​ចុះ​ហាមឃាត់​ឈ្មួញ​ជា​លើក​ទី​៣​ដែល​នៅ​បន្ត​ដាក់​ខ្សាច់​លក់​ដោយ​អត់​ច្បាប់​នៅ​កំពង់ចំលង​អ្នក​លឿង​

147

(​ព្រៃវែង​)៖ ​សកម្មភាព​បូម​ខ្សាច់​ពីសា​ឡង់​ដាក់លក់​នៅ​ចំណុច​អតីត​កំពង់ចំលង​អ្នក​លឿង​ត្រើយ​កើត ស្ថិតនៅ​ភូមិ​៤​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។គឺ​នៅតែ​បន្ត​បើទោះបីជា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ហាមឃាត់​និង​ធ្វើ​កិច្ចសន្យា​ជាច្រើន​លើកលែង​ឲ្យ​ឈ្មួញ​រូបនោះ​យក​ទីតាំង​សាធារណៈ​មួយ​នេះ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​ទោះបីជា​យ៉ាងណា​នៅ​រសៀល​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​ស្រុក​ពាមរ​ក៍បាន​ចុះ​ហាមឃាត់​ជា​លើក​ទី​បី​ដោយ​អូស​យកសា​ឡង់​ទៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពាម​រក៍​និង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់​លើ​លោក អ៊ូ រតនា ដែល​នៅ​បន្តសកម្មភាព​ដដែលៗ​។​

ជាមួយគ្នា​នោះ លោក សេង ពន្លក អធិការ​ស្រុក​ពាម​រក៍​ដែល​ដឹកនាំ​កំលាំង​ចុះ​ផ្ទាល់​បាន​ឲ្យ​ដឹងថា លោក ចុះមក​នេះ​គឺ​តាម​បញ្ជា​ពី​លោក ស្រេង ជា ស្នងការ​ខេត្តព្រៃវែង និង​លោក ស្រី ស្រេង ទៀង អភិបាលស្រុក ដោយបាន​កំណត់​ឲ្យ​អូស​សា​ឡង់​ទៅ​អធិការ និង​ឃាត់​គ្រឿងចក្រ​ទុក​។​​ព្រោះថា លោក អ៊ូ រតនា ម្ចាស់​អាជីវកម្ម​ម្នាក់នេះ​នៅតែ​បំពាន​ច្បាប់​ដដែល​ដូច​មិន​ខ្លាចញញើត​អ្វី​បន្តិច​សោះ​ទាំង​ដែលមាន​កិច្ចសន្យា​ជាច្រើនលើក​។​

ម្យ៉ាងវិញទៀត​ចំណុច​ក្បាល​សាឡាង​នេះ​ជា​កន្លែង​សាធារណៈ​របស់​រដ្ឋ​ដែល​គេ​សម្រាប់ធ្វើ​សួនច្បារ​កម្សាន្ត មិនគួរណា​ឈ្មោះ អ៊ូ​រតនា​នេះ​មក​បំពាន​បែបនេះ​សោះ​។​ដោយឡែក លោក អ៊ូ​រតនា បាន​លើកឡើងថា​ខ្ញុំ​គ្រាន់តែ​ដាក់​ខ្សាច់​នៅទីនេះ​ជា​បណ្ដោះអាសន្ន​ទេ បើ​រដ្ឋ​ត្រូវការ​អភិវឌ្ឍន៍​ពេលណា យក​ពេល​នុង​ទៅ តែ​លោក​ឃើញ​ដី​ទំនេរ​ទើប​លោក​បន្ត​បូម​ខ្សាច់​ពីសា​ឡង់​ដាក់លក់​ជា​បន្តបន្ទាប់ ព្រោះ​តម្រូវការ​អតិថិជន​និង​ជីវភាព​គ្រួសារ​។​

​គួ​រម្លឹកថា កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មន្ត្រី​រ៉ែ​ដឹកនាំ​ដោយ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាន​ចុះ​ហាមឃាត់​និង​បានធ្វើ​កិច្ចសន្យា​លែង​ឲ្យ លោក អ៊ូ រតនា ដាក់​ខ្សាច់​លក់​នៅ​ចំណុច​កំពង់ចំលង​អ្នក​លឿង​ម្ដង​រួចហើយ​។

លុះ​សកម្មភាព​នៅតែ​បន្ត​ទើប​ថ្ងៃទី​២៩​វិច្ឆិកា​ឆ្នាំ​២០១៧​លោក ជា កក្ត​ដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ពាម​រក៍ ចុះទៅ​ហាមឃាត់​ម្ដងទៀត លែង​ឲ្យ​ឈ្មួញ​ដាក់លក់​ខ្សាច់ នៅ​ចំណុច​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ ( ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។​

​ជាមួយគ្នា​នោះ​លោក វ៉ា ធី​ម អភិបាលរង​ស្រុក​ពាមរ​ក៌ បាន​ប្រាប់​អ្នកព័ត៌មាន​ថា ទីតាំង​ចំណុច​អតីត​កំពង់ចម្លង​អ្នក​លឿងចាស់​នេះ គឺជា​កម្មសិទ្ធិ​របស់រ​ដ្ឋ ហើយ​ត្រូវបាន​លោក អ៊ូ រតនា ហៅ ប្រុស ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​យក​ធ្វើជា​កន្លែង​លក់​ខ្សាច់ ដោយ​ពុំមាន​សុំ​ការអនុញ្ញាតិ ឬ​ច្បាប់​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឡើយ​។​ប៉ុន្តែ​ត្រូវបាន​លោក អ៊ូ​រតនា សុំ​ពន្យា​ពេល​ដើម្បី​កាយ​ខ្សាច់​ឲ្យ​អស់ពី​ចំណុច​នោះ​។​

​មិន​ដូច្នេះ​អី​ស្រាប់តែ​លួច​បន្ត​បូម​ខ្សាច់​ពីសា​ឡង់​មក​ទុក​លក់​ដដែល​ទើប រសៀល​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​សមត្ថកិច្ច​បាន​ចុះមក​ហាមឃាត់​ម្ដងទៀត​ដោយមាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​អូស​យក​ទូក​សា​ឡង់​ទៅ​ទុក​នៅមុខ​អធិការដ្ឋាន​និង​ឃាត់​គ្រឿងចក្រ​ទាំងអស់​៕S/​ដោយ​៖​ចាន់ ថន​

ចុះ​ហាមឃាត់​ឈ្មួញ​ជា​លើក​ទី​៣​ដែល​នៅ​បន្ត​ដាក់​ខ្សាច់​លក់​ដោយ​អត់​ច្បាប់​នៅ​កំពង់ចំលង​អ្នក​លឿង​