​ចិន​ប្រកាស​ផ្តល់​អាហារូបករណ៍​២០០​កន្លែង​ដល់​និស្សិត​កម្ពុជា​

1689
ចែករម្លែក
  • 36
    Shares

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: ស្របតាម​គោលនយោបាយ​និង​ទំនាក់ទំនង​ការទូត​កាន់តែ​ល្អប្រសើរ កាលពី​ថ្មីៗ​នេះ វិទ្យាស្ថាន​អប់រំ​ប៉េកាំង​សម្រាប់​ការផ្លាស់ប្តូរ​អន្តរជាតិ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (Beijing Education Institute for International Exchanges) បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​២០០​កន្លែង​ដល់​និស្សិត​កម្ពុជា​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។​

​នៅក្នុង​កម្មវិធី​ប្រជុំ​បទ​បង្ហាញ​អំពី​កម្មវិធី​អាហារូបករណ៍​ចំនួន​២០០​កន្លែង កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក តាន់ សម្បត្តិ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា អាហារូបករណ៍​ចំនួន​២០០​កន្លែង​នេះ គឺ​ផ្តល់ជូន​តាមរយះ​វិទ្យាស្ថាន​អប់រំ​ប៉េកាំង​សម្រាប់​ការផ្លាស់ប្តូរ​អន្តរជាតិ​ប្រទេស​។

​លោក​បាន​បន្តថា សម្រាប់​អាហារូបករណ៍​ទាំងនេះ ចំពោះ​ការទទួល​ពាក្យ​មាន​ចែកចេញជា​ពីរ​វគ្គ ដោយ​វគ្គ​ទី​១ នឹង​ប្រព្រឹត្ត​ទៅនា​ខែកញ្ញា ឆ្នាំ​២០១៨ និង​វគ្គ​ទី​២ នៅ​ខែមករា ឆ្នាំ​២០១៩ ហើយ​ការផ្តល់​ការសិក្សា​ដល់​និស្សិត​ដែលជា​ប់​ឈ្មោះ​ទៅ​សិក្សា​បន្ត​មាន​រយៈពេល​០៣​ឆ្នាំ លើ​គ្រប់​មុខជំនាញ​។​

​នៅក្រោយ​បទ​បង្ហាញ​ខាងលើនេះ ក្រុម​សិ​ស្សិ​មក​វិទ្យាល័យ​ហ៊ុន សែន ១០០​ខ្នង បានបង្ហាញ​ទស្សនៈ​ថា នេះ​ជា​ឱកាសល្អ​បំផុត​ដែល​កម្រ​មាន​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ក្នុងការ​ចាប់យក​ឱកាស​សិក្សា​បន្ត​នៅក្រៅ​ប្រទេស ពិសេស​អាហារូបករណ៍​ដែលមាន​ច្រើន​មុខវិជ្ជា និង​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​នេះ​។

សូមបញ្ជាក់ថា ក្នុង​កម្មវិធី​បទ​បង្ហាញ​អាហារូបករណ៍​ខាងលើនេះ មាន​សាលា​សរុប​ចំនួន​១៦ ផ្សេងៗ​គ្នា​បានធ្វើ​បទ​បង្ហាញ ជូន​ដល់​នាយក នាយិកា សិស្ស​នៃ​និស្សិត​នៃ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត​ក្រោម​ឱវាទ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​៕S/

​ចិន​ប្រកាស​ផ្តល់​អាហារូបករណ៍​២០០​កន្លែង​ដល់​និស្សិត​កម្ពុជា​