​ចិន​បាញ់​បង្ហោះ​រ៉ុក្កែត​សំរាប់​ពាណិជ្ជកម្ម​(វីដេអូ)

511
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​រដ្ឋ​ចិន​មួយ កាលពី​ថ្ងៃ​សៅរ៍​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ដំបូង​របស់​ខ្លួន សំរាប់​ការប្រើប្រាស់​ពាណិជ្ជកម្ម នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​CCTV នៅពេល​​អង្គភាព​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​កំពុង​ប្រជែង​គ្នា​ចូល​រកស៊ី​ក្នុង​វិស័យ​ផ្កាយរណប​ពាណិជ្ជកម្ម​។​

​រ៉ុក្កែត​Smart Dragon-1 ទម្ងន់​២៣​តោន​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​អង្គភាព​មួយ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​អវកាស​ចិន បាន​បញ្ជូន​ផ្កាយរណប​៣​ដោយ​ជោគ​​ជ័យ​ចូល​ក្នុង​គន្លង​ផែនដី ក្រោយ​ការបាញ់​បង្ហោះ​នៅ​ខេត្ត ហ្កាន​ស៊ូ​។​

​សូមបញ្ជាក់​ថា​ ​កញ្ចុំ​ផ្កាយរណប​ពាណិជ្ជកម្ម​ចិន​កំពុង​ផ្តល់​សេវា​ជា​ច្រើន​ចាប់​ពី​អ៊ីនធឺណិត​ល្បឿន​លឿន​សំរាប់​យន្តហោះ​រហូតដល់​ការតាមដាន​ការដឹកជញ្ជូន​ធ្យូងថ្ម​។​ការបាញ់​បង្ហោះ​តំលៃ​ទាប​និង​គួរអោយ​ជឿ​ទុកចិត្ត​របស់​ចិន ជា​កក្តា​សំខាន់​សំរាប់​ជំនួញ​ផ្កាយរណប​ទាំងនេះ​។​

Smart Dragon-1 ដែល​ថវិកា​អភិវឌ្ឍន៍​និង​សិក្សា​ស្រាវជ្រាវ​របស់​វា​បានមក​ពី​ទុន​សង្គម​ជាជាង​ថវិការដ្ឋ ជា​ការបង្ហាញ​មួយ​នៃ​យុទ្ធនាការ​របស់​ចិន​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​វិស័យ​​រ៉ុក្កែត​របស់ខ្លួន ក្រោយ​ពី​ចិន​អនុញ្ញាត​អោយ​ឯកជន​ចូល​រកស៊ី​ក្នុង​ទីផ្សារ​នេះ​។​

​កាលពី​ខែ​មុន ក្រុមហ៊ុន​iSpace​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​ដែល​បញ្ជូន​ផ្កាយរណប​ចូល​ក្នុង​គន្លង​ផែនដី​តាម​រ៉ុក្កែត​ផ្ទាល់​របស់​ខ្លួន​៕

Smart Dragon-1 ជា​រ៉ុក្កែត​ដំបូង​របស់​ចិន​ដែល​ត្រូវ​បាន​រចនា​ឡើង​សំរាប់​ការប្រើ​ខាង​ពាណិជ្ជកម្ម ។​វា​បាន​ចេញពី​ទម្រ​បាញ់​បង្ហោះ​ក្នុង​ខេត្ត​ហ្កានស៊ូ កាលពី​ថ្ងៃ​១៧​សីហា​

#