​ចេញពី​ផឹកស៊ី​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ស្លាប់​ពីរ​នាក់​

809
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​បង្កឡើង​ដោយ​បុរស​ពីរ​នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ឌុប​គ្នា​ជ្រុល​ទៅបុក​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ទាំងអស់​។​មុនពេល​កើតហេតុ​អ្នក​ទាំងពីរ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុង​ហាង​មួយកន្លែង​នៅ​ក្រុង​ស្ទឹងត្រែង​។​លុះ​ពេលយប់​ជ្រៅ​បន្តិច​ផឹក​ស្រវឹង​ផង​ក៏​នាំគ្នា​បើ​ម៉ូតូ​ទៅផ្ទះ​។

​តែ​មិនទាន់​ដល់ផ្ទះ​ផង​ក៏​ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញ​មួយ​ទំហឹង​ស្លាប់​ទាំងពីរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ជិត​អូរ​ពងមាន់ ភូមិ​រាជា​នុ​កូ​ល​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​។​

​ប៉ូលិស​បាន​និយាយថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​។ អ្នកបើក​ម៉ូតូឌុប​គ្នា ក្នុងទិសដៅ​ចេញពី ខេត្ត​ជើង​ទៅ​ត្បូង​បុក​ជាមួយ​រថយន្ត​ច្រាស់ទិស​គ្នា​បណ្តាល​ឱ្យស្លាប់​មួយ​រំពេច​ជិត​ដល់​រង្វង់​មូល​អូរ​ពងមាន់​មិន​ដល់​មួយ​គីឡូ​មែត្រ​។​ភ្លាមៗ​នោះ​ភាគី​រថយន្ត​បាន​រត់​បាត់​។​

​ប៉ូលិស​បានបញ្ជាក់​ថាជ​ន​រងគ្រោះ​ឈ្មោះ​ពឿ​ន សារ៉ាន់​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ឃុំ​ទួល​សុ​ភី​ស្រុក​អូររាំងឪ​ខេត្ត​ត្បូងឃ្មុំ​។​រីឯ​ម្នាក់ទៀត​ឈ្មោះ ជួន សុក្រ​បូរ៉ា​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​។​សព​ក៏​ត្រូវបាន​ប្រគល់ជូន ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​៕S/​