​ចែក​ប័ណ្ណ​សម្គាល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧១២​គ្រួសារ​ក្នុងស្រុក​ជាំ​ក្សាន្ត​

172
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​៧១២​គ្រួសារ​ស្មើ​និង​៩១៩​ក្បាលដី​ឬ​ទំហំ​៤១០,៤៩​ហិកតា​។​ពលរដ្ឋ​មកពី​ភូមិ​ចំនួន​៣​ក្នុង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សំ​សារឿន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តព្រះវិហារ​និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​

​លោក ប្រាក់ សុវណ្ណ បាន​ថ្លែងថា​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ត្រូវ​ចែកជូន​នៅថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​អនុ​វិ​ស​យ័​រដ្ឋបាល​ដីធ្លី លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ​។ លោក​បាន​រំលឹកថា​ក្នុង​យុទ្ធនាការ​អនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​កន្លងទៅ​គឺជា​ជំហាន​មួយ​ថ្មី​នៃ​កំណែទម្រង់​ដីធ្លី​ដ៏​ស៊ីជម្រៅ​។​ដើម្បី​ដោះស្រាយ​ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី​ឲ្យ​មាន​សុវត្ថិ​ភាពរឹងមាំ​ធ្វើ​ឲ្យ​កសិករ​មាន​ដី​កសិកម្ម​ដើម្បី​ធ្វើ​អាជីវកម្ម​លើកកម្ពស់​ជីវភាព​រស់​នៅ​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​ទម្រាំ​ទទួលបាន​បណ្ណ​កម្ម​សិទ្ធ​នេះ​ក្រុមការងារ​បានរៀបចំ​កិច្ចដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​អនុ​វិ​ស​យ័​រដ្ឋបាល​ដីធ្លី​របស់​រាជរដ្ឋាភិបាល​នៅ​ស្រុក​-​ក្រុង​គោលដៅ​របស់​ខេត្ត​ទៅតាម​ជំហាន​ការងារ​នីមួយៗ​។​ចាប់តាំងពី​ប្រកាស​តំបន់​វិនិច្ឆ័យ​កំណត់​ព្រំប្រទល់​ភូមិ​ការវាស់វែង​ក្បាលដី​និ​មួយៗ​គូស​ក្បាលដី​និង​បំពេញ​ទម្រង់​បែបបទ​ប្រមូល​ទិន្នន័យ​ម្ចាស់​ក្បាលដី​បញ្ចូល​ទិន្នន័យ​ម្ចាស់​ក្បាលដី​។​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ទិន្នន័យ​ម្ចាស់​ក្បាលដី​ទាំងអស់​ក្នុង​តំបន់​វិនិច្ឆ័យ​ក្នុង​រយៈពេល​១៥​ថ្ងៃ​សម្រាប់​ទុកពេល​ឲ្យ​ម្ចាស់​ដី​និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​សុំ​កែតម្រូវ​ទិន្នន័យ​រហូត​បានបញ្ចប់​រយៈពេល​បិទ​ផ្សាយ​ជា​សាធារណៈ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​បងប្អូន​កុំ​រវីរវល់​និង​បក្ខពួក​ក្បត់ជាតិ​ឱ្យសោះ​ត្រូវយក​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ​ដើម្បី​អកអំបុក​ជុំគ្នា​និង​សប្បាយរីករាយ​បុណ្យអុំទូក​ប្រពៃណីជាតិ​វិញ​។​ដើម្បី​ចូលរួម​ការពារជាតិ​សាសនា​ព្រះមហា​ក្ស​ត្ស​ប្រសើរ​ជាង​។​ដោយឡែក​លោក​សំ​សារឿន​បាន​ញ្ជា​ក់​អំពី​សារៈសំខាន់​និង​ផលប្រយោជន៍​នៃ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ជ្រួតជ្រាប​និង​ត្រូវ​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ទុក​សម្រាប់​យើង​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ​៕S/​