​ចុះ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក​នៅតាម​បណ្តារ​ស្រុក​

439
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​កាលពី​ថ្ងៃ​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ចុះ​ប្រតិបត្តិការ​តាម​បណ្តារ​ស្រុក​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រី​ក​។​ការចុះ​ផ្សព្វផ្សាយ​នេះ បំណង​គឺ​ឱ្យ​បងប្អូន​អាជីវករ​លក់​ចំណី​សត្វ​ឱសថ​ម្ចាស់​សត្តឃាត​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អាជីវករ​ពិឃាតសត្វ ដឹកជញ្ជូន​សត្វ​ចំនួន​២៦​នាក់​យល់ច្បាស់ និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក​។​

​លោក​ព្រំ​វិច​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​បានឱ្យដឹងថា​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​បើកប្រជុំ​នៅ​ស្រុក​មួយចំនួន​ដូចជា​ស្រុក​ជីក្រែង​និង​ស្រុក​សូទ្រនិគម​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការណ៍​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​ក្នុងនោះ​ក៍មាន​ការចូលរួម​ពី​អាជីវ​ករលក់​ចំណី​សត្វ ឱសថ ម្ចាស់​សត្តឃាត ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អាជីវករ​ពិឃាតសត្វ​ដឹកជញ្ជូន​សត្វ​ចំនួន​២៦​នាក់​និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​៣៦០​នាក់​ដើម្បី​យល់ដឹង​។​លោក​បន្តថា​មន្ត្រី​ជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​កន្លែង​ប្រ​មូ​ផ្តុំ​ជ្រូក​និង​ទីផ្សារ​ជ្រូក​ឱ្យធ្វើ​អនាម័យ​ឱ្យបាន​ជាប្រចាំ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​សាច់ជ្រូក ជាពិសេស​ភ្ញៀវទេសចរ​ដែល​បានមក​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅក្នុង​ខេត្ត ។​

​លោក​ព្រំ​វិច​បានបញ្ជាក់​ទៀតថា​មន្ត្រី​បាន​នឹង​កំពុងតែ​បង្កើន​ការត្រួតពិនិត្យ​លើ​សុខភាព​សត្វ​ជ្រូក​ដែល​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​។​ដូចជា​ការពិនិត្យ​សត្វ​ជ្រូក​ដឹក​តាម​រថយន្ត​តាម​ម៉ូតូ​តាម​កសិដ្ឋាន​និង​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដោយមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាមុន​ផងដែរ​ពិសេស​បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​នៅ​គ្រប់​មូលដ្ឋាន​ធ្វើការ​ត្រួតពិនិត្យ​និង​តាម​ជាប់​ជានិច្ច​អំពី​បញ្ហា​សុខភាព​សត្វ​ជ្រូក​ជាពិសេស​គឺ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។​

​លោក​ព្រំ​វិច​បាន​អះអាង​ទៀតថា​រាល់​សត្វ​ជ្រូក​ទាំងអស់​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប​គឺ​ត្រូវតែមាន​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដែលមាន​បោះត្រា​នៅលើ​សាច់ជ្រូក​តែម្តង​។​ក្រៅពីនេះ​មន្ត្រី​ជំនាញ​ក៏បាន​ហៅ​អ្នកដើរ​លក់​សាច់ជ្រូក​ច​ល័ត​មក​អប់រំ​ណែនាំ​ឲ្យ​យកតែ​សាច់ជ្រូក​ដែលមាន​សុវត្ថិភាព​ទៅ​លក់​ដោយ​មិន​អនុញ្ញាត​ឲ្យ​វាយ​សម្លាប់​ជ្រូក​ខ្លួនឯង​យក​សាច់​ទៅ​លក់​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះទេ​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា សត្វ​ជ្រូក​ដែល​យកមក​ផ្គត់ផ្គង់​នៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ននេះ មាន​ប្រមាណ​ជា​២០០​ទៅ​២៥០​ក្បាល​ក្នុង​១​ថ្ងៃ​។​ឯ​សត្វ​ជ្រូក​ទាំងនោះ​គឺជា​ជ្រូក​ក្នុងស្រុក​និង​មានការ​នាំចូល​ពី​ប្រទេស​ថៃ​តិចតួច​និង​គ្មាន​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះទេ​។​

​បច្ចុប្បន្ននេះ​សម្រាប់​សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​យកទៅដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​គឺ​គ្មាន​មេ​រោ​ឆ្លង​ទេ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព​។​ពីព្រោះ​សត្វ​ជ្រូក​ទាំងអស់​ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន​មុន​និង​ពិឃាត​យក​សាច់ជ្រូក​ទាំង​អស់​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​៕S/​