​ចូលឆ្នាំ​ចិន ថ្ងៃទី​១: ស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់​

.​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃ​សែន និង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ មាន​អ្នកស្លាប់ ២៣​នាក់ និង​របួស ៥៦ នាក់​

442
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន នៃ​ថ្ងៃទី​១ គឺ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣០​លើក បណ្តាល​ឲ្យ​ស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់​។ បើ​ធៀប​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ កាលពី​ឆ្នាំមុន គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ ឆ្នាំនេះ បាន​កើនឡើង​នូវ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​ចរាចរណ៍​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា មូលហេតុ​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំនេះ​បានកើត​ឡើង ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ជាដើម​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ១៩​នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ១៤​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ១៤​នាក់​។​

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣០ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៣២​នាក់​។​

​របាយការណ៍​របស់​ប៉ូលិស ក៏បាន​បង្ហាញថា រយៈពេល ២​ថ្ងៃ ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន និង​ថ្ងៃ​ចូលឆ្នាំ​ចិន​ថ្ងៃទី​១ ពោលគឺ​នៅ​ថ្ងៃទី​៤-៥ ខែកុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៤៣ លើក បណ្តាល​ឲ្យ​ស្លាប់ ២៣​នាក់ និង​របួស ៥៦​នាក់​។ ពោលគឺ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣ លើក បណ្តាល​ឲ្យ​ស្លាប់​បួន​នាក់ និង​របួស ១៤​នាក់​។​

​ដោយឡែក មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃ​សែន និង​ថ្ងៃ​ចូលឆ្នាំ​ចិន នៅ​ថ្ងៃទី​៤-៥ ខែកុម្ភៈ ឆ្នាំនេះ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ១៥​លើក ,​ស្រវឹង​ប្រាំ​លើក ប្រជែង​បី​លើក មិន​គោរព​សិទ្ធិ​ប្រាំមួយ​លើក មិន​ប្រកាន់​ស្តាំ ប្រាំបួន​លើក បត់​គ្រោះថ្នាក់​បី​លើក ងងុយដេក​មួយ​លើក និង​កត្តា​យាន​មួយ​លើក​។​
​ចំណែក​រាជធានី​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ គឺ​នៅ​ខេត្តកំពង់ស្ពឺ​បី​លើក ក្រចេះ​បី​លើក កំពង់ចាម បី​លើក រាជធានី​ភ្នំពេញ​ប្រាំបួន​លើក តាកែវ​ពីរលើក និង​ខេត្តព្រះវិហារ ពីរលើក​។​

​សូម​រម្លឹកថា ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន រយៈពេល ៤ ថ្ងៃ នៃ​ពិធី​សែន និង​ថ្ងៃ​ចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​១៥-១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៦៦ លើក បណ្តាល​ឲ្យ​ស្លាប់ ៤៤​នាក់ និង​របួស ៩១​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៤៤​នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ៣២ នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ២៣ នាក់​៕