​ចុះ​ពិនិត្យ​ផ្លូវ​កំពុង​ចាក់​បេតុង​១​ខ្សែ​និង​ជួសជុល​ក្រាល​ថ្ម​មិច​៣​ខ្សែ​នៅ​ក្រុង​សិរីសោភ័ណ

301
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​មើលផ្លូវ​កំពុង​ចាក់​បេតុង​១​ខ្សែ​និង​ជួសជុល​ក្រាល​ថ្ម​មិច​៣​ខ្សែ​តាម​ការស្នើសុំ​និង​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន សង្កាត់​២​ក្នុង​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​ឆ្នាំ​២០១៩​ថា​លោក​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ផ្លូវ​១​ខ្សែ​ចាក់​បេតុង​នៅ​ផ្លូវ​ចូល​ភូមិ​ចក​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោ​ភ័​ប្រវែង​១.១០០​ម៉ែត្រ​។​ចាក់​បេតុង​រួច​៥០០​ម៉ែត្រ​និង​កំពុង​ចាក់​បន្ថែម​ប្រវែង​៦០០​ម៉ែត្រ​ទៀត​។

​លោក​បាន​បន្តថា​លោក​បន្តទៅ​ពិនិត្យ​ផ្លូវ​ចូលក្នុង​ភូមិ​តា​ម៉ា​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៦​ប្រវែង​២.០០០​ម៉ែត្រ​ដែល​ត្រូវ​ធ្វើការ​ក្រាល​ថ្ម​មិច​។​ផ្លូវ​ក្នុងភូមិ​ឈូក​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ​ដែរ​ត្រូវធ្វើ​ការពង្រីក​បន្ថែម​ពី​ទទឹង​៣​ម៉ែត្រ​ទៅ​៥​ម៉ែត្រ​និង​ក្រាល​ថ្ម​មិច​ប្រវែង​៤០០​ម៉ែត្រ​ពីលើ​ទៀត​។​

ផ្លូវ​ដែល​បាន​ស្ថាបនា​ហើយនឹង​ត្រូវធ្វើ​ការជួស​ជុល​បន្ត​នេះ​ជា​អំណោយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​អ្នកតំណាងរាស្ត្រ​និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​លោកស្រី ម៉ៅ មាល័យ ៕S/

​រូបថត​:​ចុះ​ពិនិត្យ​មើលផ្លូវ​កំពុង​ចាក់​បេតុង​១​ខ្សែ​,​ជួសជុល​ក្រាល​ថ្ម​មិច​៣​ខ្សែ​នៅ​២​សង្កាត់​នៃ​ក្រុង​សិរីសោភ័ណ (​រូប​: ប​.​ជ័យ​)​