​ចុះ​ពិនិត្យ​និង​ជួលជុល​ផ្លូវ​ពីរ​ខ្សែ​ជាង​១០០​គីឡូម៉ែត្រ​ក្រោយ​រង​ការ​កាត់ផ្តាច់​ដោយ​ទឹកភ្លៀង​

429
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ចុះ​ពិនិត្យ​និង​ជួលជុល​ផ្លូវ​ពីរ​ខ្សែ​ដែលមាន​ប្រវែង​ជាង​១០០​គីឡូម៉ែត្រ​ក្រោយ​រង​ការ​កាត់ផ្តាច់​ដោយសារ​ទឹកភ្លៀង​ជា​អន្លើៗ​នាពេល​កន្លងទៅ​។

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ផ្លូវជាតិ​ក្រាល​កៅស៊ូ​និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​២​ខ្សែ​សរុប​ប្រវែង​ជាង​១០០​គីឡូម៉ែត្រ​។​១​ខ្សែ​ស្ថិតនៅ​ក្នុងស្រុក​ឆែប​និង​១​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ទី​រួម​ខេត្តព្រះវិហារ​ដល់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​បាន​គ្រប់គ្រង​និង​ជួសជុល​ឡើងវិញ​ក្រោយ​កាត់ផ្តាច់​ដោយ​ទឹកភ្លៀង​ជា​អន្លើៗ​នាពេល​កន្លងទៅ​។

​លោក​បន្តថា​ផ្លូវ​ទាំង​២​ខ្សែ​នេះ​បាន​រង​ការ​ប្រេះ​ដាច់​ជា​អន្លើៗ​ដោយសារ​ទឹកភ្លៀង​ហូរ​កាត់​នៅក្នុង​រដូវវស្សា​នេះ​។​ខណៈ​នេះ​ត្រូវបាន​ថែទាំ​និង​ជួសជុល​ឡើងវិញ​បាន​រួចរាល់​នោះ​ហើយ​សម្រាប់​ពលរដ្ឋ​ដឹកទំនិញ​និង​កសិផល​នានា​ទៅកាន់​ទីផ្សារ​ក៏ដូចជា​សម្រួល​ដល់​ការចុះ​បំពេញការងារ​របស់​ម​ន្ត្រី​រាជការ​សាធារណៈ ។

លោក​ប្រធាន​បាន​បន្តថា​ផ្លូវ​ទាំងពីរ​ប្រភេទ​គឺ​១.​ផ្លូវជាតិ​លេខ​៩៤​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង​៦១​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ទីរួមស្រុក​ឆែប​រហូតដល់​ឃុំ​កំពង់​ស្រឡៅ​១​ជាប់​មាត់ទន្លេ​ព្រំប្រទល់​ផ្លូវទឹក​ប្រទេស​ឡាវ​។​ទី​២.​ផ្លូវជាតិ​លេខ​៩​ត​ភ្ជាប់​ពី​ទី​រួម​ខេត្តព្រះវិហារ​រហូតដល់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​មាន​ប្រវែង​៦១​គីឡូម៉ែត្រ​ផ្លូវ​ទាំង​២​ខ្សែ មាន​ប្រវែង ១២២​គីឡូម៉ែត្រ​។

​លោក​បាន​ឱ្យដឹងទៀតថា​ផ្លូវជាតិ​លេខ​៩៤​កំពុងដំណើរការ​កៀរ​សម្រួល​ជិត​រួចរាល់​ហើយ​។​រីឯ​ផ្លូវជាតិ​លេខ ៩ ត្រូវបាន​បញ្ចប់​ការជួសជុល ១០០​ភាគ​នៅ​ល្ងាច​ថ្ងៃទី​២០​ខែកក្កដា​នេះ​។ ដោយឡែក ស្ពានថ្ម​២​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៩៥​ត​ភ្ជាប់​ពី​ទីរួមស្រុក​ឆែប​ទៅកាន់​ស្រុក​ជ័យ​សែន​មន្ត្រី​ជំនាញ​ស្ពាន​ផ្លូវ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពុងតែ​ដំណើរការ​ស្ថាបនា​នោះ​ហើយ​។​

នៅមាន​ស្ពាន ១​ខ្សែ​ទៀត​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ​កំពុង​រង​នូវ​ការ​ចាស់​ទ្រុឌទ្រោម​ខ្លាំង​លោក​ក៏បាន​ស្នើ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សុំ​ជួយ​ពិន​ត្យ​តាម​លទ្ធភាព​ក្នុងការ​សាងសង់​ស្ពាន​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ផុតពី​ក្តីបារម្ភ​។

​លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ដោយ​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខាងលើ​នាពេល​កន្លងទៅ​ដែល​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​គឺ​ក្រុមការងារ​របស់​មន្ទីរ​បាន​ជួសជុល​មាន​ភាពយឺតយ៉ាវ​។​ប៉ុន្តែ​បច្ចុប្បន្ននេះ​ផ្លូវ​ទាំងអស់នោះ​ត្រូវបាន​ថែទាំ និង​ជួសជុល​រួចរាល់​ហើយ​។

​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​នៅតែ​បន្ត​យកចិត្តទុកដាក់ ជួសជុល និង​ថែទាំ​ផ្លូវ​ទាំងអស់នេះ ដូចជា​លុប​ស្នាម​ប្រេះ ស្នាម​ស្រុត សម្អាត​រុក្ខជាតិ​តាម​ដងផ្លូវ ។​កៀរ​សម្រួល​ផ្លូវ​ក្រួស​ក្រហម​ជាដើម​។​ល​។​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​បន្ទាប់ពី​ផ្លូវជាតិ​លេខ​៩៤​និង​ផ្លូវជាតិ​លេខ​៩​បានបញ្ចប់​នូវ​ការថែទាំង​និង​ជួសជុល​រួចរាល់​ហើយ​នោះ​៕S/​