​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​ប្លន់​ផ្ទះ​ប្ដូរប្រាក់​នៅ​កណ្ដាល​ក្រុង​តែ​មិនបាន​សម្រេច​

481

(​បាត់ដំបង​)៖​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧​ដោយមាន​ចោរ​ថ្លើមធំ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ចូល​ប្លន់​ផ្ទះ​ប្ដូរប្រាក់​មួយកន្លែង​នៅ​ភូមិ​២០​ឧសភា​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​តែ​មិន​​បានសម្រេច​ដោយ​ម្ចាស់​បាន​ប្រតាយប្រតប់​គ្នា​និង​ស្រែក​ឆោឡោ​ឳ្យ​គេ​ជួយ​ទាន់ពេលវេលា​។​

​លោក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឳ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ចៅ កុង​ហ្វា​ន់ អាយុ​ជាង​៤០​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​គង់ សុ​ផា​អាយុ​ជាង​៤០​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​ខាងលើ​។​មុនពេល​កើតហេតុ​មាន ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ដូរ​លុយ​ខាងលើ រួច​បាន​ប្រ​​តា​យ​ប្រតប់​ជាមួយ​កូន​ម្ចាស់ផ្ទះ​ហើយ​បាន​ស្រែក​ឳ្យ​គេ​ជួយ​ផ្អើល​ដល់​ពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​អន្ដរាគមន៍​ភ្លាមៗ ធ្វើ​ឳ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​យកលុយ​ឬ​សម្ភារៈ​អ្វី​មិនបាន​ក៏​រត់​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី​ស្នងការរង​នគរបាល​ខេត្ត​ព្រមទាំង​​កម្លាំង​អធិការ​ក្រុង​និង​កម្លាំង​ប៉េអឹម​ក្រុង ខេត្ត​មួយចំនួន​បាន​ទៅដល់​កន្លែងកើតហេតុ​បានត្រឹមតែ​ធ្វើ​កំណត់ហេតុ​។​​ករណី​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​៕S/​ដោយៈ​គ្រញូង

​រូប​ថ​តៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ លោក​ស្នងការរង​ខេត្ត​នៅ​កន្លែងកើតហេតុ​