​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​ឈានដល់​ការ​រឹបអូស​ឈើ​គ្មាន​ច្បាប់​ជាង​២០​ម៉ែត្រគូប​

215
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩​បាន​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​គ្មាន​ច្បាប់​និង​បង្ក​ការប៉ះពាល់​បរិស្ថាន​មួយកន្លែង​។​លុះ​ពេល​ពិនិត្យ​ក៏​ឈានដល់​រឹប​អូ​ឈើ​ល្មើសច្បាប់​ជាង​២០​ម៉ែត្រគូប​ថែមទៀត​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ម្ចាស់​ទីតាំង​ឈ្មោះ​លៀម​មុំ​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ប្រភព​បន្តថា​ក្នុងពេល​ចុះ​ពិនិត្យ​ការចិញ្ចឹម​ជ្រូក​ដំបូង​រកឃើញថា​ទីតាំង​នោះ​មិនមាន​ច្បាប់​អនុញាត​ទេ​។​ទីតាំង​គ្មាន​អនាម័យ​បង្ក​ក្លិនស្អុយ​និង​មាន​ដុត​កង់ឡាន​បង្ក​ការប៉ះពាល់​បរិស្ថាន​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​ច្បាប់​អាជីវកម្ម​និង​សំអាត​អនាម័យ ជៀង​វាង​បង្ក​ក្លិនស្អុយ​ដល់​ពលរដ្ឋ​ក្បែរ​ខាង​។​

ប្រភព​បញ្ជាក់ទៀតថា​ជាមួយ​ការចុះពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​ខាងលើនេះ​ក៍​ប្រទះឃើញ​ការ​ស្តុក​ទុក​ឈើ​ដោយ​គ្មាន​ច្បាប់​ថែមទៀត​។ ក្នុងនោះ​សមត្ថកិច្ច​រកឃើញ​និង​រឹបអូស​ឈើ​ប្រភេទ​លេខ​១ សុ​ក្រម ចំនួន​៣២២​ដុំ​ស្មើ​១៩.៦៧០​ម៉ែត្រគូប​។​ឈើប្រណិត​(​ធ្នង់​)​ចំនួន​១២០​ដុំ​ស្មើ​១.២០០​ម៉ែត្រគូប​។​សរុប​ឈើ​ទាំងអស់​២០.៨៧០​ម៉ែត្រគូប​។​ក្រោយ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាសវែង​និង​ផ្ទៀងផ្ទាត់​វិ​ក័យ​ត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួច​ម​រកឃើញ​ថា មាន​ឈើ​លើស​ចំនួន​៦.២៣០​ម៉ែត្រគូប​។​

ចំពោះ​ចំនួន​ឈើ​ដែល​លើស​ជា​វត្ថុតាង​នៃ​បទល្មើស​ដែល​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវបានធ្វើ​កំណត់ហេតុ​ដកហូត​នឹង​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ស្តីពី ព្រៃឈើ​៕S/​