ចោរលួចរថយន្តទំនើបពីខេត្តកំពង់ស្ពឺមកជាប់អន្ទាក់ប៉ូលិសខេត្តព្រះវិហារ​

496
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ចោរលួច​រថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក​LexusRX300​សេ​រ៉ី​ឆ្នាំ​២០១៩​ពីស្រុកឧត្តុងខេត្តកំពង់ស្ពឺ​​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ​ស្ទាក់ចាប់​មុខសញ្ញា​ចោរលួច​នេះ​បាន​នៅ​ចំការចេក​ក្នុងភូមិ​សាស្ត្រ​អូរ​ផ្តាច់​ស្នេហ៍​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

លោក​វរ​:​សេនីយ៍​ទោ​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា​ករណី​ចោរលួច​រថយន្ត​នេះ​ក្រោម​អនុសាសន៍​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​។​ជាមួយនេះ​ក៏​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និង​មានការ​ឯកភាព​ពី​លោក​ទី​សុវិនថាល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​។​

​លោក​អធិការនគរបាល​ស្រុក​បាន​បន្តថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​បាត់​រថយន្ត​ពីខេត្តកំពង់ស្ពឺរួចមក​ផែន​សន្តិសុខ​បាន​ប្រាប់​តាម​បណ្តា​អធិការដ្ឋាន​ភា្ល​មៗ​។​ក្នុងនោះដែរ​ក៏​ទទួល​ព័ត៌មាន​ថា​មាន​រថយន្ត​ដាក់​ចោល​គួរ​សង្ស័យ​ដែល​ចុះ​ពី​ផ្លូវជាតិ​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​។​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរ​:​សេនីយ៍​ទោ​រិ​ទ្ធ​សូ​ណា​ជាមួយ​កម្លាំង​ចំនួន​១០​នាក់​រួមទាំង​កម្លាំង​ប៉ុស្តិ៍​ព្រះ​ឃ្លាំង​ផង​។​

សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឃើញថា​រថយន្ត​នោះបាន​ជាប់​ពាក់​ព​ន្ធ័​និង​បទល្មើស​កម្លាំង​ក៏បាន​ដកហូត​វត្ថុតាង​រួមមាន​:​រថយន្ត​ម៉ាក​LexusRX300​សេ​រ៉ី​២០១៩​ស្លាក​លេខ​ភ្នំពេញ​2BG4959​មួយគ្រឿង​។​ម៉ូតូ​កែច្នៃ​មួយគ្រឿង​និង​វត្ថុតាង​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​រួមទាំង​មុខសញ្ញា​ចំនួន​២​នាក់​។​

ជនសង្ស័យ​ទី​១,​ឈ្មោះ​ផន​សុភ​ក្រ័​អាយុ​២៩​មុខរបរ​មិន​ពិតប្រាកដ​។​ទី​២,​ឈ្មោះ​តា​យ​សុ​ផៃ​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាក​ទាំងពីរ​នាក់​ស្នាក់នៅ​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​។​វត្ថុតាង​ទាំងអស់​បាន​បញ្ជូនមក​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​ស្រាវជ្រាវ​បន្ត​៕S/