​ចេញ​វិធានការ​ការពារ​-​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវ​:​ចម្រុះ​

254
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងបរិស្ថាន បានដាក់​ចេញ​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវ​:​ចម្រុះ ចំនួន​៨​ចំណុច​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ។​មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យដឹងថា យោងតាម​សារាចរ​ណែនាំ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដែល​តាម​ការ​ព្យាករ ក៏ដូចជា​ស្ថានភាព​ជាក់ស្តែង​បង្ហាញថា​ក្នុង​ឆ្នាំ​២០១៩​នេះ​។

​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែល​នី​ណូ​(ElNino)​ដោយបាន​បង្កឱ្យមាន​ក​ត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា​ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ​។​របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ពិសេស​ទឹកជំនន់​មានតែ​មួយ​លើក​ហើយ​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក​។​

​ក្រសួង​បាន​បន្តថា​តាម​ការកត់សម្គាល់​រប​ស់​ក្រសួងបរិស្ថាន​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នានា​របស់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​ជាពិសេស​ក្នុង​រដូវប្រាំង​។ កត្តា​ចម្បង​ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង មាន​ជាអាទិ៍​៖ ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពនេចរ ការតាំង​ទីលំនៅ​ថ្មីៗ និង​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ និង​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​

​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្រសួងបរិស្ថាន​សូម​ធ្វើ​សេចក្តីណែនាំ​ដល់​អង្គភាព​ជំនាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មន្ទីរ​បរិស្ថាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួមទាំង​ប្រជា​សហគមន៍​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យ​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖១​អប់រំ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​ចម្អិន​អាហារ​ការដុត​ស្មៅ​និង​ព្រៃ​ស្ទាក់ចាប់​សត្វ និង​ការប្រមូល​ផល អនុផល​ព្រៃឈើ​។​ល​។

២​ទប់ស្កាត់​ការកាប់​ឆ្ការ​ទន្ទ្រាន​ឈូសឆាយ​ដុត​ព្រៃឈើ​និង​ព្រៃ​លិច​ទឹក​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​ដែលជា​សកម្មភាព​ល្មើសច្បាប់​និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ​ព្រៃ​លិច​ទឹក​និង​រាលដាល​ដល់ផ្ទះ​សម្បែងរ​បស់​ប្រជាពលរដ្ឋ​តំបន់​រដ្ឋបាល​សាធារណៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​នៅក្នុង​និង​ជុំវិញ​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​៣​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​កម្ទេចកំទី​ផ្សេងៗ​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។ ៤- រៀបចំ​ធ្វើ​ផ្លូវ​ភ្លើង ដើម្បី​ការពារ​ការឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។

៥- មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ​ដោយ​ត្រូវ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាក​ចេញពី​ទីតាំង​ប្រើប្រាស់​ភ្លើង​នោះ​។​៦​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឱ្យ​បានល្អ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​និង​ប្រើប្រាស់​ក្នុងករណី​មាន​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​។

៧​ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន​ដោយ​ស្នើឱ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុងការ​ប្រើប្រាស់​កម្លាំងចម្រុះ​រួមមាន ប្រជាពលរដ្ឋ​សហគមន៍​ព្រះសង្ឃ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ។​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ​រួមគ្នា​ទប់ស្កាត់​និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​៨​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ​និង​ព្រៃ​លិច​ទឹក​ដែល​ឆេះ​រួច​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​លូតលាស់​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្តារឡើងវិញ​។​

​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា អនុលោម​តាម​មាត្រា​៦២ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​បាន​ចែងថា ការបង្ក​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ប្រាំ​(៥)​ដល់​ដប់​(១០)​ឆ្នាំ​និង​ផាកពិន័យ​ជា​ប្រាក់​ពី​ដប់​ប្រាំ​លាន​រៀល​ដល់​មួយរយ​ហាសិប​លាន​រៀល​។​
​ក្រសួងបរិស្ថាន​មាន​ជំនឿ​និង​ទំនុកចិត្ត​ចំពោះ​គ្រប់​អង្គភាព​ជំនាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កងកម្លាំងប្រដាប់អាវុធ​ប្រជា​សហគមន៍​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ទាំងអស់​បាន​យល់ច្បាស់​ពី​ករណីយកិច្ច​ក្នុង​ការការពារ​ទប់ស្កាត់​និង​បង្ការ​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕S/