​ចុះទៅ​ងូតទឹក​កន្លែង​ជ្រៅ​នៅ​ឆ្នេរ​អូរ​ឈើទាល​បណ្ដាល​ឲ្យ​លង់​ស្លាប់​

1071
ចែករម្លែក

(​ព្រះសីហនុ​)៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ចុះ​ងូតទឹក​ហែល​លេង​ទៅ​កន្លែង​ទឹក​ជ្រៅ​ឆ្នេរ​អូរ​ឈើទាល​ជាទី​កន្លែង​ដែល​គេ​ហាមឃាត់ បណ្តាល​ឲ្យ​លង់ទឹក ហើយ​លើកដៃ​ហៅ​ឲ្យ​គេ​ជួយ​បន្ទាប់មក​ជនរងគ្រោះ ក៏​លិច​បាត់ទៅ​ក្នុង​ទឹក​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ ចំណុច​អាហារ​ដ្ឋា​ន​ឆ្នេរ​ធម្មជាតិ​អូរ​ឈើទាល ស្ថិតក្នុង​ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​កាលពី​ម៉ោង​ប្រហែល​៦​ល្ងាច​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧​។

មន្ត្រីនគរបាល​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ករណី​លង់ទឹក​នេះ បាន​កើតមានឡើង​នៅ​ដោយ​ជនរងគ្រោះ ឈ្មោះ ឈិន ជិន​ហ៊រ អាយុ​៣៦​ឆ្នាំ​។​​ក្រោយ​កើតហេតុ​ភ្លាម ជនរងគ្រោះ​ត្រូវបាន​គេ​នាំគ្នា​ចុះទៅ​ជួយ​រាវ និង​ស្រង់​យកមក​សង្គ្រោះ​បឋម​នៅលើ​គោក​ក្បែរ​មាត់​ឆ្នេរសមុទ្រ ។​ប៉ុន្ដែ​ដោយសារ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​នោះ​សមត្ថកិច្ច​បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ទៅហើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការណែនាំ​ដល់​ភ្ញៀវទេសចរ​ទាំងអស់​មិន​ត្រូវ​ទៅលេង​នៅ​តំបន់​ដែលមាន​ជ្រៅ​នោះ​(​កន្លែង​ហាម​)​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​ប៉ុន្ដែ​ជនរងគ្រោះ​រូបនេះ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​ទើប​មាន​ហេតុការណ៍​បែបនេះ​តែម្ដង​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ រក្សា​ក្នុង​សាល​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ រង់ចាំ​បងប្អូន​មក​ទទួល​យកទៅ​ស្រុកកំណើត​វិញ​៕S/ដោយ៖ហូសាន់

​ចុះទៅ​ងូតទឹក​កន្លែង​ជ្រៅ​នៅ​ឆ្នេរ​អូរ​ឈើទាល​បណ្ដាល​ឲ្យ​លង់​ស្លាប់​(រូប៖វ៉េបសាយ)