​ចូលរួម​ចលនា​បដិវត្តន៍​ដោយសារ​ការបង្ខំ​

381

​បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ១៩៧០​ដោយ​សេនាប្រមុខ លន់ នល់ ចលនា​តស៊ូ​បដិវត្តន៍​របស់​ខ្មែរក្រហម បាន​កើនឡើង និង​រឹងមាំ​ជា​លំដាប់​។ នៅតាម​តំបន់​ដាច់ស្រយាល​ស្ទើរ​ទូទាំងប្រទេស ត្រូវបាន​ខ្មែរក្រហម​គ្រប់គ្រង​។ ខ្មែរក្រហម​បានធ្វើ​ការឃោសនា​ប្រឆាំងនឹង​របប លន់ នល់ ដើម្បី​ដណ្តើម​អំណាច​ថ្វាយ​សម្តេច​សីហនុ​វិញ​។ ខ្មែរក្រហម​បាន​កេណ្ឌ​ប្រជាជន​ឲ្យ​ចូលរួម​ក្នុង​ចលនា​តស៊ូ​របស់ខ្លួន​តា​ម​ការស្ម័គ្រចិត្ត ហើយ​ប្រជាជន​ខ្លះទៀត​ក៏ត្រូវ​បាន​ខ្មែរក្រហម​បង្ខំ​តាមរយៈ​ការ​គំរាម​សម្លាប់ ឬ​ធ្វើបាប​សមាជិកគ្រួសារ ប្រសិនបើ​មិន​ព្រម​ចូលរួម​តស៊ូ​។

​ជាក់ស្តែង នៅ​អំឡុង​ឆ្នាំ​១៩៧៣ ភូមិ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​ត្រូវបាន ខ្មែរក្រហម​គ្រប់គ្រង​។ ជានា​រី​វ័យ​ជំទង់​ម្នាក់​ក្នុងអំឡុង​ពេលនោះ កុយ រិ​ទ្ធ ត្រូវបាន ខ្មែរក្រហម​បង្ខំ​ឲ្យ​ចូលរួម​តស៊ូ​បដិវត្តន៍​ដោយ​គំរាមកំហែង​ដល់​អាយុជីវិត និង​គ្រួសារ​។ រិ​ទ្ធ ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទៅធ្វើជា​ឈ្លប និង​ជា​នីរសារ​ឃុំ​ពោធិ៍​។ ពេលនោះ​ដោយសារ​ការងារ​លំបាក រិ​ទ្ធ បាន​លួច​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​អង្គភាព​មក​ចាប់​ទៅវិញ​។ រិ​ទ្ធ បាន​រម្លឹក​រឿងរ៉ាវ​ដែល​គាត់​បាន​តស៊ូ និង​ឆ្លងកាត់​របប​ខ្មែរក្រហម​ប្រាប់​ខ្ញុំ​ថា ៖

អំពី​គ្រួសារ និង​ការរៀនសូត្រ​
​កុយ រិ​ទ្ធ ជា​កូន​កសិករ ដែលមាន​ឪពុក​ឈ្មោះ ចាប សាញ់ និង​ម្តាយ​ឈ្មោះ យិន មិ​ក រស់នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ រិ​ទ្ធ មាន​បងប្អូន​៣​នាក់ (​ប្រុស ពីរ​នាក់​)​។ ដោយសារតែ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត រិ​ទ្ធ បាន​រៀន​ត្រឹម​ថ្នាក់​ទី​១១ (​សង្គម ចាស់​) នៅ​សាលាបឋមសិក្សា​ឃុំ​ពោធិ៍​។ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្តេច សីហនុ ឆ្នាំ ១៩៧០ រិ​ទ្ធ បាន​ឈប់រៀន ហើយ​ត្រឡប់​មកជួយ​ធ្វើស្រែ​ឪពុកម្តាយ​វិញ​។​

សកម្មភាព​មុន​ឆ្នាំ​១៩៧៥
​នៅ​ឆ្នាំ​១៩៧៣ ភូមិ​ស្រុក​ដែល រិ​ទ្ធ រស់នៅ​ត្រូវបាន​ខ្មែរក្រហម​គ្រប់គ្រង​។ រិ​ទ្ធ ត្រូវ បាន​ខ្មែរក្រហម កេណ្ឌ​ឲ្យ​ចូល​ចលនា​តស៊ូ​បដិវត្តន៍ ព្រមទាំង​បាន​ចាត់​ឲ្យ​ធ្វើជា​ឈ្លប​នារី និង នីរសារ​ឃុំ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យាយ រ៉ែ​ន គណៈ​ឃុំ​ពោធិ៍​។ រិ​ទ្ធ បានធ្វើ​កិច្ច ការ​នេះ​បាន​មួយរយៈ ក្រោយមក​ដោយ​នឹក​ដល់​គ្រួសារ និង​ការងារ​លំបាក គាត់​ក៏បាន​លួច​រត់​មក​ផ្ទះ ប៉ុន្តែ​មិនយូរប៉ុន្មាន​អង្គភាព​ក៏​មក​ចាប់គាត់​យកទៅ​វិញ​។ ស្ថិតក្នុង​វ័យ​១៧​ឆ្នាំ រិ​ទ្ធ ត្រូវបាន​ខ្មែរក្រហម​ផ្លាស់​ពី​ការងារ​ឈ្លប និង​នីរសារ ឲ្យ​ទៅធ្វើជា​យោធា​នៅ​តំបន់​៣១ ម្តុំ ក្រាំង​ស្រម៉ ដែលមាន​យាយ ម៉ែន ជា​គណៈ​តំបន់ (​ក្រោយមក យាយ ម៉ែន ត្រូវបាន​ចាប់ ខ្លួន​ដោយសារ​ខុសសីលធម៌​)​។ ចូល​ជា​យោធា រិ​ទ្ធ បាន​រៀន​បាញ់កាំភ្លើង និង​ដោះមីន​។

នៅ​ឆ្នាំ​១៩៧៤ រិ​ទ្ធ ត្រូវបាន​ផ្លាស់​ទៅធ្វើជា​យុទ្ធ​នារី​នៅ​កងពល​ទី​១ ភូមិភាគ​និរតី​។ សង្គ្រាម រវាង​កម្លាំង​តស៊ូ​ខ្មែរក្រហម និង លន់ នល់ កាន់តែខ្លាំង​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កងពល​របស់ រិ​ទ្ធ បាន​វាយ​ចូល​ក្រុងភ្នំពេញ តាម​ទំនប់​កប់​ស្រូវ ដែល​សម័យ​នោះ គេ​ហៅថា សមរភូមិ​៩៩០​។ នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បានទទួល​ជ័យ ជម្នះ​ទាំងស្រុង​លើ​រដ្ឋាភិបាល លន់ នល់ និង​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងមូល​។​

ក្រោយ​ជ័យជម្នះ​១៧ មេសា ១៩៧៥
​បន្ទាប់ពី​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ទាំងស្រុង យោធា​ទាំងអស់​បាន​ចូលមកក្នុង​ទី ក្រុងភ្នំពេញ​ជា​បន្តបន្ទាប់​។​ក្នុងនោះ កង​របស់ រិ​ទ្ធ ក៏បាន​ចូលមក​ភ្នំពេញ​ដែរ​។ ខ្មែរក្រហម ក៏​ចាប់ផ្តើម​ប្រកាស និង​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​។ កំពុងតែ​ធ្វើដំណើរ​តាម ផ្លូវ​ក្នុង​ក្រុងភ្នំពេញ គាត់​ក៏បាន​ឃើញ​បុរស​ម្នាក់​កំពុង​រុញ​រទេះដឹក​កូន​ដែលមាន​ព្យួរសេរ៉ូម​ផង រិ​ទ្ធ ចាំ​ច្បាស់​ណាស់​ថា បុរស​ម្នាក់​នោះ ជា​បងប្អូន​ជីដូនមួយ​របស់គាត់​ដែល​ធាក់​រឺ​ម៉ក នៅ​ភ្នំពេញ​។ គាត់​មិនបាន​និយាយ​អ្វី​ច្រើន​ជាមួយនឹង​បងជីដូនមួយ​គាត់​ទេ ដោយហេតុថា មេកង​របស់គាត់ បាន​ប្រាប់​គាត់​ឲ្យ​ឆាប់​ស្រូត​ដំណើរ​ទៅមុខ និង​មិនត្រូវ​ទំនាក់ទំនង​ជាមួយ អ្នក​ជម្លៀស​ដើម្បី​កុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​នឹង​របប​ចាស់​។ រិ​ទ្ធ អាណិត​បងជីដូនមួយ​យ៉ាងខ្លាំង ហើយ​គាត​ក៏​មិនដឹងថា បងជីដូនមួយ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ឬ​ទៅខាង​ណា​ទេ ព្រោះ គាត់​មិនបាន​ទទួលដំណឹង​ពី​បងជីដូនមួយ​របស់គាត់​ទេ​រហូតមកដល់​សព្វថ្ងៃ​។​

​តាម​ការចងចាំ​ស្រពិចស្រពិល រិ​ទ្ធ បានធ្វើ​ដំណើរ​កាត់​ផ្សារ ហើយ​បានឃើញ​មាស ប្រាក់​ដែល​តាំង​លក់​នៅក្នុង​ទូ ចាំង​នឹង​ពន្លឺភ្លើង​អំពូល​ភ្លឺ​ផ្លេក​ក្រហមច្រាល ប៉ុន្តែ​មិនមាន នរណាម្នាក់​ហ៊ាន​ទៅយក​ទេ​។ កង​របស់គាត់​មិនបាន​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទេ គឺ​ត្រូវ ទៅ​ឈរជើង​នៅ​អូរ​បែកក្អម និង​កំបូល​។ អំឡុងពេល​ឈរជើង​នៅ​ទីនោះ កង​របស់ រិ​ទ្ធ មាន​នាទី​ការពារ រៀបចំ​បោសសម្អាត និង​ប្រមូល​របស់របរ​តាម​ផ្ទះ ឬ​ទីកន្លែង​ផ្សេងៗ​។ ប្រាំ​មួយខែ​ក្រោយមក កង​របស់ រិ​ទ្ធ ត្រូវបាន​អង្គការ​ផ្លាស់​ឲ្យ​ទៅ​បន្ទាយលង្វែក​វិញ ដោយ យកទៅ​ជាមួយ​នូវ​សម្ភារ​មួយចំនួន​ដែល​ប្រមូលបាន​ពី​ភ្នំពេញ​។​

ផ្លាស់​ទៅ​ខេត្តសៀមរាប និង​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​
​មកដល់​បន្ទាយលង្វែក កង​របស់ រិ​ទ្ធ ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ធ្វើស្រែ​។ កង​របស់គាត់​នៅ​ធ្វើស្រែ​រហូតដល់​ឆ្នាំ​១៩៧៧ តា​ម៉ុក ក៏បាន​ផ្លាស់​កង របស់គាត់​ឲ្យ​ទៅ​នៅ​ខាង​ខេត្តសៀមរាប ដែល​ពេលនោះ​មាន​សមាជិក​ប្រហែល​១០០ ទៅ ២០០​នាក់​។ ទៅដល់​សៀមរាប អង្គការ​បាន​ចាត់តាំង រិ​ទ្ធ ឲ្យ​កាន់​ខាង​បើក​សាំង​។ គាត់​មិន ដឹងថា​ឡាន​ជា​របស់​អ្នកណាខ្លះ​ទេ គាត់​គ្រាន់តែ​ចាក់​តាម​ការសរសេរ​លើ​ក្រដាស​ថា​ប៉ុន្មាន​លីត្រៗ​ប៉ុណ្ណោះ​។ បើតាម​គាត់​ស្មាន គាត់​ចាក់​សាំង​ឲ្យ​ឡាន​មេៗ ឬ​គណៈ​ភូមិភាគ​។ រិ​ទ្ធ បាន​ឲ្យ​ដឹងថា នៅ​អង្គភាព​សាំង​មាន​សមាជិក​ប្រហែល​៧​ទៅ​៨​នាក់ ដែល​ភាគច្រើន​ជា​ស្រី​ដែលមាន​វ័យ​ពី​១៥ ទៅ​២១​ឆ្នាំ​។ ចំណែក​កន្លែង​បើក​សាំង​មាន​បី​ទីតាំង​គឺ នៅ​ភ្នំ​ក្រោម ស្ពាន​អង្គរ និង​អាស្រម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។ រិ​ទ្ធ ធ្វើការ​ខាង​ផ្នែក​បើក​សាំង​នេះ​រហូតដល់​ថ្ងៃ​ដួលរលំ​នៃ​របប​ខ្មែរក្រហម ។ គាត់​បាន​ឲ្យ​ដឹងថា ពេលដែល​វៀតណាម​វាយ​ចូល​ខេត្តសៀមរាប គាត់​បាន​ភៀសខ្លួន​ទៅតាម​កម្លាំង​ខ្មែរក្រហម​ដទៃទៀត ដោយ​មិន ហ៊ានរ​ត់ទៅ​ស្រុកកំណើត​ទេ ព្រោះ​ខ្មែរក្រហម​ឃោសនា​ថា ប្រសិនបើ​វៀតណាម​ចាប់បាន នោះ​នឹង​សម្លាប់ចោល​ជាក់​ជាពុំខាន​។​

​រិ​ទ្ធ និង​អ្នក​ឯទៀត បាន​រត់​ភៀសខ្លួន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​សំដៅទៅ​ព្រំដែន​ថៃ​។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​អ្នក​ទាំងនោះ ព្រោះ​មិនមាន​ស្បៀង គ្រប់គ្រាន់​។ ម្នាក់ៗ​ប្រឹងរ​ត់រៀងៗ​ខ្លួន អ្នកខ្លះ​ត្រូវ​ទុក​ប្រពន្ធ​ប្តី ឬ​កូន​ដែល​ឈឺ​ធ្ងន់​ចោល ព្រោះតែ​មិនមាន​លទ្ធភាព​នាំទៅ​ជាមួយ​បាន​។​

​ការតស៊ូ​ចុងក្រោយ​
​ក្រុម​របស់ រិ​ទ្ធ បានធ្វើ​ដំណើរ​កាត់​កន្លែង​ជាច្រើន​ទម្រាំ​ដល់​ឡែ​ម ជាប់​ព្រំប្រទល់ ថៃ​។ នៅ​ទីនោះ មាន​អង្គការ​មនុស្សធម៌​បាន​ជួយ​ទំនុកបម្រុង ដោយ​ផ្តល់ ការពិនិត្យ​ជំងឺ ថ្នាំសង្កូវ សម្ភារ និង​ស្បៀងអាហារ​។ មួយរយៈ​ក្រោយមក អង្គភាព បាន​ផ្លាស់ រិ​ទ្ធ និង​នារី​ផ្សេងទៀត ឲ្យ​ទៅ​ម៉ាឡៃ​ដើម្បី​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់​ទៅ​សមរភូមិ មុខ​។ នៅ​ឆ្នាំ​១៩៨០ កង​នារី​ដឹកជញ្ជូន​របស់ រិ​ទ្ធ ត្រូវបាន​ថ្នាក់លើ​បញ្ជូន​បន្តទៅ​តំបន់​១០០១ ដែលជា​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សុន សេន​។

​ក្រៅពី​ការងារ​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់​ទៅ សមរភូមិ​មុខ​ហើយ រិ​ទ្ធ មាន​ភារកិច្ច​បិត​ចម្រូង​ឬ​ស្សី​។ ដោយសារ​ពេលនោះ​ប្រុសៗ​ត្រូវ​ទៅ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ ហេតុដូច្នេះ នារីៗ​ត្រូវ​ទៅ​កាប់​ឬ​ស្សី​ដោយ​ខ្លួនឯង និង​បិត​ឲ្យ​បាន​៣០០​ចម្រូង​ក្នុង​មួយថ្ងៃ​។ ចំពោះ​ការងារ​ជា​នារី​ដឹកជញ្ជូន រិ​ទ្ធ បាន​រម្លឹក​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​បើ​យើង​មិន​ប្រយ័ត្ន នឹង​ជាន់មីន​ស្លាប់​មិន​ខាន​។​

​ជីវិត​ថ្មី​ក្រោយ​សន្តិភាព​
​រិ​ទ្ធ បាន​រៀបការ​នៅ​ឆ្នាំ​១៩៨២ ជាមួយ​ប្តី​ឈ្មោះ សេក សាំង ដែលជា​យុទ្ធជន​នៅ កងពល​៨០១​។ ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៨ រិ​ទ្ធ និង ប្តី បានមក​រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រិ​ទ្ធ និង​គ្រួសារ​ចាប់ ផ្តើម​ជីវិត​ថ្មី ដោយ​ប្រកបរ​បរជាកសិករ​។​

​រិ​ទ្ធ នៅតែ​សោកស្តាយ ព្រោះ​គាត់​គិតថា ពេលដែល​ខ្មែរក្រហម​កាន់អំណាច ប្រទេសជាតិ​នឹង​ចប់​សង្គ្រាម ហើយ​គាត់​អាច​ត្រឡប់​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​វិញ​។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ជាការ​រំពឹងគិតរ​បស់​គាត់​ទេ គាត់​ត្រូវ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង មួយ​តាំងពី​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង រហូត​ចុង​ក្រោយមក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទោះបីជា​យ៉ាងណា រិ​ទ្ធ រីករាយ​នឹង​ការរស់នៅ​បច្ចុប្បន្ន ព្រោះ​គាត់​រស់នៅ​ដោយមាន​សិទ្ធិសេរីភាព ប្រកប​របរ​ដែល​ចង់​ធ្វើ និង​បានរស់នៅ​ជួបជុំ​គ្រួសារ មិន​បែកបាក់​គ្នា​ដូច​របប​ខ្មែរក្រហម​។ ចំណែក កូនប្រុស​ស្រី​ទាំងបី​របស់គាត់ មានគ្រួសារ និង​ជីវភាព​រស់នៅ​សមរម្យ​គ្រប់ៗ​គ្នា​៕L ដោយៈ ទាវ សារៈ​មុនិន្ទ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​