​ចិន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជំរុញ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

130
ចែករម្លែក
  • 11
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ ខេត្ត​យុន​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ជំរុញ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទេស​ចរណ៍​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នេះ​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​១១​នៃ​អគារ​វាន់​ដា​មហាវិថី​កម្ពុជា​ក្រោម​រាជធានី​ភ្នំពេញ​។​នៅ​ខេត្ត​យុន​ណាន​ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តំណាង​កម្ពុជា​ផងដែរ​។​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ផ្តួចផ្តើមឡើង​ដោយ​អភិបាលខេត្ត​យុន​ណាន​លោក​QiChengfa​និង​លោក​ប៉ាន​សូរ​សក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ឧកញ៉ា​ឆាវ​អ៊ី​ន​ទ័​រ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ខ្មែរ​គ្រុប​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​សាកល្បង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថាៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​មាន​គោលបំណង​ជំរុញ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទេស​ចរណ៍​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​និង​មានការ​គាំទ្រ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

​លោក​បាន​បន្ថែមថា​៖​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​និង​បង្កើតឡើង​ដើម្បី​សម្របសម្រួល​និង​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន​។​វា​ជា​វេទិកា​មួយ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​វិនិយោគិន​និង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ »​។​

​លោកស្រី​LangXiaonan​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ អ្នក​វិនិយោគិន​ចិន និង​កម្ពុជា អាច​ស្វែងយល់​ពីគ្នា និង​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​។​ជួយ​សម្របសម្រួល​អ្នក​វិនិយោគិន​ចិន​ដែល​ចង់​មករក​ស៊ី​នៅ​កម្ពុជា​និង​អាចជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលមាន​បញ្ហា​កង្វះ​ធនធាន​ហិរញ្ញវត្ថុ​។​

លោកស្រី​បានបញ្ជាក់​ផងដែរ​ថា​នាពេល​ខាងមុខនេះ​មជ្ឈមណ្ឌល​នឹង​បង្កើត​អ៊េ​ប​(App)​មួយ​ដែលមាន​ផ្ទុក​ព័ត៌មាន​អំពី​គម្រោង​វិនិយោគទុន​,​ពាណិជ្ជកម្ម​,​ទេសចរណ៍​,​វប្បធម៌​,​និង​ពត៌មាន​ជាច្រើន​ទៀត​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ចិន និង​កម្ពុជា​៕S/

ចំណងជើង​រូបថត​៖​ខេត្ត​យុន​ណាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ជំរុញ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទេស​ចរណ៍​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​(​រូបៈ​សុផល​)