​ចេញពី​ក្លិប​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​រង​ការខូចខាត​យ៉ាងដំណំ​

803
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ ទើប​ចេញពី​ក្លិប​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក៏ រេ​ចង្កូត​ឡើងទៅ​លើ​ចិញ្ចើមផ្លូវ បុក​បង្គោល​ភ្លើង និង​បង្គោល​ស្លាក​ចរាចរណ៍ បាក់​អស់​ជាច្រើន​ដើម និង​បាក់​សង្កត់​លើ​ថយ​ន្ត Lexus មួយគ្រឿង​ទៀត​បណ្តាលឱ្យ រង​ការខូចខាត​ផ្នែក​ខាងក្រោយ យ៉ាងដំណំ ។​ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ស្ទើ​ទាំងស្រុង និង​បើក​ទៅមុខ​លែងរួច ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ក្បែរ​រង្វង់​មូល​វិមានឯករាជ្យ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​។​​សាក្សី​បានដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក Range Rover ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-8558 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ស្រវឹងស្រា​ជោគជាំ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។​

ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ បុក​បង្គោល​ភ្លើង និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ណ៍ បណ្ដាល​បាក់​អស់​ជាច្រើន​ដើម​។​បង្គោល​ភ្លើង​នោះ​ក៏​បាក់​រលំ​ត្រូវ​រថយន្ត Lexus មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO-9429 ដែល​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងក្រោយ យ៉ាងដំណំ ។​ចំណែក​រថយន្ត​បង្ក កល់​ជាប់​បើក​ទៅមុខ​លែងរួច និង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង ។

​ក្រោយមក​ម្ចាស់​រថយន្ត​បាន​បើកទ្វា​ចុះមក​រួច​ដើរមក ទាំង​ក្នុងស្ថានភាព​ស្រវឹង​ស្រាទ​ន់​ខ្លួន រួច​រៀបរាប់​ប្រាប់​ឱ្យដឹងថា គាត់​ជា​ម្ចាស់​រថយន្ត​បង្ក​ខាងលើនេះ មានឈ្មោះ ខេង អាយុ ២៩​ឆ្នាំមាន​ទីលំនៅ​ផ្លូវ​ហ្សា​ល​ដេ​ហ្គោល ម្ដុំ​ផ្សារ​ឌុយ​ម៉េច ខណ្ឌ​៧​មករា ដោយ​ទើបតែ​ចេញពី​ជួបជុំ​មិត្តភក្តិ​នៅ​ក្លិប SOUND បំណង​បើក​ទៅផ្ទះ​។ តែ​មកដល់​កន្លែងកើតហេតុ ក៏​ជួប​គ្រោះថ្នាក់​បែបនេះ​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ រួច​ឃាត់​បុរស​ឈ្មោះ ខេង ដែលជា​អ្នកបើករថយន្ត​បង្ក​ខាងលើ​នោះ និង​នាំយកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​កំណត់ហេតុ រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ មក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​បង្គោល​ភ្លើង​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​បាក់​និង​ខូចខាត​នោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​សង​ការខូចខាត​ទៅតាម​ផ្លូវច្បាប់​៕S/

​ចេញពី​ក្លិប​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​រង​ការខូចខាត​យ៉ាងដំណំ​