាសនា​អភិវឌ្ឍន៍​»​។​ដែលជា​សហគមន៍​អំណោយផល​ទៅវិញទៅមក ឈ្នះ​ឈ្នះ និង​ពឹងផ្អែក​គ្នា ហើយ​បង្កើតជា​«​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​កម្ពុជា​»​ដែល​អាចជួយ​ឈឺឆ្អាល​គ្នា​សំដៅ​នាំមក​នូវ​សុភមង្គល​ជូន​ប្រជាជន​ចិន​និង​កម្ពុជា​៕S/